អ្នក​ចាត់ការ AT Madrid ​ថា​ប៉ះ Leicester ​យប់​នេះ ​មិន​ស្រួល​ទេ

  • 2017-04-18 06:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Diego Simeone ​អ្នក​ចាត់ការ​ក្រុម Atletico Madrid ​បញ្ជាក់​ថា​ការ​ប៉ះ​ក្រុម​ Leicester City ​នៅ​យប់​នេះ ​គឺ​ជា​ការ​ប្រកួត​ដែល​ពិបាក​មួយ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​ពួកគេ​មាន​ទម្រង់​លេង​សឹង​តែ​ល្អ​បំផុត​ទៅ​ហើយ។

AT Madrid ​បាន​យក​ឈ្នះ​ក្រុម Leicester City ​១-០ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ខណៈ​ដែល​រាត្រី​ម៉ោង​១:៤៥​នាទី​នេះ ​ពួកគេ​នឹង​ត្រូវ​តតាំង​គ្នា​ម្ដង​ទៀត​ក្នុង​ជើង​ទី​២ ​នៃ​ពាន​រង្វាន់ UEFA Champions League ។ ដោយ​ឡែក​នៅ​រាត្រី​នេះ ​លោក Simeone ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​មក​ពី​អេស្ប៉ាញ​គិត​ថា​មិន​ងាយ​ស្រូល​ក្នុង​ការ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​បាន​នោះ​ទេ បើ​ទោះ​ជា​មើល​ទៅ AT Madrid ​ហាក់​ដូចជា​មាន​ប្រៀប​ជាង​ក៏​ដោយ។

“Leicester City ​កំពុង​តែ​ស្ថិត​ក្នុង​ទម្រង់​ល្អ​មួយ ​ហើយ​ពួកគេ​សឹង​តែ​ឈាន​ដល់​ចំណុច​កំពូល​ទៅ​ហើយ ​ក្នុង​ការ​ប្រកួត​ប៉ុន្មាន​ប្រកួត​មក​នេះ។ ពួក​យើង​ក៏​ដូច​គ្នា យើង​កំពុង​តែ​ធ្វើ​បាន​ល្អ​ទៅ​តាម​អ្វី​ដែល​គ្រោង​ទុក។ យប់​នេះ ជា​ការ​ប្រកួត​តឹងតែង​បំផុត កាល​ពី​ជើង​ទី​១ ​យើង​ឈ្នះ​ដោយ​ពិបាក ​ហើយ​យប់​នេះ​ក៏​ដូច​គ្នា។ វា​ជា​ការ​ប្រកួត​ស្វិតស្វាញ​រវាង​ក្រុម​ទាំង​ពីរ”។ សម្ដី​របស់​បុរស​សញ្ជាតិ​អាហ្សង់ទីន​ខាង​លើ​។

Leicester City ​កំពុង​តែ​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ក្លឹប​របស់​ខ្លួន ​បើ​ទោះ​ជា​ធ្លាក់​ត្រឹម​វគ្គ​នេះ​ក៏​ដោយ។ មួយ​វិញ​ទៀត​នៅ​រដូវ​កាល​នេះ ​ក្រុម​មក​ពី​អង់គ្លេស​សល់​តែ​មួយ​នេះ​ឯង ​ដែល​មាន​ឱកាស​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ចំណែក​ឯ Manchester City , Arsenal ​និង Spurs ​សុទ្ធ​តែ​មិន​អាច​ដល់​វគ្គ​នេះ​ទាំង​អស់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម