ម្ចាស់​យាន​យន្ត​​ទាំង​អស់ មិន​​ទាន់​កាត់​ឈ្មោះ​កម្មសិទ្ធិ​ នឹង​ត្រូវ​ផាក​ពិន័យ​

  • 2017-03-29 10:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​ម្ចាស់​យាន​យន្ត​​ទាំង​អស់​​ ដែល​មិន​ទាន់​កាត់​ឈ្មោះ​កម្មសិទ្ធិ​នឹង​ត្រូវ​ផាក​ពិន័យ​ ហើយ​នឹង​ត្រូវ​បញ្ជូន​​ទៅ​តុលាការ​ នា​ពេល​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ ហ៊ឹម យ៉ាន អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​ នា​​ថ្ងៃ​ ២៩ មីនា ២០១៧​នេះ​។

នៅ​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ស្ដី​ពី​បច្ចេកទេស​ត្រួត​ពិនិត្យ​​រឹត​បន្តឹង​​ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង ការ​បើក​បរ​ល្មើស​ល្បឿន​​កំណត់ និង​ប្រព័ន្ធ​កត់​ត្រា​បទ​ល្មើស​ចរាចរណ៍​ ឧត្ដមសេនីយ៍​ឯក​ ហ៊ឹម យ៉ាន បាន​​បញ្ជាក់​​ថា ការ​ផាក​ពិន័យ​​​បទ​ល្មើស​ចរាចរណ៍​​គឺ​ធ្វើ​ទៅ​តាម​ស្លាក​លេខ​យានយន្ត ហើយ​វិក្កយបត្រ​​នឹង​ផ្ញើ​ទៅ​តាម​អាសយដ្ឋាន​ស្លាក​លេខ​យាន​យន្ត​។ រាល់​ម្ចាស់​យានយន្ត​ដែល​មិន​ទាន់​កាត់​ឈ្មោះ ត្រូវ​យក​លិខិត​ទិញ-លក់ នៅ​ពេល​មក​ទទួល​ការ​ផាក​ពិន័យ ហើយ​តម្រូវ​​ឲ្យ​​កាត់​ឈ្មោះ​ម្ចាស់​យានយន្ត​បើ​មិន​ដូច្នោះ​ទេ​ នឹង​ត្រូវ​រង​ការ​ផាក​ពិន័យ​ ឬ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​​លើ​ការ​មិន​កាត់​ឈ្មោះ​​នៅ​ពេល​មាន​ច្បាប់​អនុម័ត​ពី​អន្តរ​ក្រសួង​។

​​​​​អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ ក៏​បាន​បញ្ជាក់​ថា រាល់​ការ​អនុវត្ត​រឹត​បន្តឹង​បទ​ល្មើស​ចរាចរណ៍​ត្រូវ​បាន​​អនុវត្ត​នៅ​តាម​តំបន់​ដើម​ទី និង​ចុង​ទី ហើយ​​លោក​ក៏​បាន​​ផ្ដាំ​ផ្ញើ​​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​​ គោរព​វិន័យ​​របស់​នគរបាល និង​ត្រូវ​មាន​ក្រម​សីលធម៌​​ក្នុង​ការ​ប្រាស័យ​ទាក់​ទង​ជា​មួយ​ប្រជាពលរដ្ឋ ព្រោះ​រាល់​មន្ត្រី​​​នគរបាល​​ណា​ដែល​ប្រព្រឹត្ត​ខុស នឹង​​ត្រូវ​ទទួល​ពិន័យ​កង​កម្លាំង ឬ​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​តុលាការ​ផង​ដែរ៕ ​

អត្ថបទ៖ មាន រតនា