Facebook បញ្ចេញ​មុខងារ​ថ្មី​ ៣ ​​ចម្លងគេ​ទាំង​ ៣ តែ​ម្តង

  • 2017-03-29 02:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​នេះ​ Facebook បាន​ធ្វើ​ការ​អាប់ដេត​ដើម្បី​បន្ថែម​មុខងារ​ថ្មី​ចំនួន​បី​ដែល​មុខងារ​ទាំង​ បី​តាម​ពិត​ទៅ​ចម្លង​តាម​កម្មវិធី​កម្សាន្ត​ Snapchat។

@Facebook Camera Effects ចម្លង​តាម​ Snapchat Filters

Facebook Camera Effects ខាង​លើ/ Snapchat Filters ខាង​ក្រោម

​មុខងារ​ទី​មួយ​គឺ​​ Camera ​Effect ​ដែល​អ្នក​ប្រើ​ប្រាស់​អាច​​ដាក់​​ម៉ាស់​មុខ, ស៊ុម និង Filter មាន​ចលនា​ទៅ​លើ​រូបថត​របស់​​ខ្លួន​បាន។ Effect ​ប្លែក​ដែល​បាន​បន្ថែម​នេះ​តាម​ពិត​ជា​ចំណុច​ស្នូល​ដ៏​សំខាន់​មួយ​ដែល​មាន​លើ​ Snapchat យូរ​មក​ហើយ​ ដោយ​វា​ជា​ចំណុច​មួយ​ធ្វើ​ឲ្យ​យុវវ័យ​​ប្រើ​ Snapchat។

@Facebook Direct ចម្លង​តាម Snapchat Snaps

មុខងារ​ថ្មី​មួយ​ទៀត​គឺ​ Facebook Direct ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចែក​​រំលែក​រូបភាព​ ឬ វីដេអូ​ របស់​ខ្លួន​ជា​មួយ​មិត្តភ័ក្ដិ ដែល​រូបភាព​ និង វីដេអូ​នឹង​រលាយ​បាត់​ក្នុង​ពេល​ ២៤ ម៉ោង។ នេះ​ក៏​​ជា​មុខងារ​​ដែល​ជួយ​ឲ្យ​ Snapchat ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង។

@​​​​​​​​​Facebook Stories ចម្លង​តាម Snapchat Stories

តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន​ Facebook បាន​បញ្ចូល​មុខងារ​ Stories ទៅ​លើ​កម្មវិធី​ Instagram ដោយ​អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​វា​ដើម្បី​បង្ហោះ​រូបភាព​ ឬ វីដេអូ​ដែល​នឹង​បាត់​ទៅ​វិញ​ក្នុង​ពេល​ ២៤ ម៉ោង ហើយ​មុខងារ​ថ្មី​នេះ​ក៏​ទើប​បាន​បញ្ចូល​លើ​ Facebook កាល​ពី​ម្សិល​មិញ​ផង​ដែរ។ មុខងារ​ Stories នេះ​ដែរ​មាន​​ប្រើ​លើ Snapchat តាំង​ពី​ឆ្នាំ​ ២០១៤ មក​ម្ល៉េះ។

Connor Hayes អ្នក​គ្រប់​គ្រង់​ផលិតផល​ប្រចាំ​ក្រុមហ៊ុន​ Facebook បាន​លើក​ឡើង​អំឡុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ថា ៖ «មែនហើយ! នេះ​ជា​អ្វី​ដែល​ Snapchat បាន​ធ្វើ​មុន​គេ​បង្អស់។​ ពួក​យើង​យល់​ថា​ពួក​គេ (Snapchat) ធ្វើ​បាន​ល្អ​ក្នុង​ការ​បង្កើត​មុខងារ​ Stories ដោយ​វា​​ជា​វិធី​មួយ​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ពិត​ជា​​ចង់​ចែក​រំលែក​រូបភាព​ ឬ វីដេអូ​ក្នុង​កម្មវិធី​ទំនាក់​ទំនង​សង្គម»៕​​​

ប្រភព៖ CNBC | Cnet   ប្រែ​សម្រួល៖ សុខហេង