Apple ​សន្យា​ឈប់​ធ្វើ​បាប​ផែនដី​ត​ទៀត​ នឹង​ផលិត​ iPhone ពី​វត្ថុ​ធាតុ​ចាស់​ៗវិញ​

  • 2017-04-21 02:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ទំនួល​ខុស​ត្រូវ​លើ​បរិស្ថាន​របស់​ Apple ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា Apple ​នឹង​បញ្ឈប់​ការ​ជីក​​រ៉ែ​យក​វត្ថុធាតុ​ដើម​ពី​ផែនដី​ត​ទៅ​ទៀត។

ក្រុមហ៊ុន​យក្ស​នេះ​បាន​លើក​ឡើង​ថា​​នឹង​ចាប់​ផ្ដើម​ផលិត​ផលិតផល​ដោយ​ប្រើ​វត្ថុធាតុ​ដើម​ចាស់ៗ (recycled materials)​ ដែល​អាច​ប្រើ​សារ​ឡើង​វិញ​រួម​មាន​អាលុយមីញ៉ូម, ទង់ដែង, សំណ​ប៉ាហាំង និង តង់ស្ដែន​ជា​ដើម។

ក្នុង​របាយការណ៍​បាន​​ឲ្យ​ដឹង​ថា​ ៖ "វា​ស្ដាប់​ទៅ​ដូច​ចម្លែក​បន្តិច​ ប៉ុន្តែ​យើង​កំពុង​សិក្សា​លើ​វា។ យើង​កំពុង​ឆ្ពោះ​ទៅ​កាន់​​សង្វាក់​ផលិតកម្ម​ដែល​វិល​ចុះ​វិល​ឡើង។ ថ្ងៃ​មួយ​យើង​នឹង​អាច​ផលិត​ផលិតផល​ថ្មី​ដោយ​ប្រើ​តែ​វត្ថុធាតុ​ដើម​ចាស់ៗ​ប៉ុណ្ណោះ"។

​Lisa Jackson អនុប្រធាន​ផ្នែក​បរិស្ថាន​នៃ​ក្រុមហ៊ុន​ Apple បាន​បក​ស្រាយ​ថា​​នៅ​​ក្នុង​ iPhone ​នា​បច្ចុប្បន្ន​មាន​ប្រើ​វត្ថុធាតុ​ដើម​ចាស់​តិច​តួច​​បំផុត។ យ៉ាងណាក្ដី​គោលដៅ​របស់​ Apple នៅ​ថ្ងៃ​មុខ​គឺ​ចង់​​ផលិត​ផលិតផល​ថ្មី​ដោយ​ប្រើ​វត្ថុ​ធាតុ​ដើម​ចាស់​ៗ​មាន​គុណភាព​ខ្ពស់ ដែល​យក​ចេញ​ពី​ផលិតផល​ Apple ចាស់ៗ​ដែល​អតិថិជន​លែង​ប្រើ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង