វីង ឥឡូវអាច​វេរ​ប្រាក់​ពី ម៉ាឡេស៊ី និង​សិង្ហ​បុរី មក​កម្ពុជា​បាន​ហើយ

  • 2017-04-21 04:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ឯកទេស​វីង ខេម​បូ​ឌា លីមីត​ធី​ត បាន​សហការ​ជាមួយ​ត្រាង​ក្លូ (Tranglo) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​លើ​ពិភព​លោក ខាង​ផ្នែក​សេវា​ផ្ទេរ​ប្រាក់ និង​បង់​វិក្កយបត្រ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជា​ជន​កម្ពុជា ក្នុង​ការ​ទទួល​ប្រាក់​ពី​មនុស្ស​ជា​ទី​ស្រលាញ់ ឬ​មិត្តភ័ក្ដិ​ពី​ក្រៅ​ប្រទេស​ដោយ​ផ្ទាល់​តាម​គណនី​វីង ឬ​ដក​ជា​សាច់ប្រាក់​ពី​ភ្នាក់ងារ វីង។

កិច្ច​ព្រមព្រៀង​នេះ នឹង​ធ្វើ​ឲ្យ​ពលករ​កម្ពុជា​នៅ ម៉ាឡេស៊ី និង​សិង្ហ​បុរី អាច​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​ងាយ​ស្រួល រហ័ស និង​មាន​សុវត្ថិភាព ជំនួស​ឲ្យ​ការ​ផ្ញើ​ប្រាក់​តាម​វិធីសាស្ត្រ​ផ្សេងៗ ដែល​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​តម្រង់​ជួរ​នៅ​ធនាគារ។

ជាមួយ Tranglo អតិថិជន​អាច​ផ្ញើ​ប្រាក់​មក​គ្រួសារ​របស់​គេ​នៅ​កម្ពុជា តាម​រយៈ​គណនី​វីង ឬ​ដក​សាច់​ប្រាក់​នៅ​តាម​ភ្នាក់ងារ​វីង​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ហើយ​សេវាកម្ម​នេះ នឹង​ផ្ដល់​ជូន​ដល់​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា​កូរ៉េខាងត្បូង​ជាដើម។

លោក ចូចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​វីង បាន​ឲ្យ​ដឹង​ថា៖ "ការ​ចាប់​ដៃគូ​នេះ យើង​ចង់​បំពេញ​តម្រូវ​ការ​ប្រជា​ជន​កម្ពុជា​ដែល​រស់នៅ​ម៉ាឡេស៊ី និង​សិង្ហ​បុរី ដើម្បី​ធ្វើ​ការ​ផ្ទេរ​ប្រាក់​បាន​កាន់​តែ​ងាយ រហ័ស និង​មាន​សុវត្ថិភាព ហើយ វីង នឹង​បន្ត​ពង្រីក​បណ្ដាញ​សេវាកម្ម​ផ្ទេរ​ប្រាក់​ពី​ក្រៅ​ប្រទេស​ឲ្យ​កាន់​តែ​ច្រើន"។

លោក​បន្ត​ថា៖ "ជាមួយ​សេវា​នេះ ពលករ​កម្ពុជា​ដែល​នៅ​ក្រៅ​ប្រទេស​អាច​ផ្ញើ​ប្រាក់​បាន ១.០០០ ដុល្លារ ក្នុង​មួយ​ប្រតិបត្តិការ និង ៣.០០០ ដុល្លារ ក្នុង​មួយ​ថ្ងៃ។ អ្នក​ទទួល​ប្រាក់​នឹង​ទទួល​បាន​សារ SMS ភ្លាមៗ នៅ​ទូរសព្ទ​ដៃ​របស់​ពួកគេ ទោះ​ជា​អតិថិជន​នោះ​ប្រើ ឬ​មិន​ប្រើ​គណនី​វីង​ក៏​ដោយ"។

អ្នក​ទទួល​នៅ​កម្ពុជា​អាច​ទទួល​ប្រាក់​តាម​គណនី​វីង ឬ​តាម​ភ្នាក់​ងារ​វីង​ទូទាំង​ប្រទេស ហើយ​អ្នក​ផ្ញើ​ត្រូវ​វេរ​លុយ​តាម​ដៃគូ​របស់ Tranglo ដូចជា៖

  • MaxMoney,
  • GPL remittance,
  • Incentive Remit,
  • Unique Change,
  • Akbar Remittance,
  • GPL remittance

ព័ត៌មាន​បន្ថែម ចូល​ទៅ​វេប​សាយ www.wingmoney.com ឬ​ទាក់ទង​លេខ ០១២ ៩៩៩ ៤៨៩/០២៣ ៩៩៩ ៩៨៩៕

ដោយ៖ វិទូ