ប្រវត្តិ​ស្ថាបនិក​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ខ្មែរ​មួយ​រូប ចែក​រំលែក​គំនិត​ដល់​យុវជន​​ជំនាន់​ក្រោយ​

  • 2017-03-27 01:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ ​"ស្ថាបត្យកម្ម​​" មួយ​ម៉ាត់​របស់​គ្រូ​បង្រៀន​​​​​​​ ធ្វើ​​ឲ្យ​យុវជន​​​វ័យ​១៩​ឆ្នាំ​​ ហ៊ុន ចាន់​សាន​​​ដែល​ចូល​ចិត្ត​អង្គុយ​​គូរ​​បង្កើត​​រូប​ច្នៃ​​ប្រឌិត​ប្លែក​ៗ ចាប់​អារម្មណ៍​ និង​​ចូល​​​សិក្សា​ស្រាវជ្រាវ​ចង់​ចេះ​ចង់​ដឹង​ពី​ពាក្យ​​ថ្មី​មិន​ខ្លួន​មិន​ធ្លាប់​​ឮ​នោះ​ រហូត​ក្លាយ​ខ្លួន​​ទៅ​ជា​អ្នក​រចនា​ប្លង់​ ឬ​ស្ថាបត្យករ​ តាម​ឧបនិស្ស័យ​របស់​ខ្លួន​ និង​បង្កើត​​​បាន​ក្រុមហ៊ុន​ស្ថាបត្យកម្ម​១​របស់​ខ្លួន​ ដំណើរ​ជោគ​ជ័យ​រហូត​មក​ទល់​សព្វ​ថ្ងៃ។ យ៉ាង​​ណា​មិញ​ ស្ថាបត្យករ​រូប​នេះ ក៏​បង្ហាញ​ថា​នេះ​ជា​ជោគ​ជ័យ​តូច​មួយ​ប៉ុណ្ណោះ​ដែល​លោក​ចែក​រំលែក តែ​នៅ​មាន​អ្វី​ថ្មី​ៗ​ជា​ច្រើន​ទៀត ដែល​​​លោក​​រៀន​សូត្រ​បន្ថែម និង​សម្រេច​បាន​ជោគ​ជ័យ​​​នា​ថ្ងៃ​អនាគត​បន្ត​ទៀត​។

ហ៊ុន ចាន់សាន (ខាងស្តាំបង្អស់)

ប្រវត្តិ​ជីវិត​

លោក ហ៊ុន ចាន់​សាន​ កើត​នៅ​​រាជ​ធានី​ភ្នំពេញ​ នៅ​​​ក្នុង​គ្រួសារ​មួយ​ ដែល​មាន​ឪពុក​ម្ដាយ​ជា​​ប្រកប​របរ​រក​ស៊ី​បើក​ហាង​ថត​រូប និង​មាន​បង​ប្អូន​ ៣​នាក់​​​នៅ​ក្នុង​បន្ទុក គឺ​រូប​លោក​ជា​កូន​ច្បង និង​ប្អូន​ស្រី​២​នាក់​។

​កាល​នៅ​កុមារ​ភាព​លោក​​បាន​ចូល​សិក្សា​នៅ​សាលា​​ និង​វិទ្យាល័យ​បាក់​ទូក​​ត្រឹម​ថ្នាក់​ទី​១១។ ដោយ​សម្លឹង​ឃើញ​​​​​​ប្រព័ន្ធ​សិក្សា​អប់​រំ​ នៅ​​​​​ប្រទេស​សិង្ហបុរី​ខ្លាំង និង​ចង់​​បណ្ដុះបណ្ដាល​ឲ្យ​កូន​មាន​អនាគត​ល្អ​ ឪពុក​ម្ដាយ​​របស់​​យុវជន​ ចាន់​សាន ក៏​បញ្ជូន​កូន​ប្រុស​ច្បង​របស់​ខ្លួន​ទៅ​សិក្សា​​នៅ​​ប្រទេស​កូន​ខ្លា​អាស៊ី​នោះ និង​​រៀន​រស់​នៅ​​ទី​នោះ​ដោយ​ឯករាជ្យ​​។

