​គីម ហ៊ាង​៖ ​​ចប់​បរិញ្ញាបត្រ​ចេះ​ពីរ​ភាសា មាន​បទពិសោធន៍​ពីរ​ឆ្នាំ ​ដឹង​តែ​គេ​ទទួល​ដៃ​ពីរ​​(មានវីដេអូ)

  • 2017-03-29 04:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​ Sabay លោក គីម ហ៊ាង ដែល​ជា​បុគ្គល​ជោគជ័យ​ក្នុង​អាជីវកម្ម និង ជា​​ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា ​បើ​ចង់​ជោគជ័យ​ក្នុង​ការ​សិក្សា​កុំ​រៀន​ពីរ​មហាវិទ្យាល័យ​ក្នុង​ពេល​តែ​១ គួរ​តែ​រៀន​តែ​១​មហាវិទ្យាល័យ​តែ​ចេះ​ពីរ​ភាសា មាន​បទពិសោធន៍​ការងារ​២​ឆ្នាំ​ទៀត​ដឹង​តែ​គេ​ទទួល​យក​ដៃ​ពីរ​តែ​ម្ដង​។

ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE បាន​បន្ត​ទៀត​ថា ​នៅ​ពេល​ដែល​គឺ​រៀន​ឱ្យ​មែន​ទែន​កុំ​រៀន​លេង​ៗ​ព្រោះ​ពេល​វេលា​មិន​ថយ​ក្រោយ​ទេ។ លោក​ គីម ហ៊ាង លើក​ឡើង​ថា និស្សិត​មួយ​ចំនួន​រៀន​តាម​គ្នា រៀន​តាម​អារម្មណ៍​។ ដូច្នេះ​អត់​មាន​អី​ល្អ​ទេ ​ត្រូវ​រៀន​មែនទែន​ នៅ​ពេល​ដែល​ចូលរៀន​ឆ្នាំ​សិក្សា​ថ្នាក់​មូលដ្ឋាន​ភ្លាម​គួរ​រៀន​តែ​ ១ មហាវិទ្យាល័យ​ ​ហើយ​ជំនាញ​អី​ក៏​បាន​ដែរ​ដូចជា​ Account Finance Bank Management IT។ល។

​​ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​​និយាយ​ថា៖ "រៀន​ជំនាញ​អី​ក៏​បាន​ដែរ តែ​កុំ​ភ្លេច​ថា មាន​ភាសា​ពីរ​ដែល​ត្រូវ​រៀន​គឺ អង់គ្លេស និង​ចិន។ កាល​១០​ឆ្នាំ​​មុន ២០​ឆ្នាំ​មុន និង​ឥឡូវ​​ភាសា​អង់គ្លេស​គឺ​ត្រូវ​​តែ​រៀន ប៉ុន្តែ​ឥឡូវ​ភាសា​ចិន​គឺ​ជា​ភាសា​ដែល​មាន​គេ​និយាយ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ​ទោះ​​រកស៊ី​ក៏​ដោយ​ ធ្វើ​ការ​ក៏​ដោយ​ត្រូវ​ចេះ​ពីរ​ភាសា​នេះ"​។

សហគ្រិន​ដែល​កំពុង​ជោគជ័យ​ក្នុង​អាជីវកម្ម​រូប​នេះ​បន្ត​ទៀត​ថា រៀន​តែ​​មួយ​មហាវិទ្យាល័យ​ក្នុង​ឆ្នាំ​ទី​១​ និង​ទី​២ ​តែ​រៀន​ពីរ​ភាសា​​គឺ​រៀន​ឱ្យ​ខ្លាំង។ លោក​បន្ត​ថា ពេល​ចូលឆ្នាំ​ទី​៣​ កុំ​បន្លាយ​ពេល​វេលា​យូរ​​ឆាប់​រក​ការងារ​ធ្វើ​ទៅ ហើយ​ការងារ​ដំបូង​កុំ​ផ្ដោត​ទៅ​លើ​ប្រាក់​ខែ​ពេក​ ព្រោះ​ឆ្នាំ​ទី​៣​ជា​ឆ្នាំ​​ដែល​ត្រូវ​មាន​បទ​ពិសោធន៍ ​ហើយ​ឆ្នាំ​ទី​៤ គឺ​ត្រូវ​ការ​បទពិសោធន៍​​។ដូច្នេះ​ហើយ​នៅ​ពេល​ដែល​ចប់​បរិញ្ញាបត្រ​មាន​បទ​ពិសោធន៍​២​ឆ្នាំ ចេះ​ពីរ​ភាសា​គេ​ទទួល​យក​ដៃ​ពីរ​ ហើយ​ប្រាក់​ខែ​ខ្ពស់​ទៀត​៕ ​​​

អត្ថបទ៖ វឌ្ឍនៈ