ថៃ​ អ៊ូរ​ ថា ឌីម៉ា​ ពិបាក​យក​ឈ្នះ​ ក្រុងថេប​ ពេល​ជួប​គ្នា​លើក​ទី២​នេះ

  • 2017-04-18 09:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​គុន​ខ្មែរ​នៅ​ជាយ​ដែន​ខេត្ត​បន្ទាយមានជ័យ​ ថៃ​ អ៊ូរ​ លើក​ឡើង​ថា​ការ​ប៉ះ​គ្នា​លើក​ទី២​នេះ​នឹង​កក្រើក​ជា​មិន​ខាន​ រវាង​ជើង​ខ្លាំង​កម្ពុជា​ ឃីម​ ឌីម៉ា​ និង​ ខុន​ ក្រុងថេប​ ហើយ​ការ​ប្រកួត​លើក​នេះ​ប្រហែល​ជា​មិន​ដល់​៥ទឹក​ឡើយ។​

លោកគ្រូ ថៃ អ៊ូរ

លោក​ ថៃ​ អ៊ូរ​ ប្រធាន​សមាគម​ប្រដាល់​គុន​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត​ បាន​និយាយ​ថា​ សម្រាប់​ការ​ប្រកួត​សងសឹក​រវាង​កីឡាករ​ ឃីម​ ឌីម៉ា​ និង​ ខុន​ ក្រុងថេប​ នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី២១​ ខែ​មេសា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ពិត​ជា​ល្អ​មើល។​ កីឡាករ​ ឃីម​ ឌីម៉ា​ អាច​នឹង​ពិបាក​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ​ម្នាក់​នេះ​ ដោយ​គ្រូ​មក​ពី​ជាយ​ដែន​រូប​នេះ​សំអាង​ថា​ ការ​សងសឹក​លើក​ទី២​នេះ​ខាង​ថៃ​ (ក្រុងថេប)​ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ប្រកួត។​

ឃីម​ ឌីម៉ា(ក្រហម) ខុន ក្រុងថេប(ខៀវ)

​ការ​ចាញ់​លើក​ទី១នោះ​ មក​ពី​កីឡាករ​ថៃ​ (ក្រុងថេប)​ ម្នាក់​នេះ​ទើប​ប្រកួត​នៅ​ប្រទេស​របស់​គេ​រួច​ បន្ទាប​មក​ត្រូវ​ប្រកួត​នៅ​កម្ពុជា​បន្ត​ទៀត​ លើស​ពី​នេះ​ទៀត​នោះ​ ត្រូវ​រត់​សម្រក​ទម្ងន់​ ហើយ​សម្រាក​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង​ត្រូវ​ប្រកួត​ទៀត។​ បើ​និយាយ​ពី​កាយសម្បទា​វិញ​ខ្ពស់​និង​ងាយ​វ៉ៃ​ពី​ចម្ងាយ​ជាង​ ឃីម​ ឌីម៉ា​ ខណៈ​ពេល​នេះ​ទៀត​កីឡាករ​កម្ពុជា​រូប​នេះ​ក៏​ជាប់​ប្រកួត​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ CNC​ ទៀត។​

លោក​ ថៃ​ អ៊ូរ​ ជា​ប្រធាន​សមាគម​ប្រដាល់​គុន​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាមានជ័យ​ ហើយ​លោក​ក៏​ជា​អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​កម្ពុជា​ផង​ដែរ។​ នេះ​ជា​លើក​ទី២​ហើយ​ចំពោះ​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​ប៉ះ​គ្នា​ខណៈ​លើក​ទី១​នោះ​គឺ​ ឃីម​ ឌីម៉ា​ ផ្ដួល​ ក្រុងថេប​ឲ្យ​សន្លប់​នៅ​ទឹក​ទី៥៕​

អត្ថបទ៖ នួន ស៊ីណា​