ស៊ាន ម៉ូនីតា ចែក​រំលែក​៤​ចំណុច ជា​បទ​ពិសោធ​ប្រលង​ជាប់​អាហារូបករណ៍​ជប៉ុន

  • 2017-03-28 06:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ ស៊ាន ម៉ូនីតា អតីត​សិស្ស​នៅ​វិទ្យាល័យ​ សម្ដេច​​តេជោ ហ៊ុន​សែន​សួង កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​ប្រលង​​ប្រជែង​​ជា​មួយ​និស្សិត​​ជាង​១​ពាន់​នាក់​រហូត​ជាប់​អាហារូបករណ៍​​ក្រសួង​អប់​រំ ជប៉ុន( MEXT ឬ Monbukagakusho Scholarship )ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​​​នៅ​ប្រទេស​ជប៉ុន បាន​ចែក​រំលែក​​ពី​គន្លឹះ​មួយ​ចំនួន ជា​បទ​ពិសោធ​របស់​ កញ្ញា​ផ្ទាល់​ទៅ​ដល់​អ្នក​ដែល​​មាន​ចំណាប់​អារម្មណ៍​​ចង់​ប្រលង​​យក​អាហារូបករណ៍​ខាង​លើ​។

​​​​រៀប​ចំ​គោល​ដៅ៖

"ត្រូវ​ដឹង​ពី​ខ្លួន​ឯង​ ថា​ចង់​សម្រេច​គោល​ដៅ​​អ្វី​ខ្លះ"។ នេះ​ជា​សម្ដី​របស់​ ម្ចាស់​មេដាយ​មាស​គណិត​វិទ្យា​ឆ្នាំ​២០១៦​ខាង​លើ​​​បាន​និយាយ​។ យុវតី​រូប​នេះ​បាន​លើក​ឡើង​ថា ជា​មួយ​គោល​បំណង​ច្បាស់​លាស់ គឺ​​ធ្វើ​ឲ្យ​នាង​​ផ្ដោត​សំខាន់​លើ​សកម្មភាព​សិក្សា​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​ចំ​ទិស​ដៅ​ និង​សម្រេច​​​​ក្ដី​បំណង​​​បាន​ដោយ​ជោគ​ជ័យ។ កញ្ញា​ក៏​បាន​លើក​ឡើង ពី​​ឧទាហរណ៍​របស់​ខ្លួន​​​​​​​​​ដែល​នាង​​សម្រេច​បាន​​ ដូច​ជា​ក្លាយ​​សិស្ស​ពូកែ​មួយ​ផ្នែក​គណិតវិទ្យា​មួយ​រូប ជា​សិស្ស​ទទួល​បាន​និទ្ទេស​A និង​ប្រលង​ជាប់​អាហារូបករណ៍​ជប៉ុន ហើយ​ជា​លទ្ធផល​នាង​សម្រេច​ការ​បំណង​ប្រាថ្នា​ទាំង​នោះ​។

សរសេរ​សកម្មភាព​ដែល​ខ្លួន​ត្រូវ​ធ្វើ៖

ម៉ូនីតា​បាន​ប្រាប់​ថា បន្ទាប់​ពី​​មាន​គោល​ដៅ​ច្បាស់​លាស់​ហើយ ត្រូវ​​លៃលក​​​ពី​ពេលវេលា​​សម្រាប់​មុខ​វិជ្ជា​​សំខាន់​ៗ​សម្រាប់​ការ​ប្រលង។ សិស្ស​និទ្ទេស​ A ឆ្នាំ​២០១៦​រូប​នេះ ក៏​​បន្ថែម​ថា ចំពោះ​សកម្មភាព​​រៀន​ទាំង​នោះ​ គឺ​ប្រឹង​ប្រែង​រៀន​​ឲ្យ​បាន​ច្បាស់​លាស់​លើ​មុខ​វិជ្ជា​​នី​មួយ​ៗ សម្រាប់​មុខ​វិជ្ជា​សំខាន់​គឺ​ត្រូវ​ប្រឹង​ខ្លាំង​ជាង​គេ​លើ​មុខ​វិជ្ជា​ទាំង​នោះ​។ ​

ទំនាក់​ទំនង​​​សិស្ស​ច្បង​មុន​ៗ ៖

កញ្ញា​ម៉ូនីតា​ ដែល​មាន​ក្ដី​ស្រមៃ​ចង់​ទៅ​រៀន​នៅ​ប្រទេស​ជប៉ុន​តាំង​​នៅ​តូច​ បាន​ប្រាប់​ថា ទំនាក់​ទំនង​​ល្អ​​ជា​មួយ​​រៀម​ច្បង​ដែល​​បាន​​ជាប់​អាហារូបករណ៍​ពី​មុន​ៗ ពិត​ជា​មាន​សារសំខាន់​។ កញ្ញា​បាន​ប្រាប់​ថា កញ្ញា​​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​ពី​សិស្ស​ច្បង។ ​​តាម​​រយៈ​ទំនាក់​ទំនង​នេះ កញ្ញា​​ដឹង​មុន​ថា​តើ របៀប​របប​​ប្រលង​យក​អាហារូបករណ៍​នោះ​យ៉ាង​ណា? និង​ការ​​​សម្ភាស​ជា​ដើម​។ ជា​មួយ​ទំនាក់​ទំនង​ល្អ​​នោះ ម៉ូនីតា​បាន​ប្រាប់​ថា នាង​ក៏​ទទួល​បាន​វិញ្ញាសា​ចាស់​ៗ​​ពី​រៀម​ច្បង​​ផង​ដែរ​​សម្រាប់​រៀន​ត្រៀម​​ផង​ដែរ។ ​​​​​​​​

ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព៖

ចំណុច​នេះ​ យុវតី​ដែល​មក​ពី​ខេត្ត​​ត្បូង​ឃ្មុំ រូប​នេះ​បាន​ប្រាប់​ថា រាល់​ពេល​ប្រលង​ប្រកួត​ប្រជែង​ផ្សេងៗ តាម​បទ​ពិសោធ​របស់​នាង គឺ​តែង​តែ​ប្រឹង​​ប្រែង​​ឲ្យ​អស់​ពី​សមត្ថភាព​​ ដូច​នេះ​​​បើ​ទោះ​ជា​ធ្លាក់​​​ គប្បី​គិត​តាម​បែប​វិជ្ជមាន​ គឺ​ត្រូវ​ប្រឹង​ប្រែង​បន្ត​ទៀត រហូត​សម្រេច​​ក្ដី​ស្រមៃ​របស់​ខ្លួន​។

គួរ​រំលឹក​ដែរ ថា​ យុវតី សៀន​ ម៉ូនីតា គឺ​ជា​​សិស្ស​​ពូកែ​​មេដាយ​មាស​ផ្នែក​គណិតវិទ្យា ព្រម​ទាំង​ជា​សិស្ស​និទ្ទេស A ​ឆ្នាំ​២០១៦។ ក្រោយ​ប្រលង​បាក់​ឌុប​បាន​លំដាប់​ពិន្ទុ​ខ្ពស់​​ នាង​បាន​ជាប់​អាហារូបករណ៍​​ក្នុង​ស្រុក​ពីរ​គឺ អាហារូបករណ៍​​រៀន​នៅ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា(ITC) និង​អាហារូបករណ៍​១០០​% នៅ​សាកលវិទ្យាល័យ ZAMAN។

ម៉ូនីតា បាន​ជ្រើស​រើស​ទៅ​សិក្សា​ជំនាញ​វិស្វកម្ម​ស្ថាបត្យកម្ម​​នៅ​សាកលវិទ្យាល័យ ZAMAN ហើយ​បន្ទាប់​មក​នាង​ក៏​បាន​ជាប់​អាហារូបករណ៍​​របស់​ក្រសួង​អប់រំ​ជប៉ុន MEXT ឬ Monbukagakusho Scholarship ឆ្នាំ​​សិក្សា​២០១៧​ ជំនាញ​​ស្ថាបត្យកម្ម ហើយ​កញ្ញា​នឹង​​ចេញ​ដំណើរ​ ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​នា​ដើម​ខែ​មេសា​ខាង​មុខ​នេះ​៕

អត្ថបទ៖ មាន រតនា