សារ​ដ៏​សំខាន់​របស់​ Leonardo ចំពោះ​ក្រុម​​គោ​ព្រៃ​កម្ពុជា​

  • 2017-03-27 08:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ការ​ប្រកួត​ទល់​នឹង​ម្ចាស់​ផ្ទះ​ហ្សកដានី​មក​ដល់​ថ្ងៃ​ស្អែក​ លោក​ Leonardo Vitorino ​​គ្រូ​បង្វឹក​កម្ពុជា​ផ្ញើ​សារ​ដ៏​មាន​ន័យ​ខ្លឹម​សារ​ចំពោះ​កីឡាករ​របស់​លោក​ និង​លើក​ឡើង​ពី​ភាព​ខ្លាំង​របស់​ក្រុម​ហ្សកដានី។​

លោក​ Leonardo បាន​ឆ្លើយ​តប​នឹង​សំនួរ​របស់​ Sabay ថា​ ៖«ហ្សកដានី​ជា​ក្រុម​ខ្លាំង​ ហើយ​ពួក​គេ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​ពាន​ AFC Cup កាល​ពី​រដូវ​កាល​មុន....។ កីឡាករ​របស់​គេ​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​នោះ​កីឡាករ​ខ្លះ​មាន​អាយុ​ជាង​៣៤​ឆ្នាំ។ ក្រុម​កម្ពុជា​យើង​កំពុង​ស្ថិត​លើ​ផ្លូវ​​ផ្លាស់​ប្តូរ​ និង​ទម្រង់​ថ្មី​​ដែល​ត្រូវ​កសាង»។

គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បញ្ជាក់​ឃ្លា​យ៉ាង​សំខាន់​​ចំពោះ​កីឡាករ​របស់​លោក​ថា​ ៖«​​ប្រហែល​​ជា​​អ្នក​ផ្សេង​​អាច​មាន​ទេពកោសល្យ​ជាង​អ្នក​​ តែ​គ្មាន​នរណា​ម្នាក់​ខិតខំ​ជាង​អ្នក​ទេ។ យើង​អាច​ធ្វើ​បាន»។​

ក្រុម​គោ​ព្រៃ​កម្ពុជា ​បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ហ្សកដានី​តាំង​ពី​ថ្ងៃ​ទី​២៣​មីនា​​ម្ល៉េះ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​សម​ទីលាន​នៅ​ទី​នោះ​មុន​ការប្រកួត​វគ្គ​ជម្រុះ​ AFC Asian Cup ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង​១១​យប់​។ ​មុន​ការ​ចាកចេញ​ទៅ​នោះ​ដែរ ​ក្រុម​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ថ្មី ​ក៏​បាន​សាក​ជើង​១​ប្រកួត​ជាមួយ​ឥណ្ឌា​ហើយ​ដែរ ​ដើម្បី​ជា​ការ​ឱ្យ​កីឡាករ​យល់​ចិត្ត​គ្នា​ខ្លាំង​ក្នុង​ប្រកួត​មែន​ទែន។ ការ​ប្រកួត​ថ្ងៃ​ស្អែក​មិន​មាន​ទូរទស្សន៍​ណា​ផ្សាយ​បន្ត​ផ្ទាល់​មក​កម្ពុជា​ឡើយ៕

អត្ថបទ៖ ជាន ចាន់រ៉ា