អេ​ ភូថង​ លើក​ពី​ផល​លំបាក​ក្នុង​ការ​បង្ហាត់​កីឡាករ​ជម្រើស​ជាតិ

  • 2017-04-20 06:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេ​ ភូថង​ ដែល​ជា​គ្រូ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​ លើក​ឡើង​ពី​ផល​លំបាក​មួយ​ចំនួន​ពី​ការ​បង្ហាត់​កីឡាករ​ជម្រើស​ជាតិ​នា​ពេល​បច្ចុប្បន្ន​ដើម្បី​ត្រៀម​ទៅ​ចូល​រួម​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី។​

អេ ភូថង កំពុង​បង្ហាត់សិស្ស

លោក​គ្រូ​ អេ​ ភូថង​ បាន​និយាយ​ថា​ សម្រាប់​បញ្ហា​ចម្បង​ចំពោះ​ការ​បង្ហាត់​បង្រៀន​កីឡាករ​ជម្រើស​ជាតិ​នោះ​គឺ​ ពេល​វេលា​តែ​ម្ដង​ ដោយ​មើល​ឃើញ​ថា​កីឡាករ​ជម្រើស​ជាតិ​សព្វ​ថ្ងៃ​នេះ​ ពួកគេ​មាន​ការ​មមាញឹក​ច្រើន​មិន​សូវ​ជុំ​គ្នា​នោះ​ទេ។​ កីឡាករ​ទាំង​នោះ​ពេល​ខ្លះ​ត្រូវ​ឡើង​វ៉ៃ​តាម​ប៉ុស្តិ៍​ និង​ពេល​ខ្លះ​ទៀត​ជាប់​រវល់​រឿង​ផ្ទាល់​ខ្លួន​ ហើយ​ជួន​ការ​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​អី​ជា​ដើម។​

អេ ភូថង កំពុង​បង្ហាត់សិស្ស

អតីត​អ្នក​ប្រដាល់​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​រូប​នេះ​បន្ថែម​ទៀត​ថា​ កត្តា​ទាំង​នេះ​ហើយ​ធ្វើ​ឲ្យ​លោក​ក៏​ដូច​ជា​គ្រូ​ដទៃ​ទៀត​ពិបាក​ក្នុង​ការ​បង្រៀន​តែ​ម្ដង​ ព្រោះ​អី​ពេល​បង្រៀន​ត្រូវ​ការ​សិស្ស​ជុំ​គ្នា​ទើប​អាច​បង្រៀន​បាន។​ ដូច​នេះ​ការ​បង្ហាត់​កីឡាករ​ជម្រើស​ជាតិ​ហាក់​ដូច​ជា​យឺត​កម្មវិធី​បន្តិច​ ដោយ​សារ​មាន​ចំណុច​ប៉ះ​ពាល់​ទាំង​នេះ។​

គ្រូ​ជម្រើស​ជាតិ​កីឡា​ប្រដាល់​គុន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​២រូប​គឺ​ លោក​គ្រូ​ ឈិត​ សារឹម​ និង​លោក​គ្រូ​ អេ​ភូថង​ គ្រូ​ទាំង​ពី​ខាង​លើ​មាន​តួនាទី​ជា​អ្នក​បង្ហាត់​កីឡាករ​ជម្រើស​ជាតិ​ត្រៀម​ចូល​រួម​ប្រកួត​ស៊ីហ្គេម​នៅ​ឆ្នាំ​២០១៧​នេះ។ ​បច្ចុប្បន្ន​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​មាន​ដូច​ជា​ ម៉ឺន​ សុភា​, ម៉ឺន​ សុខហ៊ុច​, ឡៅ​ ចន្រ្ទា​, យ៉េន​ ឌីណា​, ឡៅ​ ចិត្រា​ និង​ សុខ​ ទូ​ ជា​ដើម៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម