ថៃ​ អ៊ូរ​ បង្កើត​កម្មវិធី​ប្រកួត​យ៉ាង​តិច​១ដង​ក្នុង​មួយ​ខែ​នៅ​ប៉ោយប៉ែត​

  • 2017-04-24 02:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម​ប្រដាល់​គុន​ខ្មែរ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ លោក​ ថៃ​ អ៊ូរ​ លើក​ឡើង​ថា​ ដើម្បី​ជំរុញ​ឲ្យ​ប្រដាល់​ខ្មែរ​កាន់​តែ​សំបូរ​កីឡាករ​ល្អ​ៗ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ លោក​ជួយ​បណ្ដុះបណ្ដាល​យុវជន​ក្មេងៗ​ជា​ច្រើន​និង​បង្កើត​កម្មវិធី​ប្រកួត​ផ្សេង​ៗស​ម្រាប់យុវជន។​

លោក ថៃ អ៊ូរ នៅកណ្ដាលគេ

លោក​ ថៃ​ អ៊ូរ​ ដែល​ជា​អ្នក​ស្រឡាញ់​ប្រដាល់​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ដោយ​ចង់​ឲ្យ​ប្រដាល់​គុន​ខ្មែរ​មាន​ការ​រីកចម្រើន​ដូច​ប្រទេស​ជិត​ខាង​ ហើយ​សំបូរ​កីឡាករ​ល្អៗ​នា​ពេល​អនាគត​ លោក​ព្យាយាម​បង្កើត​កម្មវិធី​សម្រាប់​យុវជន​ប្រកួត​ក្នុង​មួយ​ខែ​បាន​១ដង​យ៉ាង​តិច។​

ដោយ​កម្មវិធី​ប្រកួត​នេះ​ដែរ​ ចំណាយ​ត្រឹម​តែ​១លាន​ ទៅ​ ១លាន​ ៥០ម៉ឺន​រៀលប៉ុណ្ណោះ​ ហើយ​សម្រាប់​អ្នក​ឈ្នះ​បាន​ ៦ម៉ឺន​ ខណៈ​អ្នក​ចាញ់​បាន​៤ម៉ឺន​រៀល​ និង​បន្ថែម​លុយ​ថ្លៃ​សាំង​ម៉ូតូ​បន្តិច​បន្តួច​ដល់​គ្រូ​ដែល​នាំ​សិស្ស​មក​ប្រកួត។​ ថវិកា​សម្រាប់​ទ្រទ្រង់​កម្មវិធី​នេះ​បាន​មក​ពី​មិត្តភ័ក្ដិ​និង​ថវិការផ្ទាល់​ខ្លួន​របស់​លោក។ ​ការ​ប្រកួត​នេះ​ដែរ​មិន​ផ្ដោត​លើ​ប្រាក់​រង្វាន់​នោះ​ទេ​ ព្រោះ​បង្កើត​ឡើង​ដើម្បី​ឲ្យ​ពួក​យុវជន​ទាំង​នោះ​មាន​ឱកាស​បាន​ឡើង​ប្រកួត​ ស្វែង​រក​បទពិសោធនិង​ពង្រឹង​សមត្ថភាព។​

លោក​ ថៃ​ អ៊ូរ រាប់ពីស្ដាំទី១

ប្រធាន​សមាគម​ប្រដាល់​ក្រុង​ប៉ោយប៉ែត​រូប​នេះ​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​ក្លឹប​ប្រដាល់​ចំនួន​៧​ ហើយ​មាន​យុវជន​ថ្នាល​ប្រហែល​ ៣០​ទៅ​ ៤០នាក់។​ យុវជន​ទាំង​នោះ​អាយុ​ចន្លោះ​ពី​១០ឆ្នាំ​ដល់​១៣ឆ្នាំ​ ពួក​គេ​ប្រកួត​ក្នុង​ទម្ងន់​ចាប់​ពី​ ២០គីឡូក្រាម​ ដល់​ ៤០គីឡូក្រាម៕

អត្ថបទ៖ នួន ស៊ីណា​