កែ​រូប​បាន​តាម​ចិត្ត​លើ iPhone មិន​បាច់​ដំឡើង​កម្មវិធី​នាំ​ឈឺ​ក្បាល

  • 2017-04-18 03:17:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ iPhone ភាគ​ច្រើន​តែង​ទៅ​ទាញ​យក​កម្មវិធី​ផ្សេងៗ​មក​ដំឡើង​លើ​ទូរសព្ទ ធ្វើ​ឲ្យ​ខាត​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ។ តាម​ពិត iPhone មាន​មុខងារ​កែ​រូប​ពិសេស ដោយ​មិន​បាច់​ដំឡើង​កម្មវិធី​អ្វី​រញ៉េរញ៉ៃ​ឡើយ។

ពេល​អ្នក​មើល​រូប​លើ Camera Roll របស់ iPhone នោះ​នឹង​ឃើញ​សញ្ញា បន្ទាត់​និង​រង្វង់​បី​នៅ​ក្បែរ​រូប​ធុង​សម្រាម។ ចុច​លើ​សញ្ញា​នេះ នោះ​នឹង​ចេញ៖

*(Crop and Rotate)៖ មុខងារ​សម្រាប់​កាត់​និង​បង្វិល​រូប។ *Effect៖ សម្រាប់​សារ៉េ​ពណ៌​រូប​បាន​ផ្សេងៗ​គ្នា​ទៅ​តាម​ការ​ចូលចិត្ត។ *Brightness៖ ត្រង់​នេះ​សម្រាប់​បន្ថែម​ពន្លឺ​ទៅ​រូប ហើយ​មាន​មុខងារ​តូចៗ​បី​ទៀត​ដូចជា Light, Color និង B&W ដែល​អាច​សារ៉េ​រូប​បាន​យ៉ាង​ល្អ។

មុខងារ​បន្ថែម​ចុង​ក្រោយ​គេ​គឺ​មាន​សញ្ញា​រង្វង់​មាន​ចុច​បី​នៅ​កណ្ដាល។ ចុច​លើ​សញ្ញា​នេះ​ ដើម្បី​ប្រើ​ប្រាស់​មុខងារ​បន្ថែម​ផ្សេង​ទៀត​សម្រាប់​កែ​រូប។ ចុច​លើ​សញ្ញា​រង្វង់​មាន​ចុច​បី​កណ្ដាល​នេះ ហើយ​ចុច More បន្ទាប់​មក​ចុច​បើក (ON) មុខងារ Mark Up ដែល​មាន​ស្រាប់ រួច​ចុច Done។

បើ​អ្នក​បាន​ដំឡើង​មុខងារ​កែ​រូប​ផ្សេង​ទៀត​ដូចជា PS Express ជា​ដើម នោះ​វា​នឹង​លេច​ក្រោម Mark Up។

ក្រោយ​ចុច Done រូច ចុច​យក​ពាក្យ Mark Up មាន​សញ្ញា​កាបូប​ខ្មៅ នោះ​នឹង​ឃើញ​មុខងារ សម្រាប់​គូរ (រូប​ប៊ិក) មុខងារ​ពង្រីក (a) និង​កន្លែង​វាយ​អក្សរ (T) និង​មុខងារ​ត្រឡប់​ទៅ​ភាព​ដើម។ ទីនេះ​អ្នក​អាច​ជ្រើស​រើស​ពណ៌​ចំនួន ៨ សម្រាប់​គូរ​ឬ​សរសេរ។

ចំពោះ​មុខងារ​សរសេរ អ្នក​អាច​ដូរ​ទម្រង់​ពុម្ព​អក្សរ​ភាសា​អង់គ្លេស​បាន​បី​ប្រភេទ ដោយ​គ្រាន់​តែ​ចុច​លើ​អក្សរ A ពីរ​តូច​ធំ​នៅ​ជ្រុង​ខាង​ស្តាំ​ដៃ។ បើ​អ្នក​គិត​ថា​រូប​រួចរាល់​ហើយ ចុច Done ហើយ​រូប​ដែល​កែ​រួច ក៏​អាច​កែ​ជា​ថ្មី​ទៅ​រក​ភាព​ដើម​វិញ​ក៏​បាន​ដែរ៕

អត្ថបទ៖ ផាន់និត