បែក​ធ្លាយ​ព័ត៌មាន ហ្វៃ សំអាង លា​ឈប់​ពី​ទូរទស្សន៍​អប្សរា​ហើយ!

  • 2017-03-29 02:09:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហ្វៃ សំអាង ដែល​គេ​ដឹង​ថា​ជា​អ្នក​ផលិត និង​គ្រប់​គ្រង​កម្មវិធី​សិល្បៈ​កម្សាន្ត​ដ៏​ល្បី​ឈ្មោះ​នោះ ពេល​នេះ​មាន​ព័ត៌មាន​បែក​ធ្លាយ​មក​ថា លោក​បាន​លា​ឈប់​ពី​ទូរទស្សន៍​អប្សរា ដែល​លោក​បាន​បម្រើ​ការ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​នោះ​ហើយ។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ស្ថិត​រង្វង់​ក្រុម​ការងារ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​នេះ បាន​បង្ហើប​ពី​បញ្ហា​ខាង​លើ​ប្រាប់ Sabay ដោយ​រូប​គេ​បញ្ជាក់​ថា លោក ហ្វៃ សំអាង ដែល​ជា​អ្នក​ផលិត និង​គ្រប់​គ្រង​កម្មវិធី​សិល្បៈ​ទាំង​អស់​របស់​អប្សរា បាន​លា​ឈប់​ពី​តួនាទី​របស់​ទូរទស្សន៍​បាត់​ហើយ គឺ​តាំង​ពី​ខែ​កុម្ភៈ​ម្ល៉េះ។ ប៉ុន្តែ​យ៉ាង​ណា គេ​មិន​ដឹងថា ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​លោក​លា​ឈប់​ឡើយ។

ក្រៅ​ពី​នេះ គេ​ក៏​មិន​ទាន់​ដឹង​ថា ពេល​លា​ឈប់​ហើយ បុគ្គល​មាន​ឥទ្ធិពល​ក្នុង​សង្គម​សិល្បៈ​រូប​នេះ នឹង​ទៅ​បន្ត​ការងារ​នៅ​ទី​ណា​នៅ​ឡើយ​ដែរ។ បើ​ទោះ​យ៉ាង​នេះ​ក្ដី ប្រភព​មួយ​ផ្សេង​ទៀត​ចេញ​ពី​ទូរទស្សន៍ Nice TV ដែល​ជា​ទូរទស្សន៍​កូន​ពៅ​ទើប​នឹង​កើត​នេះ ប្រាប់​ថា បាន​ឃើញ​លោក ហ្វៃ សំអាង ចេញ​ចូល​ស្ថានីយ​របស់​គេ។ ប៉ុន្តែ​ក៏​មិន​ដឹង​ថា លោក​មក​ក្នុង​គោល​បំណង​អ្វី​ពិត​ប្រាកដ​ដែរ។

ជុំ​វិញ​បញ្ហា​ខាង​លើ​នេះ លោក ហ្វៃ សំអាង បាន​ឆ្លើយ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោក​ពិត​ជា​បាន​លា​ឈប់​ពី​ការងារ​នៅ​ទូរទស្សន៍​អប្សរា​ពិត​មែន គឺ​ដោយ​សារ​មាន​ធុរៈ​ផ្ទាល់​ខ្លួន មិន​មែន​មក​ពី​បញ្ហា​អ្វី​ផ្សេង​ទេ។ "បង​ឈប់​មែន​ប្អូន គឺ​ឈប់​កាល​ពី​ចុង​ខែ​កុម្ភៈ​នេះ​ទេ ដោយ​សារ​បង​មាន​ធុរៈ​ផ្ទាល់​ខ្លួន!”។

ដោយ​ឡែក​ពាក់​ព័ន្ធ​នឹង​ទូរទស្សន៍ Nice TV វិញ​លោក​ថា ក្រោយ​ពី​ដឹង​ថា​ លោក​ឈប់​ពី​ទូរទស្សន៍​អប្សរា មាន​ទូរទស្សន៍​ក្នុង​ស្រុក​២-៣ បាន​ទាក់​ទង​លោក ក្នុង​នោះ​ក៏​មាន​ទូរទស្សន៍​កូន​ពៅ​គេ​នេះ​ដែរ។ ប៉ុន្តែ​យ៉ាង​ណា លោក​មិន​ទាន់​ទទួល​ខាង​ណា​មួយ​នៅ​ឡើយ ដោយ​សារ​តែ​លោក​មាន​ធុរៈ​ចាំ​បាច់​ផ្ទាល់​ខ្លួន​ត្រូវ​ធ្វើ​ជា​មុន​សិន។

តាម​ការ​បញ្ជាក់​របស់​លោក ហ្វៃ សំអាង គឺ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ​លោក​មាន​ភារកិច្ច​ត្រូវ​ឡើង​ចុះ​ប្រទេស​អូស្ត្រាលី​ញឹកញាប់​ទៅ​មើល​ការ​សិក្សា​របស់​កូន​ពីរ​នាក់​ដែល​កំពុង​សិក្សា​នៅ​ទី​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ។ ដូច្នេះ​ហើយ លោក​ក៏​សម្រេច​ចិត្ត​លា​ឈប់​តែ​ម្ដង តែ​មុន​នឹង​លា​ឈប់ គឺ​លោក​បាន​បញ្ចប់​កម្មវិធី​របស់​លោក​រួច​រាល់​ទាំង​អស់​ហើយ។

“កាល​ពី​មុន​គាត់​រៀន​នៅ Hight School មិន​សូវ​ពិបាក​ទេ តែ​ឆ្នាំ​នេះ គាត់​រៀន​មហាវិទ្យាល័យ​ឆ្ងាយ​ពី​ផ្ទះ​អីចឹង​បាន ត្រូវ​ឧស្សាហ៍​ទៅ​មើល​គាត់​ណា​ប្អូន"។ លោក ហ្វៃ សំអាង មាន​កូន​ទាំង​អស់ ៤នាក់ គឺ​កូន​បង​ឈ្មោះ សំអាង ដួង​ចិត្ត កំពុង​សិក្សា​មហាវិទ្យាល័យ​ពេទ្យ​នៅ​អូស្ត្រាលី រួម​ជាមួយ​កូន​ទី​២ សំអាង ដួង​សិទ្ធិ សិក្សា​នៅ​អូស្ត្រាលី​ដែរ និង​ត្រូវ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ។

រូបភាព៖ ផ្ដល់​ដោយ​លោក ហ្វៃ សំអាង

ដោយ​ឡែក​កូន​ពីរ​នាក់​ទៀត ជា​កូន​ភ្លោះ​ស្រី​មួយ​ប្រុស​មួយ កំពុង​រស់​នៅ​ជាមួយ​លោក​នៅ​ស្រុក​ខ្មែរ។ ដោយ​សារ​កូន​បង​ទាំង​ពីរ​នៅ​អូស្ត្រាលី​ ម្នាក់​ត្រៀម​ប្រឡង​បាក់​ឌុប និង​ម្នាក់​រៀន​នៅ​មហាវិទ្យាល័យ​ឆ្ងាយ​ពី​ផ្ទះ​ទើប​លោក​ចាំ​បាច់​ត្រូវ​ឡើង​ទៅ​មើល​ការ​ខុស​ត្រូវ​ពួក​គេ ហើយ​ក៏​ជា​ហេតុ​ដែល​លោក​ត្រូវ​តែ​លា​ឈប់​ពី​ការងារ​សិន​ដែរ។

លោក ហ្វៃ សំអាង បាន​ចូល​បម្រើ​ការងារ​នៅ​ទូរទស្សន៍​អប្សរា​ក្នុង​ឆ្នាំ ២០១២ ប្រមាណ ៥ឆ្នាំ​មក​នេះ​លោក​បាន​បង្កើត​កម្មវិធី​សិល្បៈ​ឲ្យ​ទូរទស្សន៍​នេះ​ជា​ច្រើន​មាន​ដូច​ជា៖ កម្មវិធី "ផ្កាយ​រះ​ក្នុង​សួន" “តន្ត្រី​ពេជ្រ" “មេ​ផ្ទះ​លេខ​១" “អប្សរា Award” "ស្ពាន​លេខ​១១" "ប្រស្នា​តារា" "កំណប់​អារម្មណ៍" និង​កម្មវិធី "The Best Star"។

បើ​ទោះ​លា​ឈប់​ពី​ការងារ​គ្រា​នេះ អ្នក​ផលិតកម្ម​វិធី​ល្បី​ឈ្មោះខាង​លើ​បញ្ជាក់​ថា ក៏​មិន​ចោល​សិល្បៈ​រហូត​ដែរ ពោល​គឺ​បន្ទាប់​ពី​រួច​រាល់​ការងារ​ផ្ទាល់​ខ្លួន លោក​នឹង​​ត្រឡប់​មក​វិញ និង​នាំ​សមិទ្ធផល​ថ្មី​​មក​បង្ហាញ​ជូន​ផង៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទពេញនិយម