លម្អិត​​ប្រវត្តិ​របស់​ Rain មុន​មក​ធ្វើ​​ការ​ប្រគំតន្ត្រី​នៅ​កម្ពុជា

  • 2017-03-27 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កូរ៉េ​ល្បី Rain នឹង​មក​ការ​ប្រគំតន្ត្រី​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី ៣០ ខែ មីនា​ខាង​មុខ​នេះ​។ ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​នៅ​កម្ពុជា​ដែល​ជា​អ្នក​គាំទ្រ​របស់ ​ Rain​ រំភើប​ឥតឧបមា​។ យ៉ាងណាមិញ មុន​តារា​ជួរ​មុខ​កូរ៉េ​រូប​នេះ​ មក​ដល់​ប្រទេស​កម្ពុជា សូម​មើល​ប្រវត្តិ​រូប​របស់​គេ​សិន។ ​

ប្រវត្តិ​ផ្ទាល់​ខ្លួន

Rain មាន​ឈ្មោះ​ពិត​ប្រាកដ​ជា​​ភាសា​កូរ៉េ Jung Ji-hoon កើត​នៅ​ឆ្នាំ​១៩៨២​ រាប់​តាម​ចំនួន​លេខ​មាន​អាយុ​​៣៤​ឆ្នាំ។​ មាន​អាជីព​ជា​តារា​ចម្រៀង សម្ដែង និពន្ធ​ចម្រៀង​និង​អ្នក​ដឹកនាំ​ចម្រៀង។ Jung Ji បាន​បាត់​បង់​ម្ដាយ​​នៅ​ខែ ធ្នូ ឆ្នាំ ២០០០ ដោយ​សារ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ តែ​នៅ​ក្នុង​ឆ្នាំ​ដ៏​សោកសៅ Rain ក៏​មាន​ដំណឹង​ល្អ​​បាន​ក្លាយ​​ជា​អ្នក​ហ្វឹកហាត់​នៅ​ផលិតកម្ម JYP ដោយ​មាន​ការ​ដឹកនាំ​ដោយ​លោក Park Jin-young។​ អំឡុង​ពេល​ហ្វឹកហាត់ Rain បាន​ក្លាយ​ត្រឹម​​ជា​អ្នក​រាំ​នៅ​ពី​ក្រោយ​គេ​ប៉ុណ្ណោះ។

ជីវិត​ក្នុង​អាជីពចម្រៀង​

គ្រា​អាយុ​១៦​ឆ្នាំ​ម្ចាស់​បទ "LA SONG” រូប​នេះ​ផ្ដើម​ចាប់​អាជីព​ចម្រៀង​ជាមួយ​ក្រុម Fanclub ក្នុង​ឆ្នាំ​១៩៩៨-២០០០។ តែ​ក្រុម​នេះ​មិន​សូវ​មាន​ប្រជាប្រិយភាព​ខ្លាំងក្លា​ទេ ពោល​ចេញ បាន​តែ​២​អាល់ប៊ុម​។ លុះ​ក្រោយ​មក​ក្នុង​ឆ្នាំ​២០០២​-២០០៦ Jung ចាប់​ផ្ដើម​បង្ហាញ​មុខ​ដំបូង​ជា​តារា​ចម្រៀង​ទោល ដោយ​ចេញ​អាល់ប៊ុម​ដំបូង​ចំណងជើង​ថា  Bad Guy។ វេលា​នោះ​ហើយ​ជា​ពេល​ដែល​គេ​ណែនាំ​ខ្លួន​ឯង​ឲ្យ​គ្រប់គ្នា​ស្គាល់​ឈ្មោះ​លើ​ឆាក​របស់​គេ​ជា "Rain”។

