មាស​ ចាន់ណា​ ថា​មិន​សម​ឈ្នះអាស៊ីអឺរ៉ុប​បាន​តែ​ត្រឹម ៤-០ ​សោះ

  • 2017-04-10 07:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាស​ ចាន់ណា​ គ្រូ​ធំ​របស់​ក្រុម​បាល់ទាត់​ណាហ្គាវើល​​ថា​ការ​ប៉ះ​គ្នា​ជា​មួយ​អាស៊ីអ៊ឺរ៉ុប​ ម្សិលមិញ​គួរ​តែ​មាន​គ្រាប់​បាល់​ច្រើន​ជាង​នេះ​ ព្រោះ​លោក​ឃើញ​មាន​ឱកាស​ច្រើន​ ប៉ុន្តែ​កូន​ក្រុម​នៅ​តែ​រៀបចំ​ខ្លួន​មិន​បាន​ល្អ​សម្រាប់​ការស៊ុតបញ្ចូលទីនាការ​ប្រកួត​លីគ​កំពូល​សប្ដាហ៍​ទី៧​នេះ។​

លោក មាស ចាន់ណា

ក្រោយ​ចប់​ការ​ប្រកួត​សប្ដាហ៍​ទី៧​ម្សិលមិញ​នេះ​ លោក​មាស​ ចាន់ណា​ ដែល​ជា​គ្រូ​បង្គោល​របស់​ក្រុម​បាល់ទាត់​ណាហ្កាវើល​បាន​និយាយ​ថា​ បើ​តាម​ការ​រំពឹង​ទុក​របស់​លោក​ មុន​ការ​ប្រកួត​នេះ​ជា​មួយ​ក្រុម​បាល់ទាត់​អាស៊ីអ៊ឺរ៉ុប​គិត​ថា​ណាហ្គាវើល​ឈ្នះ​ត្រឹម​ ២-០​ ប៉ុណ្ណោះ​ប៉ុន្តែ​ជាក់​ស្ដែង​ក្រុម​របស់​លោក​ឈ្នះ​រហូត​ដល់​ទៅ​៤គ្រាប់​ឯណោះ។​ ចំពោះ​ការ​ប្រកួត​នេះដែរ ​គ្រូ​បង្វឹក​របស់​ណាហ្កាវើល​រូប​នេះ​បន្ថែម​ទៀត​ថា​ តាម​មើល​ការ​ប្រកួត​គួរ​ណាស់​តែ​កូន​ក្រុម​របស់​លោក​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​នេះ​ទៅ​ទៀត។​

កីឡាករ ណាហ្កាវើល

នៅ​ពេល​ក្រុម​អាស៊ីអ៊ឺរ៉ុប​ សម្រុក​មក​លើ​ក្រុម​លោក​ (ណាហ្គាវើល)​ ខ្លាំង​ហើយ​ពេល​នោះ​បាល់​ដាច់​មាត់​ទៅ​វិញ​ ជូន​កាល ​២​ ទៅ​ ៣​នាក់​ឯណោះ​កូន​ក្រុម​របស់​លោក​នៅ​តែ​មិនអាចធ្វើអ្វីបាន។​ ដូច​ជា​ការ​បញ្ជូន​បាល់​ទៅ​ឲ្យ​គ្នា​ដើម្បី​ស៊ុត​ហាក់​មិន​យល់​ចិត្ត​គ្នា​តែ​ម្ដង​ បើ​ពួក​គេ​បាន​បាល់​ហើយ​ស៊ុត​ចូល​នោះ​គ្រាប់​បាល់​មិន​មែន​ប៉ុណ្ណេះ​ទេ។​

កីឡាករ ណាហ្កាវើល

ក្រុម​បាល់ទាត់​ណាហ្គាវើល​យក​ឈ្នះ​​អាស៊ីអ៊ឺរ៉ុប​ ៤-០​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៩​ ខែ​មេសា​ ឆ្នាំ​២០១៧​នៅពហុ​​កីឡដ្ឋាន​ជាតិ។​ ៤គ្រាប់​របស់​ណាហ្គាវើល​រក​បាន​ដោយ​កីឡាករ​ Kipson ២គ្រាប់​ Kento ១គ្រាប់​ និង​ Kelechi​ ១គ្រាប់​ ការ​ប្រកួត​នេះ​ដែរ​ជា​ការ​ប្រកួត​សប្ដាហ៍​ទី៧​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​