ឧកញ៉ា​ល្បី​ៗ​ឈ្មោះក្នុង​ស្រុក រួម​គ្នា​ជួយ​មូលនិធិ​សិល្បករ​ចាស់​ជរា​

  • 2017-03-30 03:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ឧកញ៉ា​ធំ​ៗ​ក្នុង​ស្រុក​ខ្មែរ​ដែល​មាន​ឧកញ៉ា ហុង ពីវ ម្ចាស់​បុរី​ពិភព​ថ្មី ឧកញ៉ា តែ ជា​ហួត ម្ចាស់​បុរី​ប៉េង​ហួត ឧកញ៉ា លាង ឃុន និង​ឧកញ៉ា ជីព ម៉ុង ជា​ដើមបាន​បរិច្ចាគ​ថវិកា​រៀង​ខ្លួន ជួយ​មូលនិធិ​ទ្រទ្រង់​សិល្បករ​ចាស់​ៗ។ នេះ​បើ​តាម​សមាគម​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម។

(រាប់​ពី​ឆ្វេង) ទី​១.ឧកញ៉ា ហុង ពីវ អគ្គនាយក​ក្រុមហ៊ុន​បុរីពិភព​ថ្មី ទី២.ឧកញ៉ា សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Oxley Worldwide Bridge (Cambodia) Co., Ltd ទី​៣.ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ខ្មែរ​ប្រ៊ូវើរី លីមីធីត និង​ទី​៤.ឧកញ៉ា ថៃ ជា​ហួត ប្រធាន​ក្រុមហ៊ុន​បុរី ប៉េងហួត

តាម​លោក ហេង ឡុង ថ្នាក់​ដឹកនាំ​សមាគម​ខាង​លើ បាន​ឲ្យ​ដឹង​ថា ឧកញ៉ា​ទាំង​៤​រូប​ខាង​លើ​មាន លោក​ឧកញ៉ា ហុង ពីវ អគ្គនាយក​ក្រុមហ៊ុន​បុរី ពិភព​ថ្មី ចូល​រួម​វិភាគ​ទាន ៥០.០០០$។ លោក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ខ្មែរ​ប្រ៊ូវើរី លីមីធីត ចូល​រួម ៥០.០០០$ ដែរ។ លោក​ឧកញ៉ា ថៃ ជា​ហួត ប្រធាន​ក្រុមហ៊ុន​បុរី ប៉េងហួត ៣០.០០០$។

បន្ត​មក​ទៀត មាន​លោក លី យូ ប្រធាន​ក្រុមហ៊ុន តិច​សេង ២០.០០០$។ លោក​ឧកញ៉ា សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Oxley Worldwide Bridge (Cambodia) Co., Ltd ៥.០០០$ រួម​ទាំង​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ ក៏​បាន​ចូល​រួម​វិភាគ​ទាន ៥០.០០០$ ថែម​ទៀត។

ការ​ចូល​រួម​វិភាគ​ទាន​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ ព្រម​ទាំង​លោក​ឧកញ៉ា​ទាំង​៤​រូប​ខាង ដើម្បី​ជួយ​ទ្រទ្រង់​មូលនិធិ "សិល្បករ​ចាស់​ជរា" ខណៈ មូលនិធិ​នេះ ត្រៀម​នឹង​ប្រកាស​ផ្លូវ​ការ​នា​ដើម​ខែ​មេសា​ខាង​មុខ។

លោក ហេង ឡុង ថ្នាក់​ដឹកនាំ​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្ត​​ជាមួយ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា បាន​ឲ្យ​ដឹង​ថា នេះ​ចាត់​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ ដែល​កន្លង​មក​មិន​ដែល​មាន​ឧកញ៉ា​រូប​ណា មាន​ទឹក​ចិត្ត​ជួយ​សិល្បករ​ចាស់​ៗ​បែប​នេះ​ហើយ។ ដូច្នេះ​ហើយ​លោក​រីករាយ និង​សង្ឃឹម​ថា មូលនិធិ​ដែល​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​សិល្បករ​ចាស់​ៗ​ដែល​បាត់​បង់​លទ្ធភាព​បម្រើ​សិល្បៈ​ត​ទៅ​ទៀត​នោះ និង​ទទួល​បាន​វិភាគ​ទាន​ពី​ឯកឧត្ដម អ្នក​ឧកញ៉ា ក៏​ដូច​ជា​សប្បុរសជន​នានា​បន្ថែម​ទៀត។

វត្តមាន​មូលនិធិ "សិល្បករ​ចាស់​ជរា" ត្រៀម​នឹង​ប្រកាស​ជូន​នៅ​ថ្ងៃ​ទី០៦ មេសា ក្នុង​កម្មវិធី​ធំ​មួយ​ដែល​ផ្ដួច​ផ្ដើម​ដោយ​សមាគមន៍​សិល្ប​ស្ម័គ្រ​ចិត្ត ហៅ​ថា "កតញ្ញូ​រាត្រី"។ កម្មវិធី​ដ៏​ធំ​នេះ ធ្វើ​ឡើង​នៅ​អូតែល​សុខា គឺ​ជា​ជួប​ជុំ​គ្នា​រវាង​ឯកឧត្ដម អ្នក​ឧកញ៉ា សប្បុរសជន​នានា ដើម្បី​កៀរគរ​រក​ការ​ឧបត្ថម្ភ​បន្ថែម​ទៀត​ទ្រទ្រង់​មូលនិធិ៕

អត្ថបទ៖ ស៊ុនហួត