បក​ស្រាយ​ Comment ​ថា​ @[4:0] អាច​បញ្ជាក់​​​ពី​គណនី​ត្រូវ​គេ​ Hack ឬ​ក៏​អត់

  • 2017-04-19 03:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ដំណឹង​មួយ​បាន​កក្រើក​បណ្ដាញ​ Facebook នៅ​កម្ពុជា​ដោយ​​លើក​ឡើង​​ពី​ការ​បញ្ជាក់​ថា​គណនី​ Facebook មួយ​ត្រូវ​គេ​ Hack ឬ​អត់​ តាម​រយៈ​ការ​ Comment ថា​ “@[4:0]”។ ប្រសិន​បើ​ Comment ហើយ​បង្ហាញ​ឈ្មោះ​ Mark Zuckerberg នោះ​គណនី​មិន​មាន​រង​ការ​ Hack ប៉ុន្តែ​បើ​មិន​បង្ហាញ​ឈ្មោះ​ទេ​មាន​ន័យ​ថា​គណនី​ត្រូវ​បាន​ Hack។ មាន​​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ក៏​ជឿ​និង​ធ្វើ​តាម​ ឯ​​មួយ​ចំនួន​ទៀត​ហាក់​មិន​អើពើ​នឹង​រឿង​នេះ​ឡើយ។ តើ​ការ​លើក​ឡើង​ខាង​លើ​ជា​ការ​ពិត​ឬ​យ៉ាងណា? ​

​​​តាម​ពិត​ទៅ​ @[4:0] ជា​កូដ​​ខ្លី​មួយ​ដែល​បញ្ជា​ឲ្យ​ Facebook បង្ហាញ​ឈ្មោះ​នៃ​គណនី​ដែល​មាន​លេខ​ ID នៅ​ក្នុង​​ដង្កៀប​នេះ ហើយ​ក្នុង​ករណី​នេះ​លេខ​ ID គឺ​លេខ​ 4 ដោយ​ជា​លេខ​ ID របស់​លោក​ Mark Zuckerberg ផ្ទាល់។ រាល់​គណនី និង Page​ Facebook មាន​លេខ​ ID ពិសេស​​សម្រាប់​សម្គាល់​ ហេតុ​នេះ​ប្រសិន​បើ​អ្នក​បញ្ចូល​លេខ​ ID ផ្សេង​ទៅ​ក្នុង​ដង្កៀប​​នោះ​វា​នឹង​បង្ហាញ​ឈ្មោះ​ផ្សេង​ជា​មិន​ខាន។

យ៉ាងណាក្ដី​​ក៏​មាន​អ្នក​មួយ​ចំនួន​ដែល​មិន​អាច​ដំណើរ​ការ​កូដ​នេះ​បាន​ ធ្វើ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ​ថា​គណនី​ពួក​គេ​ត្រូវ​បាន​ Hack។ មូលហេតុ​ដែល​កូដ​មិន​ដំណើរ​ការ​គឺ​ដោយ​សារ​​នៅ​លើ Platform មួយ​ចំនួន​ជា​ពិសេស​លើ​ Browser របស់​កុំព្យូទ័រ​ Facebook នឹង​បញ្ចូល​សញ្ញា​ដក​ឃ្លា​មួយ​នៅ​ពី​ក្រោយ​សញ្ញា​ @ ដោយ​ស្វ័យប្រវត្តិ​ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​កូដ​មិន​ដំណើរ​ការ។ ប៉ុន្តែ​ពេល​អ្នក​ Comment កូដ​នេះ​តាម​ទូរសព្ទ​នោះ​វា​នឹង​ដំណើរ​ដូច​ធម្មតា។

​តាម​ការ​បក​ស្រាយ​ខាង​លើ​អាច​និយាយ​បាន​ថា​​ដំណឹង​ដែល​គេ​ចែក​រំលែក​តៗ​គ្នា​ពេញ​ Facebook មិន​មែន​ជា​ដំណឹង​ពិត​ឡើយ​ ដោយ​គ្រាន់​តែ​ជា​ល្បិច​បោក​ប្រាស់​មួយ​ប៉ុណ្ណោះ។ ប្រសិន​បើ​គណនី​ Facebook របស់​អ្នក​ត្រូវ​បាន​ Hack មែន​នោះ​ អ្នក​ច្បាស់​ជា​ដឹង​​ មុន​​នឹង​អ្នក​ដំណើរ​ការ​កូដ​នេះ​ទៅ​ទៀត៕

ប្រភព៖ thatsnonsense   ប្រែ​សម្រួល៖ សុខហេង