Qualcomm គាស់​កកាយ​ទង្វើ​អប្រិយ​ Apple តាម​ពាក្យ​បណ្ដឹង

  • 2017-04-11 07:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​រោង​ការ​ប្ដឹង​ផ្ដល់​ពី​ Apple ជា​ច្រើន​ករណី​ផ្សេង​គ្នា​​​​កាល​ពី​ខែ​មករា​រួច​មក​ ថ្ងៃ​នេះ​ក្រុមហ៊ុន​ Qualcomm បាន​ធ្វើ​ការ​ប្ដឹង​បក​វិញ​ ដោយ​បាន​លើក​ឡើង​ពី​ទង្វើ​អប្រិយ​របស់​ Apple តាម​រយៈពាក្យ​បណ្ដឹង។

ក្នុង​ពាក្យ​​បណ្ដឹង​​រួម​មាន​​ការ​អះអាង​ថា​ Apple ​មាន​ចេតនា​​ប្រើ​​​ Modem ​របស់​ Qualcomm ដែល​បំពាក់​​ក្នុង​ iPhone 7 មិន​​ឲ្យ​ដល់​ចំណុច​កំពូល​របស់​វា​ដូច​នេះ​​ធ្វើ​ឲ្យ​មិន​មាន​ដំណើរ​ការ​ប្រសើរ​ជាង​ Modem ផ្ដល់​ដោយ​ក្រុមហ៊ុន​ Intel។ Qualcomm លើក​ឡើង​ថា Apple សម្រេច​មិន​ប្រើ​ប្រាស់​មុខងារ​ដែល​មាន​សមត្ថភាព​ខ្លាំង​​របស់​​ Modem Qualcomm លើ iPhone 7 ហើយ​នៅ​ពេល​ដែល​ iPhone ប្រើ​​ Modem Qualcomm ​​អាច​នឹង​យក​ឈ្នះ iPhone ប្រើ​​ Modem Intel នោះ Apple ក៏​បាន​អះអាង​ទាំង​ខុស​ថា​ទូរសព្ទ​ទាំង​ពីរ​ប្រភេទ​គ្មាន​ចំណុច​ខុស​គ្នា​​នោះ​ទេ។

Qualcomm ក៏​បាន​​លើក​ឡើង​ដែរ​ថា​ Apple បាន​ហាម​ឃាត់​ខ្លួន​មិន​ឲ្យ​បញ្ចេញ​ព័ត៌មាន​​ទៅ​កាន់​អតិថិជន​ថា​ iPhone ប្រើ​​ Modem Qualcomm ​​​មាន​សមត្ថភាព​ខ្លាំង​ជាង​​ iPhone ប្រើ​​ Modem Intel នោះ។ Qualcomm បញ្ជាក់​ក្នុង​​ពាក្យ​បណ្ដឹង​ថា​ Apple បាន​គំរាម​ឲ្យ​រក្សា​​​ភាព​ស្ងៀមស្ងាត់​ពី​ភាព​ខុស​គ្នា​រវាង​ iPhone ដែល​ប្រើ​ Modem ពីរ​ផ្សេង​គ្នា និង ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ប្រៀប​ធៀប​ជា​សាធារណៈ​រវាង​ iPhone ទាំង​ពីរ។

ការ​ប្ដឹង​ដទៃ​ទៀត​ក្នុង​ពាក្យ​បណ្ដឹង​រួម​មាន​​ការ​អះអាង​ថា​ Apple បាន​ល្មើស​​កិច្ច​ព្រមព្រៀង​ និង ​ការ​ចរចា​ជា​មួយ​ Qualcomm និង​ ជ្រៀតជ្រែក​លើ​​កិច្ច​ព្រមព្រៀង​របស់​ Qualcomm ជា​មួយ​នឹង​ក្រុមហ៊ុន​ដទៃ​ជា​ដើម។

កាល​ពី​ខែ​មករា​កន្លង​ទៅ​ Apple បាន​​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​​ក្រុមហ៊ុន Qualcomm ​ទាម​ទារ​សំណង​ ១ ពាន់​លាន​ដុល្លារ​ដោយ​ចោត​ថា​ Qualcomm ​គិត​កម្រៃ​ច្រើន​លើស​លប់​លើ​ការ​ប្រើ​ប្រាស់​ប៉ាតង់។ បន្ទាប់​មក​ក៏​មាន​ពាក្យ​បណ្ដឹង​ពីរ​បន្ថែម​ទៀត​​មួយ​ក្នុង​ប្រទេស​ចិន​ និង មួយ​ទៀត​នៅ​ចក្រភព​អង់គ្លេស​ដោយ​ករណី​​ទាំង​ពីរ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឌីហ្សាញ​ និង ប៉ាតង់​ដូច​គ្នា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង