ស្ពាន​ជ្រោយចង្វារ​ចាស់​គ្រោង​នឹង​ជួសជុល​ឡើងវិញ​ក្រោយ​បញ្ចប់​បោះឆ្នោត ឃុំ​-​សង្កាត់​២០១៧

  • 2017-04-21 02:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(​ភ្នំពេញ​)៖ មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ប្រាប់​ឲ្យ​ដឹងថា គម្រោង​កែលម្អ​និង​ជួសជុល​សារ​ឡើងវិញ​ស្ពាន​ជ្រោយចង្វារ​ចាស់ គ្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​ក្រោយ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ ដោយ​ប្រើពេល​ប្រហែល ២១​ខែ​។​

​ការបញ្ជាក់​យ៉ាង​ដូច្នេះ ត្រូវបាន​ដោយ​ធ្វើឡើង​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច (​គ្រុប​តេ​ឡេ​ក្រាម​) នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧​កន្លងទៅនេះ​។​

​​គួររម្លឹកថា កាលពី​ឆ្នាំ​២០១៦​កន្លងទៅ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ឆ្លង​កាត់​ស្ពាន​ជ្រោយចង្វារ ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ទេ ដោយសារតែ​ស្ថានភាព​នៃ​ស្ពាន​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ផ្នែក​កំណល់​នៃ​ទម្រ​ស្ពាន ហើយ​ត្រូវ​ការជួសជុល​ឡើងវិញ​។​

​​ក្រោយពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ហៅថា ស្ពាន​ជ្រោយចង្វារ​ចាស់​នេះ ត្រូវបាន​កសាងឡើង​ពី ឆ្នាំ​១៩៦០ រហូតដល់​ឆ្នាំ​១៩៦៣ ស្ពាន​នេះ​ត្រូវបាន​បំផ្លាញ​នៅក្នុង​ឆ្នាំ​១៩៧២ និង​ត្រូវបាន​ជួសជុល​ឡើងវិញ នៅ​ឆ្នាំ​១៩៩៤​។ ហើយ​នៅ​ឆ្នាំ​២០១៤​អ្នកជំនាញ​អង្គការ​​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ដែល​ហៅ​កាត់ JICA បាន​រកឃើញថា ស្ពាន​នេះ​ត្រូវបាន​ខូចខាត​ផ្នែក​ខ្លះ ដែល​ចាំបាច់​ត្រូវ​ជួសជុល​ឡើងវិញ​។ ជាមួយគ្នានេះ រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ជប៉ុន កាលពី​កន្លងទៅ​ធ្លាប់បាន​ព្រមព្រៀងគ្នា ដើម្បី​ជួសជុល​ស្ពាន​ឡើងវិញ ក្រោម​គម្រោង​ជំនួយឥតសំណង​របស់​ជប៉ុន ដែល​នឹងត្រូវ​ប្រើប្រាស់​ថវិកា​សរុប​ប្រមាណ​៣០​លាន​ដុល្លារ​​សហរដ្ឋអាមេរិក នឹងត្រូវ​អនុវត្ត​ដោយ​អង្គការ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ អន្តរជាតិ​ជប៉ុន (JICA)៕

ប្រភព៖ rasmeinews

អត្ថបទថ្មី