គង់ ​វិច្ឆិកា បង្ហើប​ពី​មហិច្ឆតា RANG ROVER

  • 2017-04-05 06:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ពិធី​ការិនី កញ្ញា គង់ ​វិច្ឆិកា ដែល​កំពុងតែ​ជិះ LEXUS RX 300 បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​ចង់​ប្ដូរ​រថយន្ត​កំពុង​ជិះ​រាល់​ថ្ងៃ​ចង់​ខ្លាំង​ណាស់ ហើយ​រថយន្ត​ដែល​ជា​ក្ដី​ស្រមៃ​របស់​នាង​​នោះ គឺ RANG ROVER។

បច្ចុប្បន្ន​តារា​ស្រី​រូប​នេះ​​កំពុងតែ​សន្សំ​ប្រាក់ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន ហើយ​នាង​សង្ឃឹម​យ៉ាង​មុត​​មាំ​ថា អាច​​សន្សំ​​បាន​គ្រប់​ឆាប់​ៗ​ខាង​មុខ​នេះ។ RANG ROVER ដែល​​គ្រោង​គ្រោង​ទិញ​នោះ អាច​មាន​តម្លៃ​ច្រើន​ជាង៦ ម៉ឺន ខណៈ​ដែល LEXUS RX 300 នាង​កំពុង​ជិះ​តាម​តម្លៃ​ត្រឹម​១ម៉ឺន​ដុល្លារ​ជាង​ប៉ុណ្ណោះ។

វិច្ឆិកា​បាន​បន្ត​ឲ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ការងារ​សិល្ប​របស់​នាង មាន​ការ​រីក​ចម្រើន​​ជាង​មុន​ ព្រោះ​ឧស្សាហ៍​ចុះ​ធ្វើ MCតាម​ខេត្ត ញឹកញាប់។ ជា​មួយ​គ្នា​នោះ តម្លៃ​ខ្លួន​ក៏​បាន​ឡើង​ថ្លៃ​ជាង​មុខ​ផង​ដែរ។ ចំពោះ​ការងារ​ថត​កុន​វិញ រាង​រយាល​បន្តិច ព្រោះ​តែ​​រវល់​នឹង​​ការងារ MC ច្រើន​ពេក។

នាង​ថ្លែង​​​ថា ជា​មួយ​ការ​ចង់​បាន RANG ROVER រហូត​ដល់​ថ្នាក់​ដេក​សុបិន​ញឹក​ញាប់​នេះ ខ្លួន​មិន​ចង់​លេង​ផ្លូវ​កាត់​ឡើយ ប្រសិន​​​បើ​​មាន​បុរស​មាន​ទ្រព្យ​ណា​​​ម្នាក់​ចង់​ជួយ​ក្ដី ព្រោះ​នាង​គិត​ថា ជំនួយ​តែង​មាន​ចំណង ដូច​នេះ​​ចង់​សន្សំ​ដោយ​កម្លាំង​​ញើស​ឈាម​ខ្លួន​ឯង​​ប្រសើរ​​ជា​ជាង។

គង់ វិច្ឆិកា បាន​បោះ​ជំហាន​ចូល​សិល្បៈ​ជាង៤ ឆ្នាំ​មក​ហើយ តារា​ស្រី​រូប​នេះ​ធ្លាប់​ជិះ​រថយន្ត​អស់​ចំនួន២គ្រឿង​មក​ហើយ ដែល​រថយន្ត​ដែល​នាង​ជិះ​ដំបូង​គេ​គឺ ម៉ាក Corolla។

ក្នុង​អាជីព​សិល្បៈ​ខាង​លើ ក្រៅ​ពី​ជា​ពិធី​ការិនី តារា​ស្រី​រូប​នេះ​ធ្លាប់​សម្ដែង MV​ ស្ប៉ត​ពាណិជ្ជកម្ម និង ធ្លាប់​ថត​ខ្សែ​ភាពយន្ត​​បាន៥​ ទៅ៦ រឿង​មក​ហើយ។ ការ​សម្ដែង​របស់​នាង​បាន​ត្រឹម​តួអង្គ​បន្ទាប់​បន្សំ​ មិន​ទាន់​មាន​ឱកាស​បាន​សម្ដែង​តួឯក​នៅ​ឡើយ​ទេ។

បច្ចុប្បន្ន​នាង​គឺ​ជា​ពិធី​ការិនី​ឲ្យ​​ស្ថានីយ​ទូរទស្សន៍​ហង្សមាស ដែល​ពី​មុន​នាង​កាន់​​​កម្មវិធី ​"តំបន់​យុវវ័យ" ប៉ុន្តែ​​កម្មវិធី​មួយ​​នោះ​ត្រូវ​បាន​​ផ្អាក ខាង​ស្ថានីយ​តម្រូវ​​ឲ្យ​នាង​មក​កាន់ កម្មវិធី​"តន្ត្រី​ពិសេស" ជំនួស​វិញ៕

អត្ថបទ៖ ស៊ុនហួត