Apple និង Google កំពុង​តែ​ដើរ​តាម​ Samsung

  • 2017-04-11 04:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឡប់​ទៅ​ឆ្នាំ​ ២០១៥ Samsung បាន​នាំ​យក​ស្មាតហ្វូន​អេក្រង់​រាង​កោង​​ទាំង​សង​ខាងដំបូង​គេ​គឺ​ Galaxy S6 Edge ដោយ​ទទួល​បាន​ភាព​ជោគជ័យ​​គួរ​ឲ្យ​កត់​សម្គាល់។ ឆ្នាំ​​​បន្ទាប់​ Samsung ក៏​នៅ​បន្ត​​ប្រើ​ការ​រចនា​អេក្រង់​រាង​កោង​នេះ​លើ​ Galaxy S7 Edge។

នៅ​ឆ្នាំ​ ២០១៧ នេះ​ដែរ​ Samsung ក៏​បាន​បង្ហាញ​​ Galaxy S8/S8+ ​មាន​អេក្រង់​រាង​កោង​ដែល​កាន់​តែ​ពិសេស​ជាង​មុន​ព្រោះ​​គែម​ខាង​លើ​ និង ខាង​ក្រោម​របស់​ស្មាតហ្វូន​ស្ទើរ​តែ​លែង​មាន​ មើល​ទៅ​ផ្នែក​​ខាង​មុខ​ដូច​​មាន​តែ​ផ្ទាំង​ OLED មួយ​យ៉ាង​អ៊ីចឹង។ ការ​រចនា​របស់​ Galaxy S ជំនាន់​ចុង​ក្រោយ​​បង្អស់​នេះ​ទទួល​បាន​ការ​កោត​សរសើរ​ពី​សំណាក់​អ្នក​​រាយការណ៍​ព័ត៌មាន​ជា​ច្រើន​​​ដែល​បាន​ចាប់​កាន់​ស្មាតហ្វូន​នេះ​មុន​គេ។

រូបរាងគំរូ iPhone 8

ហើយ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​បំផុត​​បាន​ឲ្យ​ដឹង​ថា​ Apple និង Google ទំនង​ជា​ចម្លង​​ការ​រចនា​​អេក្រង់​​រាង​កោង​នេះ​ដាក់​លើ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន។ ដំបូង​គេ​គឺ​ Apple ដោយ​គេ​រំពឹង​ថា​ក្រុមហ៊ុន​នេះ​នឹង​បង្ហាញ​ iPhone ​ម៉ូដែល​ពិសេស​​​សម្រាប់​ខួប​ ១០ ឆ្នាំ​នៃ​ការ​កកើត​ iPhone។ iPhone ម៉ូដែល​ពិសេស​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ iPhone 8 ដោយ​​​តាម​ចចាមអារ៉ាម​ឲ្យ​ដឹង​ថា​វា​នឹង​មាន​ការ​រចនា​រូបរាង​ថ្មី​ក្នុង​នោះ​រួម​មាន​​អេក្រង់​ OLED រាង​កោង​តាម​ស្ទីល​របស់​ Galaxy S8 ផង​ដែរ។

ដោយ​ឡែក​ Google ឯណោះ​វិញ​​ក៏​រំពឹង​ថា​នឹង​បញ្ចេញ​ស្មាតហ្វូន​ Pixel ស៊េរី​ថ្មី​ក្នុង​ឆ្នាំ​នេះ​ដែរ ហើយ​បើ​តាម​ការ​រាយការណ៍​ចុង​ក្រោយ​​សន្និដ្ឋាន​ថា​​ស្មាតហ្វូន​ថ្មី​នេះ​នឹង​មាន​បំពាក់​អេក្រង់​ OLED ដែល​មាន​រាង​កោង។ ត្បិត​ថា​​​ទាំង​នេះ​ត្រឹម​ជា​ពាក្យ​ចចាមអារ៉ាម​ ប៉ុន្តែ​មាន​ភាគ​រយ​ច្រើន​ដែល​វា​អាច​ក្លាយ​ជា​ការ​ពិត​ ព្រោះ​ថា​អ្នក​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន​ហាក់​មាន​ទំនោរ​ចាប់​អារម្មណ៍​លើ​អេក្រង់​រាង​កោង​ច្រើន​ជាង​អេក្រង់​រាប​ស្មើ៕​​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង