អង្គភាព​ប្រឆាំង​អំពើពុករលួយ៖ មន្ដ្រី​តែងតាំង​ថ្មី មក​ប្រកាស​ទ្រព្យសម្បត្តិ​មាន​ចំនួន​៣៥៧​នាក់​

  • 2017-03-29 01:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(​ភ្នំពេញ​) ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​( ACU) បានបញ្ជាក់​ឱ្យដឹងថា​នា​ខែមីនា​ឆ្នាំ​២០១៧​នេះ​មាន​មន្ដ្រី​តែងតាំង​ថ្មី មក​ប្រកាសទ្រព្យសម្បត្ដិ​និង​បំណុល សរុប​មាន​ចំនួន​៣៥៧ នាក់ ។​

​យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រឹម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​បើក​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមីនា​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា មន្ដ្រី​តែងតាំង​ថ្មី​ដែល​បាន​ចូលខ្លួន​មក​ប្រកាស​ទ្រព្យសម្បត្ដិ​និង​បំណុល នៅក្នុង​ខែមីនា​នេះ​គឺមាន​ចំនួន​៣៥៧​នាក់​។ មន្ដ្រី​ប្រកាស​ក្រោយ​លាឈប់ ឬ​ចប់​អាណត្តិ មក​ប្រកាស​ទ្រព្យសម្បត្ដិ​និង​បំណុល​៥០​នាក់ និង​មន្ដ្រី​ចូល​និ​វត្ដ​ន៍​មក​ប្រកាស​​ទ្រព្យសម្បត្តិ​និង​បំណុល​៧៨​នាក់​។​

    ​ក្នុង​សេចក្ដីជូនដំណឹង​ដដែល​នេះ​បានឱ្យ​ដឹងផង​ថា​ក្នុង​ខែមីនា​នេះដែរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល​ពាក្យ​ប្ដឹង​ចំនួន​៤៥​ពាក្យ​ “​អនាមិក​២២​ពាក្យ ស្មើនឹង​៤៩ ភាគរយ​” បាន​បើក​បន្ទប់​ស្ដាប់​ចម្លើយ​៣៤​លើក និង​បានធ្វើ​លិខិត​ព្រមាន​ដល់​មន្ដ្រី​ចំនួន ៦​រូប​។​

   ​ប្រភព​នេះ​បានបញ្ជាក់​បន្ថែមថា​ក្រៅពី​សង្កេតការណ៍​ការប្រឡង​និង​ការធ្វើ​កោសល​ក្យ​វិច័យ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រតិបត្តិ​​ការលើករ​ណី​មួយចំនួន​ដូចជា​ករណី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ករណី​មាន​មន្ត្រីនគរបាល​សេដ្ឋកិច្ច ករណី​មន្ត្រី​តុលាការខេត្ត​បន្ទាយ​ជ័យ​​ជាដើម​។​ក្រៅពីនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​កំពុង​បន្ត​ចាត់វិធានការ​អំពី​ករណី​មួយចំនួនទៀត​ផងដែរ​។​

    ​ជុំវិញ​កិច្ចការ​ក្នុង​ខែមីនា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​នៅបាន​បន្ត​បើក​កិច្ច​ពិគ្រោះ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ការការពារ​​សាក្សី និង​បុគ្គល​រាយការណ៍​និង​បើក​វគ្គ​បណ្តុះបណ្តាល​បន្ត​ស្តីពី​ការលាង​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដល់​មន្ត្រី អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត​៕

ប្រភព៖ rasmeinews