អាជ្ញាកណ្ដាល​​​កម្រ​ទទួល​បាន​ការ​សរសើរ​ តែ​​​​ផល​វិបាក​​ទាំង​នេះ​ មហាជន​កម្រ​ដឹង​

  • 2017-03-30 03:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញា​កណ្តាល​បាល់ទាត់​​​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ ប៉ុន្តែ​ជា​រឿង​ៗ​ពួក​គេ​មិន​សូវ​ទទួល​បាន​ការ​កោត​សរសើរ​ពី​​មហាជន​ប៉ុន្មាន​ឡើយ។ ផ្ទុយ​ពី​ការ​កោត​សរសើរ​ និង​លើក​ទឹក​ចិត្ត អាជ្ញា​កណ្តាល​បាល់ទាត់​តែង​តែ​ទទួល​រង​ការ​រិះ​គន់​​ផ្សេង​ៗ ហើយ​ពួក​គាត់​​ក៏​មាន​ផល​លំបាក​ខ្លាំង​ដែរ។ ​លោក ទុយ វិច្ឆិកា ប្រធាន​ការិយាល័យ​អាជ្ញាកណ្ដាល​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា (FFC) ​បង្ហើប​ពី​ផល​វិបាក​របស់​អាជ្ញាកណ្ដាល​កម្ពុជា។

  • ត្រូវ​ការ​ហ្វឹកហាត់​ខ្លាំង​ ៣​​ដង​យ៉ាង​តិច​ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​​​គ្មាន​ចំណូល​ពេល​ហ្វឹកហាត់

  • គ្មាន​ប្រាក់​​កម្រៃ​​ទទួល​បាន៥០​ដុល្លារ​ក្នុង​មួយ​ប្រកួត

  • ត្រូវ​ធ្វើ​ការ​ងារ​ផ្សេង ឬ​ប្រកប​ការងារ​បន្ថែម ដើម្បី​ចិញ្ចឹម​គ្រួសារ

  • រង​ការ​រិះគន់​​សឹង​គ្រប់​ការ​ប្រកួត

​​​​​ប្រធាន​ការិយាល័យ​អាជ្ញាកណ្ដាល ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​អាជ្​ញាកណ្ដាល​កម្ពុជា​​មាន​ផលវិបាក​មួយ​ចំនួន​ ដែល​ជា​ទូទៅ​អ្នក​ទស្សនា​កម្រ​​​បាន​​ដឹង​ពី​ពួក​គាត់។ សព្វ​ថ្ងៃ​គ្រប់​អាជ្ញាកណ្ដាល​​​​ទាំង​អស់​ត្រូវ​ហ្វឹកហាត់​ឲ្យ​បាន​គ្រប់​គ្រាន់​ជៀសវាង​ការ​រត់​រមួលក្រពើ​ពេល​កំពុង​ប្រកួត​ ហើយ​ការ​ហ្វឹកហាត់​របស់​អាជ្ញាកណ្ដាល​គ្មាន​ចំណូល ឬ​ប្រាក់​ខែ​ដូច​កីឡាករ​ឡើយ។

លោក​ ទុយ វិច្ឆិកា ​បន្ថែម​ថា លើស​ពី​នេះ​ទៀត ​ពិបាក​រក​អ្នក​ស្រលាញ់​អាជីព​​នេះ​មក​ធ្វើ​ការ​មែន​ទែន ពី​ព្រោះ​ប្រាក់​ចំណូល​​តិច ហើយ​​តែង​រង​​ការ​រិះគន់​ពេល​កាត់​ក្ដី​មិន​បាន​ល្អ​។ បន្ថែម​លើស​ពី​នេះ​​ទាមទារ​ឲ្យ​​មាន​សមត្ថភាព​​ច្រើន​មុខ​ ទាំង​ភាសា​​បរទេស ​កាយ​សម្បទា​ខ្ពស់​ល្អ​ ​និង​មាន​ភាព​​​ទៀងត្រង់​​មិន​​​ស៊ី​សំណូក​​។

បច្ចុប្បន្ន​​អាជ្ញាកណ្ដាល​ដែល​​​បញ្ជា​ការ​ប្រកួត​ក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា​មាន​​​១០​រូប​​ប៉ុណ្ណោះ​គឺ​​លោក ជី សាមឌី, ឃួន វិរៈ, ស៊ាំង សុភ័គ, ថោង ច័ន្ទ​កិត្យា, អឿន សំរឹទ្ធ, ​ជួប ស៊ីពិសាល, ប្រាក់ ព្រហស្បវិសា, រតនា សុ​យុទ្ធត្រា និង​២​នាក់​ទៀត​ដែល​កម្រិត​កាត់​ក្តី​នៅ​ទាប​​គឺ​​លោក​ រិទ្ធ វីណូតា និង ស ជួប​វាសនា ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​