២៦​​រូប​ សម្រាំង​ចេញ​ពី​និស្សិត​​ ១២០០​នាក់ នឹង​បន្ត​ការ​សិក្សា​នៅ​ជប៉ុន ដើម្បី​អភិវឌ្ឍ​ប្រទេស​

  • 2017-03-26 09:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​កម្ពុជា​ ២៦​រូប ដែល​ជាប់​​អាហារូបករណ៍​​ក្រសួង​អប់​រំ ជប៉ុន MEXT ឬ Monbukagakusho Scholarship ឆ្នាំ​​សិក្សា​២០១៧​ បាន​ទទួល​​ការ​អញ្ជើញ​ស្វាគមន៍​​កក់​ក្ដៅ​ ពី​មន្ត្រី​នៅ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មុន​ពេល​​ចាក​ចេញ​ដំណើរ​ទៅ​​បន្ត​ការ​សិក្សា​​នៅ​ ប្រទេស​ជប៉ុន​ នា​ដើម​ខែ​មេសា​ខាង​មុខ​។

​ឯកឧត្តម​ ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​​​​ជប៉ុន​​​ប្រចាំ​នៅ​កម្ពុជា បាន​អបអរ​​សាទរ​​​​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ និស្សិត​ជាប់​អាហារូបករណ៍​ទាំង​២៦​រូប ព្រោះ​មុន​នឹង​ជាប់​ជយលាភី បេក្ខជន​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​​ការ​ប្រកួត​ប្រជែង​ដ៏​​លំបាក ដែល​មាន​បេក្ខជន ​ ១២០០​នាក់ បាន​ដាក់​ពាក្យ​ប្រលង​ប្រជែង​​នៅ​កម្ពុជា និង​បេក្ខជន​​នៃ​ បណ្ដា​​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ។ ឮ

ឯកអគ្គរាជទូត​​​​ជប៉ុន​​​ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​លើក​ទឹក​ចិត្ត ឲ្យ​​និស្សិត​ជាប់​ជយលាភី​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ ដើម្បី​ក្លាយ​ជា​សសរ​ទ្រូង​ អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ជា​ស្ពាន​រឹង​មាំ​ នៃ​មិត្ត​ភាព​ រវាង​កម្ពុជា និង​ជប៉ុន។

នា​ក្នុង​កម្មវិធី​អបអរ​សាទរ​នោះ ឯកឧត្ដម​ ពិត​ ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់​រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​ជប៉ុន​បាន​ដើរ​តួ​នាទី​សំខាន់​ ក្នុង​ការ​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នានា ​ពិសេស​កម្ពុជា ដូច​​ជា​ជំនួយ​​​លើ​ ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ជា​ដើម​។ ដូច​នេះ​​លោក​ អំពាវនាវ​ឲ្យ​និស្សិត​​ជាប់​អាហារូបករណ៍​ទាំង​អស់​ ខិត​ខំ​​ប្រឹង​ប្រែង​រៀន​សូត្រ និង​ត្រឡប់​មក​វិញ​ដោយ​ភាព​​ជោគ​ជ័យ​។

ឯកឧត្ដម​ ពិត​ ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់​រំ យុវជន និង​កីឡា

យុវជន​ អ៊ុក សុខខេន ជា​និស្សិត​​​​ម្នាក់​ក្នុង​ចំណោម​ ជយលាភី​អាហារូបករណ៍​ជប៉ុន​ទាំង​​២៦​នាក់​​ នឹង​ទៅ​​សិក្សា​​​ផ្នែក​ស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ​ Hitotsubashi នៅ​ក្នុង​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

យុវជន​ អ៊ុក សុខខេន

​និស្សិត​ បញ្ចប់​ការ​សិក្សា​មក​ពី​វិទ្យាស្ថាន​ភាសា​បរទេស​ ដេប៉ាតឺម៉ង់​​ភាសា​ជប៉ុន ឆ្នាំ​២០១៥ រូប​នេះ​ បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ខិត​ខំ​ក្រេប​យក​ចំណេះ​វិជ្ជា​ដោយ​ចិត្ត​ទុក​ដាក់​​ពី​ប្រទេស​ជប៉ុន​ ដើម្បី​មក​​ជួយ​អភិវឌ្ឍ​​ជាតិ​មាតុ​ភូមិ​របស់​ខ្លួន។

ជា​សារ​ដល់​យុវជន​ជំនាន់​ក្រោយ​ ដែល​មាន​ចិត្ត​ចង់​​ប្រលង​អាហារូបករណ៍​ជប៉ុន យុវជន​សម្បុរ​ស្រអែម​រូប​នេះ​ បាន​​លើក​ឡើង​ថា ការ​ប្រលង​រៀប​ចំ​ដោយ​ក្រសួង​អប់រំ និង​ស្ថានទូត​ជប៉ុន​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ​ ​ព្រោះ​មាន​​ទាំង​វិញ្ញាសា​សរសេរ​ជា​ភាសា​អង់គ្លេស​ និង​ភាសា​ជប៉ុន។ ប៉ុន្តែ​ក៏​​មិន​ពិបាក​នោះ​ដែរ ប្រសិន​បើ​ យុវជន​ដាក់​ចិត្ត​រៀន​សូត្រ​​ឲ្យ​បាន​ច្រើន ព្រម​ទាំង​​សិក្សា​ស្វែង​យល់​​ពី​ប្រទេស​ដែល​ខ្លួន​​ចង់​ទៅ តួ​យ៉ាង​ប្រទេស​ជប៉ុន​នោះ​តែ​ម្ដង។ ដូច្នេះ​ អ្នក​​មាន​ចំណាប់​អារម្មណ៍​​ដាក់​អាហារូបករណ៍​គប្បី​ស្វែង​យល់ និង​យក​ចិត្ត​ទុក​ដាក់​​លើ​ចំណុច​នោះ​ឲ្យ​បាន​ច្រើន ​នឹង​ទទួល​បាន​​លទ្ធផល​ជា​វិជ្ជមាន​៕​​​

អត្ថបទ៖ មាន រតនា