ជីវិត​​​សិក្សា​នៅ​ប្រទេស​​ កូន​ខ្លា សិង្ហបុរី​

ឆ្នាំ​១៩៩៦ យុវជន​ចាន់​សាន មក​ដល់​ទឹក​ដី​ស៊ីវិល័យ​​សិង្ហបុរី​​។ ទៅ​ដល់​​ប្រទេស​នោះ យុវជន​​ខ្មែរ​សម្បុរ​ស​​​ខាង​​លើ​ត្រូវ​ចូល​រៀន​នៅ​​ ​​វិទ្យាល័យ​​​ East View Secondary School ​តែ​​មាន​​លក្ខខណ្ឌ​​​មួយ​គឺ​តម្រូវ​ឲ្យ​រៀន​​តាំង​ពី​ថ្នាក់​ដើម​មក​វិញ ពោល​គឺ​​​រៀន​​ពី​ថ្នាក់​ទី​៧​ឡើង​វិញ​ និង​រៀន​បំប៉ន​ភាសា​អង់គ្លេស​។

ទោះ​ជា​យ៉ាង​ណា​ យុវជន​​​មក​ពី​ភ្នំពេញ​ដែល​​តម្រូវ​ឲ្យ​រៀន​​ថ្នាក់​សា​ដើម​ឡើង​​វិញ ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​​មិន​រុញ​រា ឬ​ទុក​ពេល​វេលា​ចោល​នោះ​ទេ។ ការ​សិក្សា​នៅ​សិង្ហបុរី លោក​ត្រូវ​បាន​ជ្រើស​រើស​​ឲ្យ​រៀន​ថ្នាក់​​សិស្ស​ពូកែ​​ចម្រុះ​ជាតិ​​សាសន៍ ហើយ​ប្រលង​ប្រជែង​​ តេស្ត​សមត្ថភាព​ IQ ទទួល​បាន​អាហារូបករណ៍​​​​​សិក្សា​ដោយ​ឥត​បង់​ថ្លៃ​ទៀត​ផង ដោយ​ក្នុង​តែ​១​ខែ​លោក​ចំណាយ​ថ្លៃ​សាលា​តែ​១០​ដុល្លារ​ប៉ុណ្ណោះ​។

​​ ក្រៅ​ពី​ការ​សិក្សា​ ទម្លាប់​រស់​នៅ​​ប្រចាំ​ថ្ងៃ​នៅ​សិង្ហបុរី មិន​មែន​ជា​បញ្ហា​សម្រាប់​យុវសិស្ស ចាន់​សាន នោះ​ទេ ដោយ​យុវជន​រូប​នេះ​ មាន​គ្រួសារ​​សិង្ហបុរី​ដែល​ទទួល​ស្នាក់​នៅ​អំឡុង​ពេល​សិក្សា​(Host Family) ស្វាគមន៍​រូប​គេ​យ៉ាង​កក់​ក្ដៅ​ដូច​កូន​បង្កើត។ បន្ថែម​ពី​នោះ​​​យុវជន​ដែល​​​ចូល​ចិត្ត​បរិស្ថាន​រស់​នៅ​នៅ​សិង្ហបុរី​រូប​នោះ​ ក៏​ពេញ​​ចិត្ត នឹង​សាលា​​​រៀន​នៅ​ទី​នោះ ​ដែល​មាន​បរិក្ខារ​​សិក្សា​​សំបូរ​បែប សម្រាប់​សិស្ស​​ ដែល​ធ្វើ​ឲ្យ​​សិស្ស​រូប​នេះ​​ចំណាយ​ពេល​១​ថ្ងៃ​ៗ​នៅ​តែ​ បណ្ណាល័យ​សិក្សា​។

បន្ទាប់​ពី​ការ​សិក្សា​ កីឡា​ក៏​ផ្សារ​ភ្ជាប់​និង​ទំព័រ​ជីវិត​របស់​យុវជន​រូប​នេះ​ផង​ដែរ​ ​នៅ​រៀង​រាល់​ថ្ងៃ​ សៅរ៍ អាទិត្យ​​រូប​គេ​តែង​​ទៅ​ចំណាយ​ពេល​​ ហែល​ទឹក​ វាយ​សី ឬ​ជិះ​កង់​ជា​ដើម... ។

