​​មេធាវី​ សុក​ សំអឿន​៖​ ​កម្ពុជា​សព្វ​ថ្ងៃ​កំពុង​រង​គ្រោះ​ដោយ​​សង្គ្រាម​ចរាចរណ៍​

  • 2017-03-30 04:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​​នៅ​តែ​ជា​បញ្ហា​ដ៏​​​​ក្ដៅ​គគុក​មួយ​ដែល​ប្រជាជន​កម្ពុជា​​ទូទៅ​មាន​ការ​ខ្លាច​រអា​ និង ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។​​​ ជា​ពិសេស​​បញ្ហា​​មួយ​នេះ​ក៏​​បាន​បង្ក​អោយ​មាន​ភាព​ឈឺ​ក្បាល​មិន​តិច​នោះ​​ដែរ​​ចំពោះ​​​រាជរដ្ឋាភិបាល​កម្ពុជា​ និង ​ក្រុម​អ្នក​ច្បាប់​កម្ពុជា​​​​​ដែល​ត្រូវ​ប្រឈម​មុខ​ក្នុង​ការ​ដោះ​ស្រាយ​​លើ​​បញ្ហា​នេះ​​​អោយ​បាន​​​ឆាប់​បំផុត​។

បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ សុក​ សំអឿន​ ដែល​ជា​ប្រធាន​មេធាវី​ប្រចាំ​ក្រុម​អ្នក​ច្បាប់​ និង ទីប្រឹក្សា​អមរិន្ទ​បាន​អោយ​ដឹង​ថា​ លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​​កំពុង​កើត​មាន​សព្វ​ថ្ងៃ​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។​​​​ ​លោក​បាន​បញ្ជាក់​ថា ​​កាល​ពី​មុន​​ប្រជាជន​កម្ពុជា​បាន​បាត់​បង់​ជីវិត​​យ៉ាង​ច្រើន​នៅ​ក្នុង​ភ្លើង​សង្គ្រាម​ ​ប៉ុន្តែ​បច្ចុប្បន្ន​​ថ្វី​បើ​កម្ពុជា​មាន​សន្តិភាព​មែន​ពិត​ ប៉ុន្តែ​កម្ពុជា​កុំពុង​ប្រឈម​មុខ​នឹង​​​សង្គ្រាម​ថ្មី​​មួយ​​ទៀត​ដែល​បាន​ឆក់​យក​អាយុ​ជីវិត​របស់​ប្រជាជន​កម្ពុជា​​​ជា​រៀង​រាល់​ថ្ងៃ​​នៅ​តាម​ដង​ផ្លូវ​ ដែល​លោក​អោយ​ឈ្មោះ​វា​​ថា​ សង្គ្រាម​ចរាចរណ៍។​

លោក​ សុក​ សំអឿន​ ប្រធាន​មេធាវី​ប្រចាំ​ក្រុម​អ្នក​ច្បាប់​ និង ទីប្រឹក្សា​អមរិន្ទ​

លោក​បាន​ពន្យល់​ថា​ ដោយ​សារ​តែ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ បាន​​ធ្វើ​អោយ​យានយន្ត​គ្រប់​ប្រភេទ​មាន​កម្លាំង​ខ្លាំង​ដែល​អនុញ្ញាត​​អោយ​អ្នក​បើក​បរ​ អាច​បើក​​ក្នុង​ល្បឿន​លឿន​​នៅ​លើ​ដង​ផ្លូវ។ ​កត្តា​ទី​២​ គឺ​​ដោយ​សារ​តែ​កំណើន​​យានយន្ត​គ្រប់​ប្រភេទ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​​ជា​រៀង​រាល់​ឆ្នាំ​​ ស្របពេល​ដែល​ផ្លូវ​ធ្វើ​ចរាចរណ៍​​នានា​ ​ហាក់​នៅ​មាន​ភាព​តូច​ចង្អៀត​នៅ​ឡើយ​ ជា​ពិសេស​គឺ​​ការ​យក​​ចិញ្ចើម​ផ្លូវ​សាធារណៈ​ដើម្បី​ធ្វើ​អាជីវកម្ម​នានា​។

មួយ​វិញ​ទៀត​លោក​បាន​អោយ​ដឹង​​ថា​ ​​ដោយសារ​តែ​ការ​​មិន​គោរព​ច្បាប់​ចរាចរណ៍​ពី​សំណាក់​អ្នក​បើក​បរ​យាន​យន្ត​​មួយ​ចំនួន​ក៏​ជា​ហេតុ​​បណ្ដាល​អោយ​ងាយ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​​ដែរ។ ​ក្រៅ​ពី​នេះ​​អាច​មាន​កត្តា​រួម​ផ្សំ​ទៀត​ជាច្រើន​ ​ដូចជា​​​​​កត្តា​បច្ចេកទេស​​​របស់​យានយន្ត​ដែល​អាច​ខូច​ដោយ​ចៃដន្យ​ និង​ ការ​មិន​អធ្យាស្រ័យ​គ្នា​ក្នុង​ពេល​បើក​បរ​ជាដើម​។​​ ​តាម​​ទស្សនៈ​ផ្ទាល់​​ខ្លួន​ ​លោក​​សុក​ សំអឿន​ ​​បាន​ថ្លែង​​ថា​ សព្វ​ថ្ងៃ​ប្រទេស​​កម្ពុជា​​ហាក់​កំពុង​អភិវឌ្ឍ​វិស័យយានយន្ត​ខ្លាំង​ជាង​ការ​អភិវឌ្ឍ​​ផ្នែក​ផ្លូវ​ថ្នល់​។

គួរ​បញ្ជាក់​ផង​​ដែរ​ថា​ បើ​យោង​តាម​ទិន្នន័យ​​មួយ​របស់​​វេបសាយ​ icebike.org បាន​អោយ​ដឹង​ថា​​ កាល​ពី​​ឆ្នាំ​ ២០១៥ ​​កន្លង​ទៅ​ ប្រទេស​កម្ពុជា​មាន​អ្នក​​ស្លាប់​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រមាណ​ ៤៦៤ នាក់​ និង រង​របួស​​ប្រមាណ​ ៣,៦៨៧ នាក់​។​ ​ចំពោះ​កម្រិត​ហានិភ័យ​នៃ​ការ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​​មាន​រហូត​ដល់​​ ០,៩%​ ឯ​ណោះ​​។​ ជាង​នេះ​ទៅ​ទៀត​​ គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ក្នុង​ឆ្នាំ​ ២០១៥​​ ក៏​បាន​បណ្ដាល​អោយ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​គិត​ជា​ទឹក​ប្រាក់​​សរុប​ប្រមាណ​​ជាង​៧៧​លាន​ដុល្លារ​​ផង​ដែរ​​។​​​​​​​​​​​​​​​​​​

អត្ថបទ៖ ចន្ថា