ពីអ្នកដឹកជញ្ជូនឥវ៉ាន់តាមកូនឡានខុសច្បាប់ ក្លាយជាមហាសេដ្ឋី​លេខ​៤​នៅចិន

  • 2017-03-30 07:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Wang Wei ​ធ្លាប់​ជា​អ្នក​ដឹក​ជញ្ជូនឥវ៉ាន់រ​​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​ចិន​តាម​រយៈ​កូន​ឡាន​​តូច​មួយ រហូត​មាន​លទ្ធភាព​ទិញ​យន្តហោះ​ប្រភេទ Boeing ​ដឹក​ឥវ៉ាន់​ជាច្រើន​គ្រឿង។

​​​ស្ថាបនិក​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ឥវ៉ាន់​តាម​យន្តហោះ​ SF Express រូប​នេះ​ប្រាប់​ថា​ បន្ទាប់​ពី​សេវាកម្ម​​ក្រុម​ហ៊ុន​របស់​លោក​ចុះ​បញ្ជី​​ទៅ​ក្នុង​ភាគហ៊ុន Shenzhen មក ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​ចំនួន​ ២០​ដង​ហើយ។

ពេល​នេះ​លោក​ក្លាយ​ជា​អ្នក​មាន​បំផុត​ទី ​៤ នៅ​ប្រទេស​​ចិន និង​ទី​ ៣០​​នៅ​លើ​លោក​​ជាមួយ​ទ្រព្យ​សម្បត្តិ ២៣,៣​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​បញ្ជី​មហាសេដ្ឋី​របស់​ Bloomberg's Billionairs Index ថ្ងៃ​ទី​ ២៩​មិនា ដោយ​នៅ​ពីក្រោយ​​លោក​ប៉ូលីម៉ា លេខ៣ វ៉ាងជៀនលីន លេខ២ និង ជេកម៉ា លេខ​១។

ជា​ធម្មតា​លោក​មិន​ចង់​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​ឡើយ ព្រោះ​អៀន​ខ្មាស និង​ចង់​ស្ងៀម​ស្ងាត់ ប៉ុន្តែ​ពេល​នេះ​ដោយ​ចៀស​មិន​រួច​ទើប​លោក​ព្រម​ទម្លាយ​ឲ្យ​ដឹង​​ពី​ក្រុម​ហ៊ុន SF Express។ ក្រុម​ហ៊ុន​លោក​មាន​បុគ្គលិក​ប្រមាណ​ ៨ម៉ឺន​នាក់ យន្តហោះ ៣៦​គ្រឿង និង​យាន​ជំនិះ​ម៉ូតូ រថយន្ត​រាប់​ពាន់​គ្រឿង​ផ្សេង​ទៀត​សម្រាប់​ដំណើរ​ការ​នៅ​ទូទាំង​ទីក្រុង​ធំ​ៗ​ក្នុង​ប្រទេស​ចិន។

បើ​និយាយ​ពី​ប្រវត្តិ​វិញ លោក​ជា​កូន​ប្រុស​របស់​អ្នក​បក​ប្រែ​បម្រើការ​ឲ្យ​កងទ័ព​ចិន​ម្នាក់​ និង​ធំ​ដឹង​ក្ដី​នៅ​​ហុងកុង។ លោក​ចាប់​ផ្ដើម​ដំណើរការ​ក្រុមហ៊ុន SF Express ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៩៣ ​ដើម្បី​ផ្ទេរ​ឥវ៉ាន់​រវាង​​ក្រុង​ហុងកុង និង​ចិន​ដីគោក។ ជំនួញ​នេះ ​លោក​បាន​ចាត់​ទុក​ថា​ជា​ការ​ងារ​ប្រថុយប្រថាន​មួយ​​ពេល​ចាប់​ផ្ដើម​​ប្រតិបត្តិការ ប៉ុន្តែ​ចំណេញ​ប្រាក់​ច្រើន​ដោយ​ប្រើ​ប្រាស់​​បុគ្គលិក​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ។

​ក្រុម​ហ៊ុន SF ​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ឥវ៉ាន់​ដំបូង​ក្នុង​ឆ្នាំ ១៩៩០ គឺ​ជា​ជំនួញ​ខុស​ច្បាប់ ឬ​ហៅ Black delivery ដោយ​លោក​នឹង​ត្រូវ​ផាក​ពិន័យ​ប្រសិន​បើ​មន្ត្រី​ប្រៃសណីយ៍​ចាប់​បាន ដូច្នេះ​លោក​ត្រូវ​ធ្វើការ​យ៉ាង​លួច​លាក់​បំផុត។ ​នេះ​បើ​តាម​លោក Wang ធ្វើ​សម្ភាសន៍​កាល​ឆ្នាំ ២០១១។

បច្ចុប្បន្ន ជំនួញ​របស់​លោក​បាន​រីក​លូត​លាស់​ខ្លាំង​ដោយ​សារ​​មនុស្ស​ជា​ច្រើន​ទិញ​ម្សៅ​ទឹក​ដោះ​គោ​ទារក និង​ថ្នាំ​ពេទ្យ​ពី​ហុងកុង​យក​ទៅ​លក់​នៅ​ចិន​ប្រើ​ប្រាស់​សេវាកម្ម​ក្រុមហ៊ុន​លោក៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ឡេង ភារុណ