សរុប​ចចាមអារ៉ាម​ពី​ Galaxy S8 ចេញ​យប់​ស្អែក​

  • 2017-03-28 09:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​Samsung នឹង​ប្រកាស​ចេញ​ Galaxy S8/S8+ នៅ​យប់​ស្អែក​នេះ​ ហើយ​មុន​នឹង​ការ​ប្រកាស​នេះ​មក​ដល់​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​បែក​ធ្លាយ​​​ជា​ច្រើន​ឲ្យ​ដឹង​ខ្លះៗ​ពី​ចំណុច​ពិសេស​របស់​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ។

@ ការ​រចនា

រូបរាង​ Galaxy S8/S8+ អាច​មិន​ខុស​គ្នា​ពី​ Galaxy S7/S7 Edge ឡើយ​ ប៉ុន្តែ​វា​នឹង​មាន​ផ្ទៃ​អេក្រង់​ទូលាយ​ជាង​មុន ដោយ​មាន​គែម​អេក្រង់​តិច​តួច​ប៉ុណ្ណោះ។ ចំពោះ​​ប៊ូតុង​ Home ដែល​អាច​ចុច​បាន​នឹង​លែង​មាន​ដោយ​ជំនួស​មក​វិញ​នូវ​ប៊ូតុង​ Home បង្កប់​លើ​ផ្ទៃ​អេក្រង់​ផ្ទាល់។ មុខងារ​ស្កេន​ក្រយៅ​ដៃ​ត្រូវ​បាន​ផ្លាស់​ទី​ទៅ​ផ្នែក​ខាង​ក្រោយ​នៅ​ក្បែរ​កាមេរ៉ា​វិញ។ ពណ៌​វិញ​មាន​ ៧ ជម្រើស​រួម​មាន​ពណ៌​មាស, ខ្មៅ​រលោង, ខ្មៅ​ងងឹត, ខៀវ, ស្វាយ, ផ្កាឈូក និង ពណ៌​ប្រាក់។​​​

@ អេក្រង់

ទាំង​ Galaxy S8 និង S8+ នឹង​សុទ្ធ​តែ​មាន​អេក្រង់​រាង​កោង​ ថែម​មាន​ផ្ទៃ​អេក្រង់​ធំ​ជាង​មុន​ដោយ​ S8 ទំហំ​ ៥,៨ អ៊ីញ និង S8+ ទំហំ​ ៦,២ អ៊ីញ។ ត្បិត​ថា​អេក្រង់​ទំហំ​ធំ​ជាង​ Galaxy S7/S7 Edge ប៉ុន្តែ​តួ​ខ្លួន​វា​នឹង​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ​ព្រោះ​ថា​ S8/S8+ ស្ទើរ​តែ​គ្មាន​គែម​អេក្រង់​ទៅ​ហើយ។

@ កាមេរ៉ា​

Galaxy S8/S8+ នឹង​មាន​បំពាក់​កាមេរ៉ា​ដូច​គ្នា​ដោយ​កាមេរ៉ា​មុខ​កម្រិត​ ៨ MP និង កាមេរ៉ា​ក្រោយ​កម្រិត​ ១២ MP។ គេ​រំពឹង​ថា​​កាមេរ៉ា​ខាង​មុខ​នឹង​មាន​បំពាក់​មុខងារ​ Focus បាន​លឿន​ដូច​ដែល​មាន​លើ​​កាមេរ៉ា​ខាង​ក្រោយ​របស់​ Galaxy S7 ហើយ​កាមេរ៉ា​ខាង​ក្រោយ​របស់​ S8 ក៏​រំពឹង​ថា​អាច​ចាប់​យក​រូបភាព​បាន​ដល់​ ១០០០ ប្លង់​ក្នុង​មួយ​វិនាទី។

​​​@ ម៉ាស៊ីន

​​ Galaxy S8/S8+ ​ដែល​លក់​នៅ​ទីផ្សារ​​សហរដ្ឋអាមេរិក, ជប៉ុន និង ចិន ​នឹង​​ប្រើ​បន្ទះ​ឈីប​ Snapdragon 835 ឯ​ប្រភេទ​ដែល​លក់​នៅ​ទីផ្សារ​អាស៊ី​ និង អឺរ៉ុប​ នឹង​ប្រើ​បន្ទះ​ឈីប​ Exynos 8895។ ចំពោះ​ RAM វិញ​ ម៉ូដែល​ដែល​​លក់​ក្នុង​ទីផ្សារ​ភាគ​ច្រើន​មាន​ទំហំ​ 4 GB ចំណែក​ឯ​​ម៉ូដែល​លក់​នៅ​ទីផ្សារ​កូរ៉េ​ខាងត្បូង​ និង ចិន​ នឹង​មាន​ទំហំ​ដល់​ 6 GB។

@ ថាមពល​ថ្ម

Galaxy S8 នៅ​តែ​មាន​ថ្ម​ទំហំ​ 3000 mAh ដូច​ Galaxy S7 ប៉ុន្តែ​ S8+ វិញ​មាន​ទំហំ​ថ្ម​ 3500 mAh តូច​ជាង​ ​S7 Edge ដែល​មាន​ទំហំ​ 3600 mAh។ យ៉ាងណាក្ដី​ជា​មួយ​នឹង​បន្ទះ​ឈីប​រួម​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​គេ​រំពឹង​ថា​ S8/S8+ នឹង​អាច​ប្រើ​បាន​យូរ​ជាង​មុន។

@ មុខងារ​ពិសេស​ដទៃ

មុខងារ​ពិសេស​ដែល​​រំពឹង​នឹង​ឃើញ​លើ S8/S8+ រួម​មាន​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ, បច្ចេកវិទ្យា​​ស្កេន​ប្រស្រី​ភ្នែក, អាច​ធន់​នឹង​ទឹក​​កម្រិត​ IP68, រន្ធ​បំពង​សំឡេង​បែប​ Stereo និង អាច​ប្រើ​ជា​ Desktop Mode ជាដើម។

@ តម្លៃ និង កាល​បរិច្ឆេទ​ចេញ​លក់

ដំណឹង​ចុង​ក្រោយ​បំផុត​ពី​តម្លៃ​ S8 ​នៅ​ទីផ្សារ​អឺរ៉ុប​ និង ចិន ​គឺ​ប្រហែល ៨៥០ ដុល្លារ និង Galaxy S8+ តម្លៃ​ប្រហែល ​៩៧៥ ដុល្លារ។ ដោយ​ឡែក​ការ​កុម្ម៉ង់​ទិញ​​នៅ​ទីផ្សារ​មួយ​ចំនួន​អាច​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ១០ ខែ​មេសា ហើយ​ការ​ចេញ​លក់​វិញ​អាច​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ២១ ខែ​មេសា។ សម្រាប់​ប្រទេស​កាណាដា​ការ​ចេញ​លក់​ផ្លូវ​ការ​អាច​អូស​បន្លាយ​ដល់​ថ្ងៃ​ទី​ ២៨ ខែ​មេសា៕

ប្រភព៖ Techradar   ប្រែ​សម្រួល៖ សុខហេង