មូលហេតុ​​ពី​ក្រោយ​​​​ ​ហូឡង់​បណ្ដេញ​គ្រូ​បង្វឹក ​Danny Blind ​យប់​មិញ​​

  • 2017-03-27 07:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទឹក​ក្រូច​ហូឡង់ ​បាន​ប្រកាស​បណ្តេញ​គ្រូ​​បង្វឹក​ Danny Blind ​​ចេញ​ពី​តំណែង​កាល​ពី​​យប់​មិញ ​​គឺ​ដោយសារ​តែ​គ្រូ​បង្វឹក​រូប​នេះ​ ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ ធ្វើ​ឲ្យ​ចាញ់​ប៊ុលហ្គារី ២-០ ​កាល​យប់​ថ្ងៃ​​សៅរ៍​ ​និង​ធ្វើ​ឲ្យ​ហូឡង់​ប្រឈម​​​មុខ​ អាច​​អត់​បាន​ជាប់​ទៅ​លេង​នៅ​ World Cup 2018 ​នៅ​ទឹកដី​រុស្សី។

Blind ​ឡើង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ ​​​តាំង​ពី​ឆ្នាំ​២០១៥ ​ជំនួស​តំណែង​​លោក​ Guus Hiddink។ លោក​ដឹក​នាំ​ហូឡង់​បាន​២០​ខែ ​​លេង​សរុប​១៨​ប្រកួត។ ​ប៉ុន្តែ​៥​ប្រកួត​នៅ​ជម្រុះ​ World Cup 2018 ​ហូឡង់​រក​បាន​តែ ​៧​ពិន្ទុ​ប៉ុណ្ណោះ ​​និង​ស្ថិត​នៅ​លេខ​៤ ​ចាញ់​ក្រុម​កំពូល​តារាង​បារាំង​ ៥​ពិន្ទុ ​និង​ចាញ់​ក្រុម​លេខ​២ ​ស៊ុយអែត​៣​ពិន្ទុ។ ​វគ្គ​ជម្រុះ​ World Cup 2018 ​​ក្នុង​ពូល​​នេះ​ លេខ​១ ​នឹង​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ ​ខណៈ​ដែល​លេខ​២ ​នឹង​ត្រូវ​លេង​ Play-off។ ចំណែក​ឯ​លេខ​៣ ​​ដល់​លេខ​៦ ​នឹង​ត្រូវ​ធ្លាក់។

ហូឡង់ ​បាន​ខក​ខាន​ព្រឹត្តិការណ៍​ធំ​ Euro 2016 ​រួច​ម្តង​ហើយ ​​ដូច្នេះ​ពួកគេ​​​មិន​ចង់​ឃើញ​ក្រុម​របស់​ខ្លួន​ខក​ខាន​បង្ហាញ​ខ្លួន​នៅ​ World Cup 2018 ​ទៀត​នោះ​ទេ។ លោក​ Fred Grim ​ដែល​ដឹក​នាំ​ក្រុម​ U-21 ​ជម្រើស​ជាតិ​ហូឡង់ ​នឹង​ឡើង​ដឹក​នាំ​ក្រុម​ឈុត​ធំ​នេះ​បណ្តោះ​អាសន្ន។ រីឯ​គ្រូ​បង្វឹក​ថ្មី ​សហព័ន្ធ​បាល់ទាត់​ហូឡង់​ ​នឹង​ស្វែង​រក ​​ប្រកាស​តែងតាំង​ នា​ពេល​អនាគត​ឆាប់ៗ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​