រូប​ថត​ចាន់​សាន និង​មិត្ត​រួម​ថ្នាក់​​កាល​រៀន​វិទ្យាល័យ​

សម្ដី​មួយ​ម៉ាត់​ ដែល​ធ្វើ​ឲ្យ​​​​​យុវជន​ម្នាក់​ចាប់​អារម្មណ៍​ខ្លាំង​ និង​ផ្លាស់​ប្ដូរ​​ជីវិត​​ខ្លួន

មនុស្ស​​​ជា​ច្រើន​ប្រហែល​ជា​ភ្លេច​ នៅ​លើក​ដំបូង​ដែល​គេ​បាន​​ឮ​ពាក្យ​ "ស្ថាបត្យកម្ម​"​​ ប៉ុន្តែ​សម្រាប់​​យុវជន​ ហ៊ុន ចាន់​​សាន ជា​ការ​ចង​ចាំ​មួយ​ដែល​​មិន​អាច​ភ្លេច​បាន​។

នៅ​ឆ្នាំ​១៩៩៨ នៅ​ពេល​​ឃើញ​ យុវជន​​ខ្មែរ​ដែល​ចូល​ចិត្ត​​គូរ​រូប​ភាព​​ប្លែក​ៗ ដោយ​គំនិត​ច្នៃ​ប្រឌិត លោក​គ្រូ​ភាសា​របស់​យុវសិស្ស​​ ហ៊ុន ចាន់​សាន​បាន​ប្រាប់​​ដល់​កូន​សិស្ស​ខ្លួន​ជា​ការ​ណែ​នាំ​ថា ចេះ​គូរ​ដោយ​​ភាព​អំណត់​​​ ចេះ​ព្រឹកព្រាង​ និង​គំនិត​ច្នៃ​ប្រឌិត​ គឺ​គួរ​តែ​​​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ ស្ថាបត្យកម្ម​ណា​​មួយ។

ពាក្យ​​១​​នោះ​​ដែល​ យុវជន​​ខាង​លើ ចាប់​អារម្មណ៍​ហើយ​ផ្លាស់​ប្ដូរ​ជីវិត​របស់​គេ តាម​រយៈ​ការ​ចង់​ដឹង និង​ស្រាវជ្រាវ​​ពី​ស្ថាបត្យកម្ម ​ថា​តើ​គេ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​​​នឹង ពាក្យ​​​ថ្មី​​មិន​ដែល​ឮ​​នោះ​? ​​

ជាប់​ចូល​រៀន​ ជំនាញ​ដែល​ខ្លួន​​មាន​និស្ស័យ

នៅ​​ចុង​ឆ្នាំ​​២០០០​ យុវជន​ចាន់​សាន​ បាន​បញ្ចប់​​សញ្ញាបត្រ​​​ថ្នាក់​មធ្យម​សិក្សា​ (បាក់​ឌុប​) ​​ពី​សាលា​East View Secondary School របស់​សិង្ហបុរី​​ដោយ​ជោគ​ជ័យ។

បញ្ចប់​​សញ្ញាបត្រ​បាក់​ឌុប​ពី​សិង្ហបុរី​ភ្លាម យុវជន​រូប​នេះ បាន​​ដាក់​ពាក្យ​ជាប់​​ចូល​រៀន​ជំនាញ​ដែល​ខ្លួន​ពេញ​ចិត្ត រហូត​ដល់​​ពីរ​សាកលវិទ្យាល័យ​​នៅ​ប្រទេស​ពីរ​ផ្សេង​គ្នា គឺ​សាកលវិទ្យាល័យ University of Melbourne នៅ​ប្រទេស​អូស្ត្រាលី និង​​សាកលវិទ្យាល័យ Boston នៅ​រដ្ឋ​ Massachusetts សហរដ្ឋអាមេរិក​។ ហើយ​​​រូប​គេ​​បាន​សម្រេច​ចិត្ត​បន្ត​ថ្នាក់​ឧត្ដម​សិក្សា​​នៅ​ ប្រទេស​លោក​ខាង​លិច គឺ​​​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​​ នៅ​មហាវិទ្យាល័យ​ Massachusetts college of Art and Design របស់​សាកលវិទ្យាល័យ Boston ។