Rain បាន​ចេញ​អាល់ប៊ុម​ជា​ភាសា​ជប៉ុន​ដំបូង​ចំណងជើង​ថា  Eternal Rain ក្នុង​ឆ្នាំ​២០០៦។ គេ​បាន​ធ្វើ​ការ​ប្រគំតន្ត្រី​នៅ​ជប៉ុន​ដំបូង​​ឈ្មោះ​ថា Rainy Day Japan សំបុត្រ​បាន​លក់​អស់​ត្រឹម​៣០​វិនាទី​ បន្ទាប់​ពី​ដាក់​លក់​។ ឆ្នាំ​២០០៦​ដដែល Rain ត្រូវ​បាន​ទស្សនាវដ្ដី​អាមេរិក Time ចុះ​ក្នុង​បញ្ជី​​​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​ ""100 Most Influential People Who Shape Our World"។​ ចាប់​ពេល​នោះ​មក​កេរ្តិ៍ឈ្មោះ​របស់​កាន់​តែ​ល្បី​ៗ​ខ្លាំង​ឡើង​ៗ​ក្នុង​អាស៊ី។

អាជីព​ការ​សម្ដែង

Rain ចូល​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​លើក​ទី​១​ក្នុង​រឿង “Sang Doo! Let's Go To School” ក្នុង​ឆ្នាំ​២០០៣។ រឿង​នេះ​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង នាំ​ឲ្យ​ Rain ឈ្នះ​ពាន "Most Popular TV Actor” ឆ្នាំ​២០០៤ ក្នុង​កម្មវិធី Baeksang Arts Awards។ ភាព​ល្បីល្បាញ​របស់​តារា​ភ្នែក​តូច​នេះ​កាន់​តែ​​បន្ត ពេល​ដែល​រូប​គេ​សម្ដែង​ក្នុងរឿង​ស្នេហា “Full House” ជា​តួ​ លី យ៉ុងជេ។ ២០០៦ ជា​ឆ្នាំ​ល្អ​បំផុត Rain បាន​សម្ដែង​ភាពយន្ត​ដំបូង​ក្នុង​រឿង  “I'm a Cyborg, But That's OK”។ រឿង​នេះ​បាន​ទទួល​ពាន  Alfred Bauer Award លើក​ទី​៥៧​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត  Berlin International Film Festival ។

២០០៨ Jung Ji-hoon បាន​ឈាន​ជើង​ក្នុង​ហូលីវូដ ដោយ​សម្ដែង​ក្នុង​រឿង " Speed Racer”។ ក្រោយ​មក​ក៏​មាន​ឱកាស​សម្ដែង​ក្នុង​តួ​ឯក Raizo ​ក្នុង​រឿង " Ninja Assassin” ឆ្នាំ​២០០៩។ ងាក​ទៅ​ក្រោយ​បន្តិច​នា​ឆ្នាំ​២០០៧​ Rain បាន​ប្រកាស​ថា លោក​បាន​ចាកចេញ​ពី​ផលិតកម្ម JYP ដើម្បី​បង្កើត​ផលិតកម្ម​ផ្ទាល់​ខ្លួន​​ឈ្មោះ​ថា J. Tune Entertainment ។ J. Tune Entertainment ជា​អ្នក​ Dubute ក្រុម  MBLAQ ឆ្នាំ​​២០០៩។

ជីវិត​​ចូល​បម្រើ​ទ័ព

Rain បាន​បំពេញ​កាតព្វកិច្ច​ ជា​យោធា​ ចាប់​​ពី​ខែ​តុលា​ ឆ្នាំ​ ២០១១ រហូត​ដល់​ខែ​កក្កដា​ ឆ្នាំ​ ២០១៣​។​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​នោះ​ដែរ​ លោក​បាន​ទទួល​ស្គាល់​ថា​ លោក​មាន​ទំនាក់ទំនង​ជាមួយ​តារា​សម្ដែង​ស្រី​ដ៏​ល្បី​ឈ្មោះ​ Kim Tae Hee។ ហើយ​កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​មករា​ ឆ្នាំ​ ២០១៧កន្លងទៅ​ថ្មី​ៗ​នេះ​ គូ​ស្នេហ៍​ទាំងពីរ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ បន្ទាប់​ពី​ទាក់ទង​គ្នា​អស់​រយៈ​ពេល​៥​ឆ្នាំ៕

​​

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម