ធន់​ សុភា​ ប្រាប់​ក្បាច់ពិសេស២​​ដល់​ ម៉ឺន​ សុភា​ ដើម្បីផ្ដួល​កីឡាករ​នៅ​បារាំងឱ្យបាន

  • 2017-04-15 00:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ដែល​មាន​ឈ្មោះ​ល្បី​នា​ពេល​បច្ចុប្បន្ន​ហើយ​កំពុង​មាន​កូន​សិស្ស​ល្អ​ៗ​និង​មាន​សមត្ថភាព​ខ្ពស់​ ធន​ សុភា​ បាន​ប្រាប់​ចំណុច​ពិសេស​ៗ​មួយ​ចំនួន​ដល់​កូន​សិស្ស​សំណព្វ​របស់​ដើម្បី​ទៅ​ស្វែង​រក​ជ័យជម្នះ​លើ​កីឡាករ​ម្ចាស់​ផ្ទះ​បារាំង​ពាក់​កណ្ដាល​ខែ​មេសា​នេះ។​

លោកគ្រូ ធន់ សុភា

គ្រូ​ប្រដាល់​គុន​ខ្មែរ​ ធន់​ សុភា​ បាន​ឲ្យ​ដឹង​ថា​ចំពោះ​ការ​ប្រកួត​នៅ​ប្រទេស​បារាំង​របស់​ ម៉ឺន​ សុភា​ ពេល​ខាង​មុខ​នេះ​លោក​បាន​បង្ហាត់​ស្នៀត​មួយ​ចំនួន​ក៏​ដូច​ជា​ប្រាប់​វិធី​សាស្ត្រ​ដែល​ត្រូវ​ទុក​ប្រើ​ជា​មួយ​ពួក​កីឡាករ​អឺរ៉ុប​ដែល​មាន​មាឌ​ធំ​ខ្ពស់​ជាង​ខ្លួន។​ កីឡាករ​អឺរ៉ុប​ភាគ​ច្រើន​មាន​កាយសម្បទា​រឹងមាំ​ដោយ​សារ​ពួកគេ​ហាត់​យក​សាច់ដុំ​ខ្លាំង​ដូច​នេះ​បើ​វ៉ៃ​ទៅ​លើ​ដងខ្លួន​ពិបាក​នឹង​យក​ជ័យជម្នះ​លើ​កីឡាករ​ទាំង​នោះ​ណាស់។​

គ្រូ​ប្រចាំ​នៅ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បន្ត​ទៀត​ថា​ តាម​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​នា​ពេល​កន្លង​មក​ ចំណុច​ខ្សោយ​របស់​កីឡាករ​អ៊ឺរ៉ុប​គឺ​ជើង​ក្រោម​ និង​ផ្ទៃ​មុខ​ ដូច​នេះ​ពេល​ ម៉ឺន​ សុភា​ ប្រកួត​គួរ​ណាស់​ទាត់​ក្រោម​ឲ្យ​បាន​ច្រើន​ នឹង​វ៉ៃ​ទៅ​លើ​ផ្ទៃ​មុខ​ ហើយ​វ៉ៃ​ទៀត​សោត​មួយ​ៗ​ត្រូវ​មាន​ទម្ងន់​(វ៉ៃ​ឲ្យ​ខ្លាំង​ៗ​និង​ឈឺៗ) ​ធ្វើ​ដូច​នេះ​ទើប​យក​ជ័យជម្នះ​លើ​ពួក​គេ​បាន។​

កីឡាករ ម៉ឺន សុភា

ការ​ចេញ​ទៅ​បារាំង​លើក​ទី១​នេះ​ ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​ ម៉ឺន​ សុភា​ ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​ទៅ​ឆាក​អន្តរជាតិ​ នឹង​អាច​ស្វែង​រក​បទពិសោធន៍​ប្រកួត​នៅ​ក្រៅ​ប្រទេស​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​នៅ​ពេល​ត្រៀម​ចូលរួម​កីឡា​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ម៉ាឡេស៊ីខាង​មុខ​នេះ។​

កីឡាករ ម៉ឺន សុភា(ឆ្វេង) ធន់ សុភា(កណ្ដាល) ម៉ិល កាដូ(ស្ដាំ)

ការ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​នេះ​ជា​លើក​ទី១​ហើយ​ សម្រាប់​កីឡាករ​ ម៉ឺន​ សុភា​ និង​ឡៅ​ ចន្រ្ទា​ ខណៈ​កីឡាករ​ ចាស់​ វស្សា​ សេន​ ប៊ុនថេន​ ទៅ​ប្រកួត​នៅ​ទីនោះ​ជិត​១០​ដង​មក​ហើយ។​ កីឡាករ​តំណាង​ឲ្យ​កម្ពុជា​ទាំង​៣​ចេញ​ពី​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៧​មក​ម្ល៉េះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម