តៃវ៉ាន់ ក្លាយជា​ប្រទេសដំបូង​នៅអាស៊ី ហាមឃាត់​មិនឲ្យបរិភោគ​សាច់ឆ្កែ និងឆ្មា

  • 2017-04-12 04:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តៃវ៉ាន់ បាន​អនុម័ត​ច្បាប់​ការពារ​សត្វ កាល​ពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ ដោយ​ដាក់​ពិន័យ​លើ​ការ​បរិភោគ​សាច់​ឆ្កែ និង​ឆ្មា ព្រមទាំង​ដាក់​ពន្ធនាគារ​សម្រាប់​អ្នក​សម្លាប់ និង​ធ្វើ​ទារុណកម្ម​លើ​សត្វ​ផង​ដែរ។

ជាមួយ​នឹង​ច្បាប់​ថ្មី​នេះ ការ​លក់ ទិញ ឬ បរិភោគ​សាច់​ឆ្កែ ឬ ឆ្មា នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ចន្លោះ​ពី ១ ៦០០​ដុល្លារ ដល់ ៦៥ ០០០​ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ ការ​ធ្វើ​វិសោធនកម្ម​នេះ បាន​ពង្រឹង​ការ​ផ្ដន្ទាទោស សម្រាប់​អ្នក​ដែល​មាន​ចេតនា​បង្ក​គ្រោះថ្នាក់​ដល់​សត្វ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​អតិបរមា ចំនួន​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ៦ ៥០០​ដុល្លារ ដល់ ៦៥ ០០០​ដុល្លារ​ទៀត​ផង។

លើស​ពី​នេះ​ទៅ​ទៀត ជនល្មើស​អាច​ត្រូវ​ជាប់​ពន្ធនាគារ ពី ១ឆ្នាំ ដល់ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ចន្លោះ​ពី ១៦ ០០០​ដុល្លារ ដល់ ១៦០ ០០០​ដុល្លារ ប្រសិន​បើ​នៅ​តែ​ល្មើស​ម្ដង​ហើយ​ម្ដង​ទៀត។ ក្រៅ​ពី​នេះ ម្ចាស់​សត្វ​ចិញ្ចឹម ដែល​បណ្ដើរ​សត្វ​តាម​ម៉ូតូ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ទៅ ៥០០​ដុល្លារ។

គួរ​បញ្ជាក់​ថា តៃវ៉ាន់ គឺ​ជា​ប្រទេស​ដំបូង​បង្អស់​នៅ​អាស៊ី ដែល​បាន​ចេញ​ច្បាប់​ហាម​ឃាត់​បែប​នេះ៕

ប្រភព៖ Chinapost   ប្រែ​សម្រួល៖ សេង ឡុង