ចម្លែកមែន! ប្រកួតគ្នាផឹកទឹកដោះ និងឈាមគោ ៦ខែ ឲ្យធាត់បំផុត ដើម្បីទាក់ទាញ​មនុស្សស្រី

  • 2017-03-30 02:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កុលសម្ព័ន្ធ នៅ​ឯ​ជ្រលង​ភ្នំ​ដាច់​ស្រយាល​មួយ ក្នុង​ប្រទេស​អេត្យូពី (Ethiopa) បាន​ប្រកួតប្រជែង​គ្នា ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ធាត់​ខ្លាំង​តាម​ដែល​អាច​ទៅ​បាន ក្នុង​រយៈពេល​៦​ខែ។

រយៈ​ពេល​កន្លះ​ឆ្នាំ​នេះ សមាជិក​នៃ​ក្រុម​កុលសម្ព័ន្ធ Bodi នឹង​មិន​ផឹក​អ្វី​ទាំងអស់ ក្រៅ​ពី​ទឹកដោះ និង​ឈាម​សត្វ​គោ​ស្រស់ ដើម្បី​ឡើង​ទម្ងន់។ ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រួមភេទ ឬ ចាកចេញ​ពី​ខ្ទម​របស់​ពួកគេ​ឡើយ។

ជា​រៀង​រាល់​ព្រឹក ស្ត្រី ឬ ក្មេង​ស្រី​បាន​យក​ទឹកដោះ និង​ឈាម​គោ ដាក់​នៅ​ក្នុង​ចាន ឬ​បំពង់​ឫស្សី ទៅ​ឲ្យ​អ្នក​ប្រកួត​ទាំងនោះ។ បើ​ទោះ​បី​ជា​មិន​មាន​រង្វាន់ សម្រាប់​អ្នកឈ្នះ (ធាត់​ជាង​គេ) ប៉ុន្តែ​ពួកគេ​នឹង​ទទួល​បាន​មោទនភាព រួម​ទាំង​ទំហំ​ចង្កេះ​ធំ ដែល​ក្រុម​កុលសម្ព័ន្ធ​ទាំង​នោះ​ចាត់​ទុក​ថា ជា​ភាព​ទាក់ទាញ​សម្រាប់​ស្ត្រី​ក្នុង​កុលសម្ព័ន្ធ​របស់​ពួកគេ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ជា​ផ្នែក​មួយ នៃ​ពិធីបុណ្យ Ka'el ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង ដើម្បី​អបអរ និង​សម្គាល់​ឆ្នាំ​ថ្មី។

លោក Eric Lafforgue ជា​អ្នក​ថតរូប​នៅ​ក្នុង​ការ​ប្រកួត​នេះ បាន​និយាយ​ថា «សត្វ​គោ គឺ​ជា​សត្វ​ពិសិដ្ឋ​របស់​ក្រុម​កុលសម្ព័ន្ធ Bodi ដូច្នេះ​ពួកគេ​មិន​សម្លាប់​វា​ឡើយ។ គេ​ប្រើ​លំពែង ឬ​ពូថៅ ចោះ​​រន្ធ​មួយ​តាម​សរសៃ​ឈាម​គោ​ដើម្បី​បង្ហូរ​ឈាម បន្ទាប់​មក​ក៏​យក​ដី​ឥដ្ឋ​មក​បិទ​វិញ»។

លោក Eric បាន​បន្ថែម​ទៀត​ថា «ឈាម​មួយ​ចាន​ដំបូង ត្រូវ​បាន​គេ​ផឹក​នៅ​ពេល​ព្រះ​អាទិត្យ​រះ។ ពួកគេ​ត្រូវ​ផឹក​វា​ឲ្យ​លឿន មុន​ពេល​ឈាម​កក ប៉ុន្តែ​អ្នក​ខ្លះ​ទ្រាំ​មិន​បាន ហើយ​ក៏​ក្អួត​ចេញ​មក​វិញ»៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង