មិន​ធម្មតា​១ឆ្នាំៗ ឌួង ហ្សូរីដា ចំណាយ​រាប់​ម៉ឺន​ដុល្លារ​លើ​​សំលៀកបំពាក់​ប្រពៃណី

  • 2017-04-04 02:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មិន​រាប់​បញ្ចូល​សំលៀកបំពាក់​ផ្សេង​ទៀត តារា​សម្ដែង និង​ពិធី​ការិនី កញ្ញា ឌួង ហ្សូរីដា បាន​ថ្លែង​ឲ្យ​ដឹង​ថា សម្រាប់​តែ​ឈុត​សំលៀកបំពាក់​ប្រពៃណី ក្នុង​១​ឆ្នាំ​នាង​ស្លៀក​មិន​ក្រោម១០០ កំប្លេ​ឡើយ ដែល​តម្លៃ​គិត​ជា​មធ្យម​សរុប​ទៅ​រាប់​ម៉ឺន​ដុល្លារ។

ឌូង ហ្សូរីដា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រើ​សំលៀកបំពាក់​ច្រើន​កំប្លេ​បែប​នេះ ក៏​ព្រោះ តែ​ខ្លួន​ជា​​តារា​ម៉ូដែល ឧស្សាហ៍​មាន​កម្មវិធី ដូច​នេះ​ត្រូវ​​ស្លៀក​ពាក់​ច្រើន​ម៉ូដ ហើយ​អាច​ស្លៀក​ដដែល​បាន​នោះ​ឡើយ។ នាង​ថ្លែង​ថា ជា​ធម្មតា​​ខោអាវ​ដែល​​ខ្លួន​ស្លៀក គឺ​​ស្លៀក​តែ​ម្ដង គឺ​ឈប់​​ស្លៀក​ហើយ បន្ទាប់​មក​ខ្លួន​​យក​សំលៀកបំពាក់​នោះ​មក​តាំង​នៅ​ហាង​របស់​ខ្លួន​ដើម្បី​ឲ្យ​ភ្ញៀវ​មើល ហើយ​សំលៀក​បំពាក់​ភាគ​ច្រើន​ភ្ញៀវ​ទិញ​យក​ទៅ​ស្លៀក​បន្ត។

សំលៀក​​បំពាក់​​ដែល​តារា​ស្រី​បាន​ស្លៀក​ខាង​លើ​មាន​តម្លៃ ក្នុង​១កំប្លេ​មាន​តម្លៃ​ចន្លោះ១៥០ ដុល្លារ រហូត​ដល់​ទៅ​ជិត​១០០០ ដុល្លារ។ ប្រសិន​បើ​មិន​មាន​កម្មវិធី​អ្វី​ទេ ឌួង ហ្សូរីដា ចូល​​ចិត្ត​​ស្លៀក​សំលៀក​បំពាក់​​ខោ​ខោវប៊យ​អាវ​យឺត។

ជា​មួយ​​ការ​ប្រើប្រាស់​សំលៀកបំពាក់​ប្រពៃណី​នេះ ឌួង ហ្សូរីដា បាន​​ណែនាំ ស្ត្រី​ខ្មែរ​ទាំង​អស់​គួរ​តែ​មាន​សំលៀក​បំពាក់​ប្រពៃណី​យ៉ាង​តិច​១កំប្លេប្រចាំ​ខ្លួន ដើម្បី​ងាយ​ស្រួល​ចូល​រួម​កម្មវិធី​​ផ្សេងៗ។ ជា​មួយ​គ្នា​នេះ​ដែរស្ត្រី​ខ្មែរ​ដែល​មាន​ចំណូល​តិច អាច​ប្រើ​ក្រណាត់​ស៊ឹងក៏​បាន ត្បិត​អី​ក្រណាត់​ប្រភេទ​នេះ ជា​របស់​ខ្មែរ​ហើយ​មាន​តម្លៃ​ទាប គឺ​ត្រឹម​៣០ ទៅ ៤០ ដុល្លារ បើ​បូក​ទាំង​ជាង​កាត់​ផង​នោះ មាន​តម្លៃ​ប្រហែល​៧០ ទៅ ៨០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​កំប្លេ។

គូរ​បញ្ជាក់​ថា ប្រសិន​បើ​និយាយ​ពី​ការ​ស្លៀកពាក់​ខ្មែរ​យើង​មាន​ប្រពៃណី​ច្បាស់​លាស់​ណាស់ ចាស់​បូរាណ​បាន​កំណត់​ពណ៌​ចំនូន៧ ​ទៅ​តាម​ថ្ងៃ​​នីមួយៗ ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ស្លៀកពាក់ ក្នុង​នោះ មាន​ថ្ងៃ​​ច័ន្ទ ពណ៌ លឿងទុំ ​ថ្ងៃ​អង្គារ ពណ៌​ស្វាយ ថ្ងៃ​ពុធ ពណ៌ ស៊ីលៀប ( បៃតង​ខ្ចី) ​ថ្ងៃព្រហស្បត្ណិ ពណ៌​​បៃតង​សុទ្ធ​ថ្ងៃ សុក្រ ពណ៌​ខៀវ ​ថ្ងៃ សៅរ៍ ពណ៌​​ព្រីង​ទុំ ​ថ្ងៃអាទិត្យ​ពណ៌ ក្រហម ។

ពណ៌​ទាំង​​នោះ​ចាស់​បូរាណ​បាន​​កំណត់​​យក​តាម​គោចរ​ព្រះអាទិត្យ ហើយ​ប្រសិន​បើ​ប្រជាជន​ដែល​ប្រតិបត្តិ​បាន​នោះ នឹង​នាំ​ឲ្យ​មាន​សិរីសួស្ដី​​សុភមង្គល។ នេះ​បើ​តាម​លោក​ជំទាវ ចាន់ធី អនុរដ្ឋលេខាធិការ​ក្រសួងព័ត៌មាន៕

ស្តាប់​ការ​រៀប​រាប់​លម្អិត​ពី ឌួង ហ្សូរីដា​ក្នុង​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ស៊ុនហួត