ច្បាប់កម្រមាន! សិស្សត្រូវចេះហែលទឹក ទើបអាចបញ្ចប់ការសិក្សា នៅសាលានេះបាន

  • 2017-03-30 03:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​និស្សិត​ដែល​ដាក់​ពាក្យ​ចូល​រៀន នៅ​ឯ​សកលវិទ្យាល័យ​ល្បីៗ​របស់​ប្រទេស​ចិន ត្រូវ​បាន​គេ​ប្រាប់​ថា ពួកគេ​ត្រូវ​រៀន​ហែលទឹក​ឲ្យ​ចេះ មុន​ពេល​បញ្ចប់​ការ​សិក្សា​នៅ​ទី​នោះ។

សកលវិទ្យាល័យ Tsinghua University ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា សកលវិទ្យាល័យ Harvard (ល្បី​នៅ​សហរដ្ឋអាមេរិក) ភាគ​ខាងកើត បាន​សម្រេច​បញ្ចេញ​ច្បាប់​នេះ ដើម្បី​ឲ្យ​សិស្ស​និស្សិត​ទាំង​អស់​ចេះ​ហែលទឹក ដោយ​អះអាង​ថា វា​គឺ​ជា​ជំនាញ​ដ៏​សំខាន់​មួយ ដើម្បី​សង្គ្រោះ​ជីវិត។

សកលវិទ្យាល័យ Tsinghua University

ប្រធាន​សកលវិទ្យាល័យ Tsinghua University លោក Qiu Yong បាន​និយាយ​ថា ច្បាប់​​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​កំហិត សម្រាប់​សិស្ស​និស្សិត​ទាំងអស់ ព្រោះ​វា​ដូច​ជា​ការ​ហាត់ប្រាណ និង​ធ្វើ​ឲ្យ​រាងកាយ​ប្រសើរ​ឡើង​ផង​ដែរ។

គួរ​បញ្ជាក់​ថា សកលវិទ្យាល័យ​ខាងលើ បាន​បញ្ចេញ​ច្បាប់​នេះ​ដំបូង តាំង​ពី​ឆ្នាំ​១៩១៩ មក​ម្ល៉េះ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​គេ​បោះបង់​ចោល ដោយសារតែ ប្រជាប្រិយភាព​នៃ​សកលវិទ្យាល័យ (មាន​សិស្ស​រៀន​ច្រើន) និង​កង្វះ​អាង​ហែលទឹក នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

យ៉ាងណាមិញ ស្ថិត​ក្រោម​ច្បាប់​ថ្មី​ដែល​បាន​ប្រកាស កាល​ពី​ច័ន្ទ​កន្លង​ទៅ​នេះ សិស្ស​និស្សិត​ថ្មី​ដែល​ចាប់ផ្ដើម​ចូលរៀន នៅ​ខែ​កញ្ញា​ខាង​មុខ នឹង​ត្រូវ​បង្ហាញ​ថា ពួកគេ​អាច​ហែលទឹក​បាន យ៉ាង​ហោច​ណាស់​ចម្ងាយ ៥០ម៉ែត្រ ដោយ​ប្រើ​ក្បាច់​ហែលទឹក​ណា​មួយ​ក៏​បាន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង