មុន​​ទៅ​បារាំង​ស្អែក សេន​ ប៊ុនថេន ប្រាប់​ពេល​វេលា​ចូល​និវត្តន៍​ពី​សង្វៀន​

  • 2017-04-05 07:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដែល​ថែ​សាច់​បាន​ល្អ​និង​ជា​កីឡាករ​ដែល​មាន​បទពិសោធន៍​ជោកជាំ​លើ​សង្វៀន​ មិន​ថា​ក្នុង​ស្រុក​ឬ​ក្រៅ​ស្រុក​នោះ​ សេន​ ប៊ុនថេន​ ថា​ចិត្ត​នៅ​តែ​ស្រឡាញ់​វិស័យ​ប្រដាល់​គុន​ខ្មែរ​ តែ​ធ្វើ​ដូច​ម្ដេច​បើ​វ័យ​ជ្រេ​ទៅ​ហើយ​មិន​អាច​នៅ​បន្ត​អាជីព​នេះ​ទៀត​ទេ។​

កីឡាករ សេន ប៊ុនថេន

កីឡាករ​​ សេន​ ប៊ុនថេន​ បាន​និយាយ​ថា​ វា​ដល់​ពេល​ហើយ​ដែល​លោក​ត្រូវ​ឈប់​ពី​អាជីព​មួយ​នេះ​ ព្រោះ​ថា​ពេល​អាយុ​ក៏​ច្រើន​ណាស់​ដែរ​ វ័យ​កាន់​តែ​ចាស់​កម្លាំង​ក៏​ធ្លាក់​ចុះ​តាម​និង​ដែរ​ ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​បារាំង​នា​ពាក់កណ្ដាល​ខែ​មេសា​នេះ​ជា​ប្រកួត​ចុង​ក្រោយ​របស់​គេ​ផង​ដែរ។​

កីឡាករ សេន ប៊ុនថេន អាវក្រហម

ទាក់ទិន​ទៅ​និង​ការ​ឈប់​ឡើង​ប្រកួត​នេះ​ដែរ​អ្នក​ប្រដាល់​រូប​នេះ​បន្ត​ទៀត​ថា​ បើ​គិត​មក​ដល់​ពេល​នេះ​ គេ​ប្រឡូក​ជា​មួយ​និង​វិស័យ​ប្រដាល់​នេះ​ជិត​១៥ឆ្នាំ​មក​ហើយ​ នេះ​បើ​គិត​មក​តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ។​ ទោះ​ជា​មិន​ឡើង​ប្រកួត​ដូច​មុន​ក្ដី​ តែ​កូន​សិស្ស​លោក​គ្រូ​ មាស​ សុខគ្រី​ ម្នាក់​នេះ​ក៏​មិន​ទៅ​ណា​ឆ្ងាយ​ពី​ប្រដាល់​នោះ​ឡើយ​ នៅ​តែ​បន្ត​បង្ហាត់​សិស្ស​ ហើយ​អាច​និង​សុំ​ចូល​ជា​មន្ត្រី​សហព័ន្ធ​ប្រដាល់​ ដើម្បី​ធ្វើ​ជា​ចៅ​ក្រម​និង​អាជ្ញាកណ្ដាល។​

សេន ប៊ុនថេន និងដៃគូប្រកួតនៅបារាំង

កីឡាករ​វ័យ​ ៣៥​ឆ្នាំ​រូប​នេះ​ នឹង​ត្រូវ​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ស្អែក​វេលា​ម៉ោង​៣​ ក្រៅ​ពី​នោះ​ក៏​មាន​កីឡាករ​ ម៉ឺន​ សុភា​ និង​ឡៅ​ ចន្រ្ទា​ ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​នោះ​ដែរ។​ កីឡាករ​កម្ពុជា​៣រូប​នេះ​នឹង​ត្រូវ​ឡើង​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​ថ្ងៃទី១៥​ ខែ​មេសា​​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ ហើយ​វិលត្រឡប់​មក​វិញ​នៅ​ថ្ងៃទី៦​ ខែ​ក្រោយ៕​

អត្ថបទ៖ នួន ស៊ីណា​