តំបន់​ទេសចរណ៍​មាន​ទឹក អាកាសធាតុ​ត្រជាក់ៗ​ទាំង​៤ ត្រូវ​ប៉ាន់​សម្រាប់​លម្ហែ​ចូល​ឆ្នាំ​ខ្មែរ​នេះ

  • 2017-04-13 04:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​ថ្ងៃ​ទៀត​ដល់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ហើយ ខណៈ​មនុស្ស​ម្នា​ភាគ​ច្រើន​ប្រាកដ​ជា​មាន​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​មិត្តភ័ក្ដិ បើ​ទោះ​ចំ​ពេល​ក្ដៅ​ខ្លាំង​ស្ទើរ​បែក​ក្បាល​ក៏​ដោយ។

តែ​មិន​ថ្វី​ទេ Sabay នឹង​ណែនាំ​តំបន់​ទេសចរណ៍​មួយ​ចំនួន​​ដែល​មាន​ខ្យល់​អាកាស​ត្រជាក់ ត្រូវ​ប៉ាន់​ក្នុង​រដូវ​ក្ដៅ ជា​ពិសេស​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​តែ​ម្ដង សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ៖

១. រមណីយដ្ឋាន​ភ្នំ​គូលែន ខេត្ត​សៀមរាប មនុស្ស​ជា​ច្រើន ជា​ពិសេស​យុវវ័យ​នាំ​គ្នា​សម្រុក​ទៅ​លេង​អង្គរ​សង្ក្រាន្ត ខេត្ត​សៀមរាប បើ​ទោះ​បី​ក្ដៅ និង​មនុស្ស​ច្រើន​ណែន​តាន់តាប់​ក៏​ដោយ។ បើ​មិន​ចង់​ក្ដៅ អ្នក​អាច​ទៅ​លេង​ភ្នំ​គូលែន មាន​ទឹក​ជ្រោះ អាកាសធាតុ​ត្រជាក់​ត្រហឹម​ស្រួល​ខ្លួន​ម៉ង។

ភ្នំ​គូលែន​ស្ថិត​នៅ​ក្នុង​ស្រុក​ស្វាយលើ ​និង​ស្រុក​វ៉ារិន ​ចម្ងាយ​ ៦០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​ និង​ប្រហែល​ ២៥​គីឡូ​ម៉ែត្រ​ពី​ប្រាសាទ​បន្ទាយស្រី។ នៅ​លើ​ភ្នំ​គូលែន​មាន​ទឹក​ធ្លាក់ ២ ជាន់។ ជាន់​ទី១ មាន​កម្ពស់​ប្រហែល​ ៤ ទៅ ៥ ​ម៉ែត្រ ហើយ​មាន​ប្រវែង​ប្រហែល ២០​ ទៅ ២៥ ម៉ែត្រ។ ជាន់​ទី​២ មាន​កម្ពស់ ១៥ ទៅ ២០ ម៉ែត្រ ហើយ​មាន​ប្រវែង ១០ ទៅ ១៥ ម៉ែត្រ។ ប្រវែង​នេះ​អាស្រ័យ​ទៅ​លើ​រដូវ​ប្រាំង និង រដូវ​វស្សា។

២. មាត់​ព្រែក​កំពត ជា​តំបន់​កម្សាន្ត​បែប​អេកូ​ទេសចរណ៍​កំពុង​ពេញ​និយម​ខ្លាំង ហើយ​ព្រៃ​លិច​ទឹក​នៅ​សង​ខាង​ព្រែក​កំពត​ដែល​ភ្ញៀវ​ទេសចរ​​អាច​ទៅ​លំហែ​កម្សាន្ត​ជាមួយ​ធម្មជាតិ​ ធ្វើ​ធូរ​ស្រាល​បំបាត់​ភាព​តាន​តឹង​អស់​រលីង។ ភ្ញៀវ​ទេសចរ អាច​ជិះ​ទូក​លេង ជិះ​ខ្សែ​រ៉ត​ នៅ​តាម​មាត់​​ព្រែក​កំពត​បាន ហើយ​បាន​គេង​​មួយ​យប់​ទៀត​ នឹង​ដឹង​ថា​ មាត់​ព្រែក​​ស្រស់​ស្អាត​បែប​ណា ព្រោះ​អី​អ្នក​នឹង​ងើប​ឡើង ឃើញ​ទេស​ភាព​ស្រស់​ស្អាត​មាន​ភ្នំ​ និង​ទឹក​ជិត​ខ្លួន នា​ពេល​ព្រឹក​ព្រលឹម។

៣. ទឹក​ធ្លាក់​តាតៃ ខេត្ត​កោះកុង និយាយ​ដល់​ខេត្ត​កោះកុង គ្រប់​គ្នា​នឹក​ដល់​ទឹក​ធ្លាក់​តាតៃ​ភ្លាម។ ទឹក​ធ្លាក់​តាតៃ ជា​រមណីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ភាគ​និរតី ដ៏​ទាក់​ទាញ និង​ល្បី​ឈ្មោះ ដោយ​សារ​សម្រស់​ដ៏​ទាក់​ចិត្ត​ប្រៀប​ឋានសួគ៌​ប្រតិស្ឋាន​លើ​ផែនដី។

ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​នៅ​ទី​នេះ ភាគ​ច្រើន​ត្រូវ​​ជ្រើស​រើស​​សេវា​ជិះ​ទូក ត្បិត​អី​នៅ​តំបន់​​នេះ​មិន​មាន​ផ្លូវ​ល្អ​នោះ​ឡើយ។ ម្យ៉ាង​ទៀត​ការ​ធ្វើ​ដំណើរ​តាម​ទូក​ប្រមាណ ២០នាទី អាច​នាំ​ចក្ខុ​ប្រទះ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល និង​វាយោ​បោក​បក់​មក​ប៉ះ​កាយ​រំសាយ​អារម្មណ៍​នា​រដូវ​ខែ​ក្ដៅ​នេះ​ផង​ដែរ។

៤. កោះ​នៅ​ខេត្ត​កំពង់សោម ខេត្ត​នេះ​ពោរពេញ​ដោយ​កន្លែង​កម្សាន្ត​ទឹក​សមុទ្រ ក្នុង​នោះ​មាន​កោះ​មួយ​កំពុង​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ច្រើន​ទៀត​ផង នោះ​គឺ​កោះរ៉ុង។

កោះរ៉ុង​ ទើប​តែ​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ស្គាល់​ច្រើន បន្ទាប់​ពី​មាន​រូបភាព​ជា​ច្រើន​បង្ហាញ​ពី​សម្រស់​ស្រស់​ស្អាត​នៃ​កោះ​ឋាន​សួគ៌​នេះ​ ព្រម​ទាំង​បាន​ផ្សព្វផ្សាយ​ពី​ក្រុម​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​​មក​កម្សាន្ត​ទៀត​ផង។

មិន​ត្រឹម​តែ​បាន​គយគន់​ទេសភាព​ និង​កម្សាន្ត​សប្បាយ​ជាមួយ​ទិដ្ឋភាព​កោះរ៉ុង​ ប្រិយ​មិត្ត​អាច​មុជ​ទឹក​ក្រោម​បាត​សមុទ្រ​ មើល​ផ្កា​ថ្ម​ មច្ឆា​ជាតិ​ ជីវិត​ជា​ច្រើន​ និង​ដើម្បី​ស្វែង​យល់​ពី​ភាព​​ស្រស់​ស្អាត​ដ៏​អស្ចារ្យ កម្រ​បាន​ឃើញ​នៅ​ក្រោម​បាត​សមុទ្រ។

ក្រៅ​ពី​ការ​កម្សាន្ត​តាម​ឆ្នេរ​ខ្សាច់​ ស វែង​អន្លាយ​​ទាក់​ចិត្ត​ភ្ញៀវ​ទេសចរ​គ្រប់​គ្នា ការ​ជិះ​ខ្សែ​រ៉ក​ដ៏​រំភើប​ កាត់​ព្រៃ និង​នាំ​បទ​ពិសោធន៍​ដ៏​ព្រឺព្រួច​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​កោះរ៉ុង​ ជា​ពិសេស​បាន​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​​កោះ​ឋានសួគ៌​នេះ​យ៉ាង​ច្បាស់​ពី​លើ​កំពូល​ភ្នំ៕

អត្ថបទ៖ ថា ម៉ាលីដា