វិស្សមកាល​រដូវ​ក្តៅ​​នៅ​ទី​ក្រុង​ប៉ារីស ស្វែង​យល់​ពី​អ្វី​ថ្មី​

នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០០៣ ចាន់​សាន​បាន​ចូល​រួម​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ ជា​មួយ​​​មិត្ត​រួម​ថ្នាក់​​ជន​ជាតិ​អាមេរិកាំង​ ដើម្បី​ទៅ​​ស្វែង​យល់​អំពី​ វប្បធម៌​ប្រវត្តិសាស្ត្រ នៃ​រដ្ឋធានី​ប៉ារីស​ ទៅ​ទស្សនា​ស្នាដៃ​ស្ថាបត្យកម្ម​​ និង​​ទៅ​រៀន​​ពី​ស្ថាបត្យកម្ម​​​​ទំនើប​​ជា​ស្នាដៃ​របស់​លោក Le Corbusier។ ដំណើរ​ទស្សនកិច្ច​ខាង​លើ​បាន​​ជំរុញ​ឲ្យ ចាន់​សាន ខិត​ខំ​ស្រាវជ្រាវ​ស្វែង​យល់​បន្ថែម​ពី​ សំណង់​ខាង​ក្រៅ​អគារ និង​​​ហ៊ាន​​ប្រថុយ​​នឹង​គំនិត​ប្លែក​ៗ​ថ្មី​ៗ​របស់​ខ្លួន​។

ចាន់​សាន អំឡុង​ពេល​​បញ្ចប់​ការ​សិក្សា​​នៅ មហាវិទ្យាល័យ​ Massachusetts college of Art and Design របស់​សាកលវិទ្យាល័យ Boston​

ផ្ដោត​សំខាន់​លើ​ការ​សិក្សា បាន​លទ្ធផល​ល្អ​ មិន​ឲ្យ​ឪពុក​ម្ដាយ​ខក​បំណង

រៀន​​នៅ​ Boston យុវជន​ចាន់​សាន មិន​​ទុក​ពេល​វេលា​ឥត​ប្រយោជន៍​នោះ​ឡើយ ដោយ​​ពេញ​ចិត្ត​​និង​បរិស្ថាន​សិក្សា​ សម្ភារៈ​​សិក្សា​​នៅ​សាលា​សម្បូរ​បែប ១​​ថ្ងៃ​ៗ ​យុវជន​រូប​នេះ​​​​​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​ និង​​ចំណាយ​​ច្រើន​ម៉ោង​ នៅ​ស្ទីយ៉ូ ច្នៃ​ប្លង់​អគារ​។ ​

នា​ពេល​បញ្ចប់​ការ​សិក្សា​ និស្សិត​ដែល​ជា​កូន​​ជាង​ថត​រូប​​នេះ បាន​​សម្រេច​សមិទ្ធផល​គាប់​ប្រសើរ​គឺ​ទទួល​បាន  GPA (​ Grade Point Averages ជា​​ពិន្ទុ​សរុប​ជា​មធ្យម​ដែល​បង្ហាញ​ពី​កម្រិត​សិក្សា​​) 4.0 ជា​ពិន្ទុ​ខ្ពស់​ ដែល​លោក​ត្រូវ​បាន​​ ខាង​​សាកល​វិទ្យាល័យ​​​អញ្ជើញ​​​​ឪពុក​ម្ដាយ ​ជា​ភ្ញៀវ​កិត្តិយស​​​ដើម្បី​​កោត​សរសើរ​ទៀត​ផង​។

លោក​បាន​បញ្ចប់​សញ្ញាបត្រ​​ បរិញ្ញាបត្រ​​ដោយ​ជោគ​ជ័យ​នៅ​ឆ្នាំ​២០០៦។ ចប់​សញ្ញាបត្រ​​បរិញ្ញាបត្រ​ភ្លាម​ លោក​បន្ត​សិក្សា​ជំនាញ​ដែល​លោក​ស្រលាញ់​តែ​ម្ដង គឺ​នៅ​ឆ្នាំ​២០០៧ លោក​ចូល​រៀន​​​ថ្នាក់​អនុបណ្ឌិត​នៅ​​ សាកលវិទ្យាល័យ NORTHEASTERN ​សហរដ្ឋ​អាមេរិក និង​​ទទួល​សញ្ញាបត្រ​អនុបណ្ឌិត​​​ខាង​ស្ថាបត្យកម្ម​ដោយ​​ជោគ​ជ័យ​​នៅ​ឆ្នាំ​២០០៩។

ចាន់​សាន ក្នុង​​ពិធី​ទទួល​សញ្ញាបត្រ​ ពី​សាកលវិទ្យាល័យ Northeastern ជា​មួយ​មិត្ត​រួម​ថ្នាក់​

​ការងារ​​ដំបូង​

ត្រលប់​​មក​កម្ពុជា​​វិញ​ភ្លាម​នៅ​ ២០០៩ លោក​ ចាន់​សាន បាន​សម្ភាស​ជាប់​បម្រើ​ការងារ​ភ្លាម​ គឺ​ជា​អ្នក​សម្រប​សម្រួល​គណៈ​​សាស្ត្រាចារ្យ​ និង​គ្រូ​បង្រៀន​​ខាង​ផ្នែក​​ស្ថាបត្យកម្ម​ និង​ច្នៃ​ម៉ូត នៅ​ឯ​សាកល​វិទ្យាល័យ​​ លីម​​កុក​វីង​។ បន្ទាប់​ពី​នោះ​លោក ក៏​​ជាប់​ក្លាយ​ជា​ សាស្ត្រាចារ្យ​ នៅ​ឯ​ សាលា​ស្ថាបត្យកម្ម និង​ច្នៃ​ម៉ូត របស់​សាកលវិទ្យាល័យ​​បញ្ញា​សាស្រ្ត​​ ព្រម​ទាំង​ជា​អ្នក​សម្រប​សម្រួល​នៅ​សកលវិទ្យាល័យ​​ Zaman ផង​ដែរ​។ ​

បង្រៀន​នៅ​សាកលវិទ្យាល័យ​ លោក​បាន​ចែក​រំលែក​​​ជា​ច្រើន​ ទៅ​នឹង​ការ​​បណ្ដុះ​គំនិត​​ របស់​សិស្ស​​​​​​​លោក​​ទាក់​ទង​​នឹង​ការ​ច្នៃ​​ម៉ូត​ និង​គំនិត​ប្លែក​ៗ​។

ដោយ​ឡែក​មក​ទល់​សព្វ​ថ្ងៃ​នេះ ដោយ​សារ​មមាញឹក​​​នឹង​គម្រោង​ការងារ​របស់​ខ្លួន លោក​ក៏​បាន​ចំណាយ​ពេល​ ជា​អ្នក​ណែ​នាំ​ផ្នែក​ទ្រឹស្ដី​ទៅ​ដល់​​​ក្រុម​សិស្ស​ និស្សិត ដែល​កំពុង​សិក្សា និង​ចាប់​ផ្ដើម​ជីវិត​ការងារ​ជា​ ស្ថាបត្យករ​។

លោក ចាន់​សាន ចែក​រំលែក​គំនិត​របស់​លោក ដល់ និស្សិត​ជំនាញ​ស្ថាបត្យកម្ម​​​​​

គំនិត​​បង្កើត​ក្រុមហ៊ុន​ចាប់​ផ្ដើម​ឡើង

“យើង​ឃើញ​គាត់​​(គ្រូ​បង្រៀន)ទៅ​បង្រៀន​ផង ...ហើយ​បើក​ក្រុមហ៊ុន​ក្រៅ​ផង​ ដែល​យើង​ឃើញ​ទឹក​ដៃ​របស់​គាត់ ធ្វើ​ឲ្យ​យើង​ចង់​ដូច​គាត់​ចឹង​"។ នេះ​ជា​សម្ដី​របស់ លោក ហ៊ុន ចាន់​សាន ដែល​បាន​រំលឹក​ពី​ សាស្ត្រាចារ្យ​​ដែល​បាន​បង្រៀន​លោក​កាល​នៅ​សាកលវិទ្យាល័យ​ សហរដ្ឋអាមេរិក ដែល​​ជន​គំរូ ជំរុញ​ចិត្ត​លោក​ឲ្យ​យក​តម្រាប់​​តាម​។

ជា​លទ្ធ​ផល​​នៅ​ឆ្នាំ​២០១១​ លោក​បាន​លា​ឈប់​ពី​អាជីព​បង្រៀន​នៅ​សាកលវិទ្យាល័យ​ ហើយ​​​​​​ក៏​​ដំណើរ​ការ​ក្រុមហ៊ុន​​ស្ថាបត្យកម្ម​​មួយ​​​ ដោយ​ខ្លួន​​​​​ឯង​វិញ​​ គឺ​​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ខ្មែរ​ Re-Edge Architecture +Design សព្វ​ថ្ងៃ​នេះ​ឯង​។ ពាក្យ​ថា "Re-Edge” គឺ​បាន​យក​​ចេញ​ពី​ អត្ថបទ​សារណា​បញ្ចប់​ការ​សិក្សា​របស់​​ លោក​ចាន់​សាន​​ផ្ទាល់ នៅ​សាកលវិទ្យាល័យ​ Northeastern។ តែ​​​ស្ថាបត្យករ​រូប​​នេះ​ក៏​មិន​ភ្លេច​ទេ នៅ​ការ​ជួយ​បង្ហាត់​បង្ហាញ​​បុគ្គលិក​របស់​ខ្លួន​ ជា​ពិសេស​​យុវវ័យ​ជំនាន់​​ក្រោយ​ដែល​មាន​និស្ស័យ​ និង​ជំនាញ​​នេះ​។

ដោយ​ឡែក​ការ​បង្កើត​ក្រុមហ៊ុន​វិញ​ គឺ​លោក​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ និង​ដើម​ទុន​ពី​ក្រុម​គ្រួសារ​ ជា​អ្នក​ដែល​តែង​​​គាំ​ទ្រ​​រូប​លោក​​។

លោក​ ហ៊ុន ចាន់​សាន ​កំពុង​​ធ្វើ​កិច្ចការ​

ដំណើរការ​​របស់​ក្រុមហ៊ុន​

ក្រុមហ៊ុន​ស្ថាបត្យកម្ម​ខ្មែរ​ Re-Edge Architecture +Design របស់​​លោក ចាន់​សាន បច្ចុប្បន្ន​​មាន​បុគ្គលិក​សរុប​ចំនួន​២៥​នាក់ ជា​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​​នៅ​ក្នុង​ស្រុក ហើយ​ក្នុង​នោះ​ក៏​មាន​ជន​ជាតិ​បរទេស​ផង​ដែរ​ ដើម្បី​ជួយ​សម្រួល​ការងារ​ និង​ជួយ​បណ្តុះ​បណ្តាល​បុគ្គលិក​ថ្មី​ៗ។

Re-Edge Architecture +Design បច្ចុប្បន្ន​មាន​បម្រើ​សេវា​រចនា​ប្លង់​ រចនា​ផ្នែក​ខាង​ក្នុង បាន​ធ្វើ​គម្រោង និង​រចនា​​ជា​ប្លង់​ធំ​ៗ​​ជា​ច្រើន​ ដូច​​ជា​ប្លង់​​​បុរី សណ្ឋាគារ​ផ្កាយ​៤ អគារ​ស្នាក់​នៅ និង​ប្លង់​រោង​ចក្រ​​​សម្រាប់​ក្រុមហ៊ុន​តៃវ៉ាន់ ម៉ាឡេស៊ី តៃវ៉ាន់ សិង្ហបុរី ជប៉ុន ព្រម​ទាំង​​​​ទទួល​បាន​ការ​កោត​សសើរ​ពី​ជន​បរទេស​​​ជា​​អតិថិជន​ទៀត​ផង។

ចាន់​សាន នៅ​បន្ទប់​ប្រជុំ​ការងារ​

ការ​ចែក​រំលែក​

ភាព​ជោគ​ជ័យ​របស់​​ក្រុមហ៊ុន​​​ ស្ថាបត្យករ​ខ្មែរ​ខាង​លើ កើត​ឡើង​ដោយ​សារ​តែ លោក​ផ្តល់​​សិទ្ធិ​សេរី​ភាព​ដល់​បុគ្គលិក​ក្នុង​ការ​បញ្ចេញ​គំនិត​ច្នៃ​ប្រឌិត​​របស់​ខ្លួន​ ចេញ​ពី​ចិត្ត និង​សមត្ថភាព​របស់​ពួក​គេ​។ ជា​មួយ​​គ្នា​នោះ ស្ថាបត្យករ​ខ្មែរ​​​ដែល​​ធ្លាប់​​ត្រូវ​សារព័ត៌មាន​​សិង្ហបុរី​ចាប់​អារម្មណ៍​​​ ពី​គំនិត​ចូល​រួម​​ចំណែក​ផ្លាស់​ប្តូរ​មុខ​មាត់​ថ្មី​របស់​​រាជ​ធានី​ភ្នំពេញ​នោះ ក៏​តែង​រំឮក​ទៅ​​ដល់​​បុគ្គលិក​​ជា​ជន​ជាតិ​ខ្មែរ​ថា ពួក​គេ​គឺ​មាន​សមត្ថភាព​ និង​ទេពកោសល្យ​មិន​ចាញ់​ស្ថាបត្យករ​បរទេស​នោះ​ឡើយ។

កន្លង​មក​ក៏​ធ្លាប់​​មាន​ក្រុមហ៊ុន​គ្រប់​គ្រង​ដោយ​ជន​ជាតិ​បរទេស​​ជា​ដៃ​គូ​ប្រកួត​​​ក្នុង​ទី​ផ្សារ​​ប្រជែង​រក​​អតិថិជន​ ទល់​នឹង​ក្រុមហ៊ុន​របស់​លោក តែ​ចុង​ក្រោយ​ ​ក្រុមហ៊ុន​របស់​លោក​​​​បាន​ទទូល​ជោគ​ជ័យ​។ ទន្ទឹម​នឹង​នោះ​លោក ចាន់​សាន ក៏​បាន​ចែក​រំលែក​ចំណុច​សំខាន់​បី​ ជា​កត្តា​ដែល​​ក្រុម​ការងារ​លោក​អាច​ទទួល​​​​ជោគ​ជ័យ​ និង​ការ​ទុក​ចិត្ត​ពី​អតិថិជន​នោះ​​​គឺ​​​​​​​​​៖

​​​ទី​១​ មាន​ភាព​ច្នៃ​ប្រឌិត គំនិត​ថ្មី​ ប្លែក​ជា​រៀង​រហូត ហើយ​​ជា​ចំណុច​សម្គាល់​១ ​ របស់​ខ្លួន ដែល​អអាច​ទាក់​ទាញ​​​អតិថិជន​ឲ្យ​មក​រក​ ក្រុមហ៊ុន​លោក​បាន​។​ ទី​២ ការ​តាំង​ចិត្ត មិន​រុញ​រា ធ្វើ​ដោយ​ចេញ​ពី​ចិត្ត​ ទី​៣ ទំនាក់​ទំនង ជា​មួយ​អ្នក​ផ្សេង​ៗ គ្រប់​វិស័យ​ដែល​ជា​​ការ​បង្កើត​ឱកាស​ច្រើន។

ក្រៅ​ពី​ការ​ចែក​រំលែក​ដល់​ក្រុម​ការងារ ដល់​ដៃ​គូ​ប្រកួត​ប្រជែង ស្ថាបត្យករ​ខ្មែរ​ដែល​ចេះ​ភាសា​អង់គ្លេស​ស្ទាត់​ជំនាញ និង​អាច​និយាយ​ភាសា​ចិន​បាន​បន្តិច​បន្តួច​នោះ ក៏​ចូល​រួម​​ចែក​រំលែក​​ក្នុង​សកម្មភាព​សប្បុរស​ធម៌​ជា​ច្រើន​ផង​ដែរ តាម​រយៈ​ការ​​រំលែក​​​ឧបត្ថម្ភ​ពី​ថវិកា​ផ្ទាល់​ខ្លួន​។

ចាន់សាន​ នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌ ជួយ​ក្មេង​ក្រី​ក្រ​នៅ​ជន​បទ
ដំណើរ​កម្សាន្ត​របស់​ចាន់​សាន ទៅ​ខេត្ត​កំពត រួម​ដំណើរ​ជា​មួយ មិត្តភ័ក្ដិ និង​អតិថិជន​

ជីវិត​គ្រួសារ​

លោក​ហ៊ុន​ ចាន់​សាន បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០០៣ ហើយ​បច្ចុប្បន្ន​ លោក​មាន​កូន​ប្រុស​៣​នាក់​៕

​​​​​​​​

​​

​​

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម