Ancelotti ៖ ​យើង​មិន​អាច​ឱ្យ Ronaldo ​ក្រ​ឡុក​បាន​តាម​ចិត្ត​នោះ​ទេ

  • 2017-04-18 03:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti ​ដាស់​តឿន​កូន​ក្រុម​របស់​ខ្លួន​ទាំង​អស់​ថា ​មិន​ត្រូវ​ទុក​ឱកាស​ឱ្យ Cristiano Ronaldo ​នៅ​តែ​ម្នាក់​ឯង​បាន​នោះ​ទេ ព្រោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​តែងតែ​បង្ក​គ្រោះ​ថ្នាក់​បាន​ជា​និច្ច។

ក្រុម Bayern Munich ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Real Madrid ​នា​ជំនួប​ជើង​ទី​២ ​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ ​ដើម្បី​កាត់​សេចក្ដី​រក​ក្រុម​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ពាន UEFA Champions League ។ ដោយ​ឡែក​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​នៅ​ប្រទេស​អាល្លឺម៉ង់ ​ក្រុម​របស់​លោក Ancelotti ​បាន​បរាជ័យ ១-២ ​ម្ដង​មក​ហើយ ​ដែល​គ្រា​នោះ​ពួកគេ​អវត្តមាន​កីឡាករ ​Robert Lewandowski ។ ចំពោះ​ជើង​ទី​២​នេះ​វិញ ​Bayern ​ពេញ​ជើង​ល្អ​ណាស់​សម្រាប់​តំបន់​ប្រយុទ្ធ​របស់​ពួកគេ ​ព្រោះ​ខ្សែ​ប្រយុទ្ធ Lewandowski ​ចូល​លេង​បាន​វិញ​ហើយ ​ខណៈ​ដែល​ខ្សែ​ការពារ​ Mats Hummels ​ក៏​អាច​លេង​បាន​ដូច​គ្នា។

ក្នុង​ការប្រកួត​នៅ​យប់​នេះ​ដែរ Ancelotti ​ដែល​ធ្លាប់​ដឹក​នាំ​ក្រុម Real Madrid ​ផង​នោះ ​មាន​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​កីឡាករ Ronaldo ។ ​ដោយ​លោក​បាន​បញ្ជាក់​ថា​៖ “រឿង​រ៉ាវ​បាន​បញ្ជាក់​កាល​ពី​ជើង​ទី​១​រួច​ហើយ យើង​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​រឿង​នាំោះ។ យើង​មិន​អាច​ឱ្យ Ronaldo ​មាន​ឱកាស​ច្រើន​នោះ​ទេ។ ជើង​ទី​២ ​យើង​នឹង​កាន់​តែ​មាន​ឱកាស​តិច​ជាង​ជើង​ទី​១​ទៅ​ទៀត។ Lewandowski ​ជា​កីឡាករ​ល្អ ​ហើយ​ការ​ត្រលប់​មក​វិញ​របស់​គាត់ ​នឹង​កាន់​តែ​ប្រសើរ​ឡើង”។

កាល​ពី​ជើង​ទី​១​កន្លង​ទៅ​ Cristiano Ronaldo ​ជា​អ្នក​រក​បាន​២​គ្រាប់​ជួយ​ក្រុម Real Madrid ​យក​ឈ្នះ Bayern Munich ​ខណៈ​ដែល​គ្រា​នោះ ​ក្រុម​នៅ​​អាល្លឺម៉ង់​មួយ​នេះ​សល់​គ្នា​ត្រឹម​តែ​១០​នាក់​ប៉ុណ្ណោះ​នៅ​នាទី​៦១៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ មុន្នីរម្យ