មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ រកឃើញទឹកក្រូច ចាហួយដូង មីកំប៉ុង ខូចគុណភាព លក់នៅផ្សារស្រយូវ

  • 2017-03-29 07:17:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពង់ធំ​ ៖ មន្ត្រី​សាខា​កាំកុង​ត្រូល​ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧​នេះ បាន​សហការ​ជា​មួយ​​មន្ទីរ​​ពាណិជ្ជកម្ម ​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ពិនិត្យ និង​ផ្សព្វផ្សាយ អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូប​អាហារ នៅ​ក្នុង​ផ្សារ​ស្រយូវ ស្ថិត​នៅ​ភូមិ​ពុក​យុក សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដែល​ជា​លទ្ធផល​រក​ទឹក​ភេសជ្ជៈ មួយ​ចំនួន​ខូច​គុណភាព និង​មី​តុងយុំា​ខូច​គុណភាព ។

មន្ត្រី​កាំកុង​ត្រូល​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា «ដោយ​គិត​ពី​សុវត្ថិភាព​ម្ហូប​អាហារ សុខភាព​ប្រជាពលរដ្ឋ មន្ត្រី​កាំកុង​ត្រូល​ខេត្ត បាន​យក​ចិត្ត​ទុក្ខ​ដាក់ មក​ពិនិត្យ​ទំនិញ​នៅ​ក្នុង​ផ្សារ​ស្រយូវ ហើយ​បាន​រក​ឃើញ​ផលិតផល​មួយ​ចំនួន ខូច​គុណភាព ដូច​ជា ចាហួយ​ដូង ម៉ាក ​Thanh Binh ចំនួន​១០៨​កញ្ចប់ ផលិត​នៅ​ប្រទេស​វៀតណាម​ទឹកដោះ​គោ ម៉ាក​AD ចំណុះ ​១៣០​ml​ ចំនួន​៣៥​ដប ចំណុះ​២៥០​ml ចំនួន ១៦​ដប ផលិត​នៅ​ប្រទេស​ថៃ ទឹក​ដោះ​គោ ម៉ាក ​Wahaha​​ ចំណុះ​២៨០ml​ចំនួន​២០​ដប ផលិត​នៅ​ប្រទេស​ថៃ ភេសជ្ជៈ​ប៉ូវ​កម្លាំង ម៉ាក​Conkia ​ចំណុះ​២៧០​ml ​ចំនួន​១៥​ដប ផលិត​នៅ​ប្រទេស​កម្ពុជា ទឹក​ក្រូច​ម៉ាក​កូកា​កូឡា ចំណុះ​៣០០​ml ចំនួន​៧​ដប​ ផលិត​នៅ​ប្រទេស​ថៃ តែ​បៃតង ចំណុះ​៣៥០​ml ចំនួន​១២​ដប មី​កំប៉ុង​តុងយុំា​ម៉ាម៉ា ៥​កំប៉ុង ផលិត​នៅ​ប្រទេស​ថៃ ទឹក​ក្រូច​ចម្រុះ ចំណុះ​៦០០​ml ចំនួន​៤៥​ដប​ ផលិត​នៅ​ប្រទេស​កម្ពុជា ទឹក​ក្រូច ម៉ាក​សុំា​រ៉ៃហ៍ ចំនួន​៦៦​កំប៉ុង ផលិត​នៅ​ប្រទេស​កម្ពុជា ។​សមត្ថកិច្ច​ជំនាញ​យើង​បាន​ធ្វើ​កំណត់​ហេតុ ដក​ហូត​យក​ទៅ​ដុត​កម្ទេច​ចោល​ផង​ដែរ​»​។

ឆ្លៀត​ឱកាស​នោះ​ដែរ ក្រុម​ការងារ​ក៏​បាន​ចែក​ផ្សាយ​នូវ​ រូបភាព​ Poster និង​ផ្សព្វផ្សាយ​ដល់​អាជីវករ​អ្នក​លក់​ដូរ​ និង​អ្នក​ប្រើប្រាស់​ ឲ្យ​បាន​យល់ ដឹង​អំពី​ផល​វិបាក​ដែល​បណ្ដាល​មក​ពី ការ​បរិភោគ​អាហារ​ហួស​កាល​បរិច្ឆេទ ប្រើ​ប្រាស់​និង​ការ​ដាក់​លាយ​បន្ថែម ​សារធាតុ​គីមី ហាម​ឃាត់​ចូល​ក្នុង​ម្ហូប​អាហារ​។

ទន្ទឹម​នឹង​នេះ ក្រុម​ការងារ​បាន​ធ្វើ​ការ​ណែនាំ ដល់​អាជីវករ​ឲ្យ​ចៀសវាង​ ក្នុង​ការ​ប្រើប្រាស់​សារ​ធាតុ​គីមី​បន្ថែម​ ទៅ​លើ​ផលិត​ផល​ម្ហូប​អាហារ ឬ​ការ​កែ​ច្នៃ​ម្ហូប​អាហារ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដល់​សុខភាព​ និង​បាន​ណែ​នាំ​ អាជីវករ​ឲ្យ​យល់​ដឹង​ពី​អនាម័យ​ និង​ការ​រៀប​ចំ​ទំនិញ​លក់​ដូរ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ទៅ តាម​ប្រភេទ​ទំនិញ​ហូប​ចុក និង​ទំនិញ​ប្រើ​ប្រាស់​ផ្សេងៗ ដាក់​ដាច់​ដោយ ឡែកៗ​ពី​គ្នា ចៀសវាង​នូវ​ការ​ដាក់​តាំង​លក់​ទំនិញ​ហួស កាល​បរិច្ឆេទ​​ប្រើ​ប្រាស់​ កំប៉ុង​កំពិត ប៉ោង​ ច្រែះ​ស៊ីស និង​ទំនិញ​ដែល​មាន​សារធាតុ​គីមី​ហាម​ឃាត់​។

មន្ត្រី​កាំ​កុង​ត្រូល​សាខា​ខេត្ត​កំពង់ធំ បាន​បន្ត​ថា ការ​ធ្វើ​បែប​នេះ គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់ ដល់​អ្នក​ប្រើ​ប្រាស់​ និង​ប្រជា​ពល​រដ្ឋ​យើង។ មន្ត្រី​កាំ​កុង​ត្រូល​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ណែ​នាំ​ពី​សំណាក់​លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​កាំ​កុង​ត្រូល ក្រសួង​ពាណិជ្ជកម្ម សាខា​កាំក្រុង​ត្រូល​នៅ​ទូទាំង​ប្រទេស បាន​និង​កំពុង​បន្ត​យុទ្ធនា​ការ ចុះ​ត្រួត​ពិនិត្យ​មើល​ទំនិញ ដែល​ដាក់​តាំង​លក់​តាម​ផ្ទះ តាម​ទី​ផ្សារ ពិសេស​ ទំនិញ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ ដើម្បី​ចូល​រួម​ចំណែក​លើ​ការ​ការពារ សុវត្ថិភាព​ចំណី​អាហារ​ដល់​ប្រជាពលរដ្ឋ​៕

ប្រភព៖ dap-news

អត្ថបទពេញនិយម
អត្ថបទថ្មី