Amazon នឹង​​សង​​​ ៧០ លាន​ដុល្លារ​ ក្រោយបោះបង់ការ​តវ៉ា​​ជំទាស់​នៅ​តុលាការ

  • 2017-04-05 06:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Amazon បាន​សម្រេច​ទម្លាក់​ចោល​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍​របស់​ខ្លួន​​ដែល​ប្ដឹង​ជំទាស់​នឹង​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ ដោយ​ជិត​មួយ​ឆ្នាំ​មុន​តុលាការ​បាន​សម្រេច​សាលក្រម​ថា​ Amazon មាន​កំហុស​លើ​​ការគិត​កម្រៃ​នៃ​​ការ​ទិញ​របស់​ក្នុង​កម្មវិធី​​ពី​អ្នក​ប្រើ​ប្រាស់​ដោយ​មិន​ស្រប​ច្បាប់។

តាម​ពិត​ទៅ​ការ​កាត់​លុយ​នៃ​ការ​ទិញ​របស់​ក្នុង​កម្មវិធី​ធ្វើ​ឡើង​ដោយ​កូន​ក្មេង​តូចៗ​នៅ​ពេល​ដែល​ពួក​គេ​ប្រើ​ប្រាស់​កម្មវិធី​ដែល​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ។ នៅ​ឆ្នាំ​ ២០១៦ ​ចៅក្រម​សហព័ន្ធ​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា​ Amazon មិន​អាច​ផ្ដល់​ការ​បញ្ជាក់​ច្បាស់​​ដល់​ឪពុក​ម្ដាយ​ទាំង​ឡាយ​ថា​​កម្មវិធី​ឥត​គិត​ថ្លៃ​មួយ​ចំនួន​គឺ​មាន​បញ្ចូល​ការ​ទិញ​របស់​ក្នុង​កម្មវិធី ហើយ​មិន​​បាន​ផ្ដល់​ការ​​ណែនាំ​គ្រប់​គ្រាន់​ និង មិន​បាន​កំណត់​​ឲ្យ​មាន​ការ​ទាម​ទារ​លេខ​សម្ងាត់​ពេល​ទិញ​របស់​ក្នុង​កម្មវិធី។

គណៈកម្មការ​សហព័ន្ធ​ពាណិជ្ជកម្ម​បាន​ប៉ាន់​ស្មាន​ថា​ឪពុក​ម្ដាយ​ទាំង​ឡាយ​បាន​ចំណាយ​​លើស​ពី​ ៧០ លាន​ដុល្លារ​​លើ​ការ​ទិញ​របស់​ក្នុង​កម្មវិធី​ធ្វើ​ឡើង​ដោយ​កូនៗ​របស់​ពួក​គេ។ តួលេខ​នេះ​គិត​ចាប់​ពី​ចន្លោះ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១១ ដល់​ខែ​ឧសភា​ ឆ្នាំ​ ២០១៦។ Amazon បាន​ស្នើ​សុំ​​ដោយ​ចង់​​ផ្ដល់​សំណង​ជា​ Gift Card (កាត​ដែល​មាន​ទឹក​ប្រាក់​សម្រាប់​ទិញ​ទំនិញ) វិញ​​​ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ជំទាស់​ ហេតុ​នេះ​ឆាប់ៗ​ខាង​មុខ​ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​ផ្ដល់​សំណង​ជា​ទឹក​ប្រាក់​​តាម​រយៈ​​កាត​ឥណទាន​ ឬ តាម​រយៈ​សែក៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង