ចុង​ក្រោយ​នេះ តា​ហ៊្វុយហ្សូ ជំងឺ​សន្លាក់​ធ្វើ​ទុក្ខ​ខ្លាំង

  • 2017-04-13 02:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​កំប្លែង​ជើងចាស់ និង​ជា​ប្រធាន​អង្គការ N.A.C.A លោក ស៊ូ សាវ៉ាង ហៅ​ ហ៊្វុយហ្សូ ពេល​នេះ​កំពុងតែ​មាន​ជំងឺ​​សន្លាក់​យ៉ាង​ធ្ងន់ធ្ងរ លោក​ថា មិន​មាន​លទ្ធភាព​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ បច្ចុប្បន្ន​ទ្រាំ​ព្យាបាល​នេះ​ផ្ទះ។

ជំងឺ​​សន្លាក់​​នេះ​តា​ហ៊្វុយ​ហ្សូ ទើបតែ​​កើត​ជាង​១ខែ​មក​នេះ ដែល​កន្លង​មក​មិន​ធ្លាប់​កើត​ឡើយ។ អាការ​បាន​ធ្វើ​ទុក្ខ​ជា​ខ្លាំង​ស្ទើរ​រាល់​​ថ្ងៃ លោក​​មិន​បាន​សម្រាក​ឡើយ។ តា​ហ៊្វុយសូ បាន​បន្ត​រៀបរាប់​ថា ចាប់​ពី​ត្រគាក​រហូត​ដល់​ចុង​ជើង គឺ​មាន​អាការ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង មិន​អាច​ដេក​និង ​ដើរ​បាន​ឡើយ។ ​

តាម​ការ​លើក​ឡើង​របស់​​អតីត​តារា​​កំប្លែង​វ័យ​៧៤ឆ្នាំ​រូប​នេះ កន្លង​មក លោក​ធ្លាប់​​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​ជ័យជំនះ​តា​ខ្មៅ​ម្ដង និង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ម្ដង ប៉ុន្តែ​ការ​ទៅ​ពិនិត្យ​មិន​មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ឡើយ គឺ​ទើបតែ​​លេចចេញ​មាន​ជំងឺ​សន្លាក់​នា​ពេល​​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។

តាហ៊្វុយ​ហ្សូ មាន​បំណង​ចង់​ទៅ​ពិនិត្យ​សុខភាព​របស់​លោក​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ប៉ុន្តែ​រាល់​ថ្ងៃ​នេះ​លោក​មិន​មាន​លទ្ធភាព ព្រោះ​បច្ចុប្បន្ន​លោក​ត្រូវ​រាប់​រង​អង្គការ​​ដែល​មាន​ក្មេងៗ​កំព្រា ជាង​២០នាក់ ទាំង​ការ​ស្នាក់​នៅ​ហូប​ចុក ក៏​ដូច​ជា​រៀន​សូត្រ​ជា​ដើម។

ទោះបី​ជា​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​បែប​ក្ដី តាហ៊្វុយ​ហ្សូ មិន​បារម្ភ​ខ្លាំង​​ទៅ​ហ្នឹង​អង្គការ​របស់​លោក​ឡើយ ព្រោះ​បច្ចុប្បន្ន ​បាន​ប្រគល់​កិច្ចការ​ទាំង​នោះ​ឲ្យ​កូន​​បង្កើត​របស់​​លោក​ជា​មើល​ការ​ខុសត្រូវ។ ចំពោះ​ជំនួយ​វិញ លោក​ថា សប្បុរសជន​ដែល​ធ្លាប់​តែ​ជួយ​កន្លង​មក នៅតែ​បន្ត​ជួយ​មិន​ទាន់​មាន​ការ​ខ្វះ​ខាត់​​នោះ​ទេ ។

ជា​មួយ​គ្នា​នោះ ក្មេងៗ​នៅ​ក្នុង​​អង្គការ​របស់​លោក បច្ចុប្បន្ន​ក៏​​នៅ​តែ​មាន​ទីផ្សារ​ដដែល ដោយ​ពួក​គេ​បាន​​​មាន​កម្មវិធី​សម្ដែង​តាម​កម្មវិធី​​ផ្សេងៗ​ជា​បន្តបន្ទាប់ ដើម្បី​រក​ចំណូល​មក​ផ្គត់ផ្គង់​​អង្គ​ការ​ដែរ៕

​​

អត្ថបទ៖ ស៊ុនហួត

អត្ថបទពេញនិយម