សៀវ​ ង៉ុយ​ បើ​ចង់​បង្ហាញ​មុខ​ញឹកញាប់​ត្រូវ​ខំប្រឹង​​វ៉ៃ​ឲ្យ​ឈ្នះ

  • 2017-04-13 23:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទម្ងន់​ស្រាល​និង​ជា​ជើង​ខ្លាំង​មាន​ខ្សែ​ក្រវាត់​ច្រើន​គ្រឿង​ក្នុង​ដៃ​ សៀវ​ ង៉ុយ​ ប្រាប់​ថា​ ​ទោះ​ជា​បច្ចុប្បន្ន​មាន​ការ​ជោគជ័យ​យ៉ាង​នេះ​ក៏​ដោយ​ ប៉ុន្តែ​​គេ​មិន​ព្រងើយ​កន្តើយ​នោះ​ទេ​ នៅ​តែ​ព្យាយាម​ហ្វឹកហាត់​ជា​និច្ច​ទើប​ឡើង​ប្រកួត​ឈ្នះ​​ញឹកញាប់។​

កីឡាករ សៀវ ង៉ុយ

សៀវ​ ង៉ុយ​ បាន​និយាយ​ថា​ បើ​រាប់​ពី​ចំនួន​ខ្សែ​ក្រវាត់​វិញ​សព្វ​ថ្ងៃ​នេះ​គេ​មាន​៣គ្រឿងគឺ​ទី១​ ខ្សែ​ក្រវាត់​ សមរភូមិអ្នកប្រយុទ្ធ​ (PNN) ទី២​ ខ្សែ​ក្រវាត់​ CBS​ (អប្សរា)​ និង​ទី៣​ គឺ​ខ្សែ​ក្រវាត់​ SkyLand ​ និង​រួម​ទាំង​ពានរង្វាន់​ទូទាំង​ប្រទេស​២ទៀត​ផង។​ ទោះ​​ជោគជ័យ​ខ្លាំង​ និង​មានឈ្មោះបោះសម្លេង​នា​ពេល​បច្ចុប្បន្ន​​ក៏​ដោយ​ តែ​ជើង​ខ្លាំង​រូប​នេះ​នៅ​តែ​បន្ត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ដូច​មុន​ ​ពីព្រោះ​មិន​ចង់​ឲ្យ​ធ្លាក់​​សមត្ថភាព​នោះ​ទេ។​

ម្ចាស់​ខ្សែ​ក្រវាត់​ SkyLand​ ថ្មីថ្មោង​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ដោយ​ការ​ស្រឡាញ់​អាជីព​ប្រដាល់​មួយ​នេះ​ ទើប​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឲ្យ​ខិតខំ​ហ្វឹកហាត់​ជា​បន្តបន្ទាប់​។ មិន​ចាំ​បាច់​មាន​ការ​ដាស់តឿន​ច្រើន​ពី​គ្រូបង្ហាត់​ឡើយ​ គឺ​ស្វះស្វែង​​ហ្វឹកហាត់​ដោយ​ខ្លួន​តែ​ម្ដង។​ ណា​មួយ​អាជីព​​​ប្រដាល់​នេះ​ បាន​ផ្ដល់​ឲ្យ​ជីវភាព​គ្រួសារ​​របស់​គេ​ធូរធារ​ជាង​មុន​ច្រើន។​​ បើ​ចង់​ឡើង​ប្រកួត​ឲ្យ​បាន​ញឹក​ញាប់​នោះ​ លុះ​ត្រា​តែ​ខ្លួន​ខំប្រឹង​និង​វ៉ៃ​ឲ្យ​ឈ្នះ​គេ​ ទើប​បាន​ខាង​ស្ថានីយ​គេ​ហៅ​ឡើងប្រកួតច្រើន។​

កីឡាករ សៀវ ង៉ុយ ខៀវ

សៀវ​ ង៉ុយ​ ជា​កូន​​សិស្ស​របស់​លោក​គ្រូ​ ធន់​ សុភា​ នៃ​ក្លឹប​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​។ ​ពេល​ថ្មី​ៗ​នេះ​ អ្នក​ប្រដាល់​វ័យ​២៦ឆ្នាំ​​​បាន​​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ ៥៤​គីឡូក្រាម​ របស់​ Sky land ដែល​រៀបចំ​កម្មវិធី​ប្រកួត​ម៉ារាតុង​កាល​ពី​ថ្ងៃ​ទី១០-១២​ ខែ​មីនា​ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ៕

អត្ថបទ៖ នួន ស៊ីណា​