យុវជន​ឆ្នើម យាង សិដ្ឋ​សម​ប្រាថ្នា ​ប្រាប់​ពី​គន្លឹះ​រៀន​ឱ្យ​ជោគជ័យ​ ទោះ​មិន​មែន​សិស្ស​ពូកែ​

  • 2017-04-21 05:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ឆ្នើម​ យាង សិដ្ឋ​សម​ប្រាថ្នា ​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​កម្ពុជា ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស ជា​យុវជន​ម្នាក់​តែងតែ​ចូលរួម​ក្នុង​ការងារ​សង្គម​យ៉ាង​​សកម្ម​បំផុត​ តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា និង​និស្សិត​ឆ្នើម​ម្នាក់​ប្រចាំ​សាកលវិទ្យាល័យ​ទៀត​ផង​។ យុវជន​រូប​នេះ​លើក​ឡើង​ថា ជា​សិស្ស​ឆ្នើម ឬ និស្សិត​ជោគជ័យ​ក្នុង​ការ​សិក្សា​មិន​មែន​សម្រាប់​តែ​សិស្ស​ពូកែ​នោះ​ទេ​។ ​ដូច្នេះ​តើ​មាន​គន្លឹះ​អ្វី​ខ្លះ ដើម្បី​ជោគជ័យ​ក្នុង​ការ​សិក្សា​ ទោះ​មិន​មែន​ជា​សិស្ស​ឆ្នើម​?

១. ​កុំ​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ

បុគ្គលិក​ក្នុង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​​ទួល​ស្លែង ​ផ្នែក​ទំនាក់ទំនង​​អន្តរជាតិ​រូប​នេះ​ប្រាប់​ថា ចំណុច​សំខាន់​បំផុត គឺ​មិន​ត្រូវ​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ​ដាច់​ខាត​។ ​ប្រាថ្នា និយាយ​ថា ការ​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ​ គឺ​ធ្វើ​ឱ្យ​ខ្លួន​ឯង​បាក់​ទឹក​ចិត្ត​ទៅវិញ​ទេ ​ត្រូវ​ចាំ​ថា មនុស្ស​ម្នាក់​ៗ មាន​ចំណុច​ពិសេស និង​សក្ដានុពល​រៀង​ៗ​ខ្លួន​។ ​ដូច្នេះ​ត្រូវ​រក​ឱ្យ​ឃើញ​ នូវ​អ្វី​ដែល​ជា​ភាព​ខ្លាំង​របស់​ខ្លួន ហើយ​ត្រូវ​យក​វា​មក​ប្រើប្រាស់​ឱ្យ​អស់ ហើយ​នៅ​ថ្ងៃ​ណា​មួយ​ប្រាកដ​ជា​ជោគជ័យ​មិន​ខាន​។

២. ​គោរព​វិន័យ​ខ្លួន​ឯង និង​វិន័យ​សាលា

នៅ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា ដើម្បី​ជោគជ័យ​ក្នុង​ការ​សិក្សា ទោះ​មិន​មែន​ជា​សិស្ស​ពូកែ​ក៏​ដោយ គឺ​ត្រូវ​គោរព​វិន័យ​ខ្លួន​ឯង ធ្វើ​ខ្លួន​ឱ្យ​មាន​របៀប​រៀបរយ​នៅ​ក្នុង​សាលា ត្រូវ​ទៅ​សិក្សា​ឱ្យ​ទៀង​ទាត់​ ថ្ងៃ​ប្រឡង​ទៅ​តែ​ទៅ​ប្រឡង​ឱ្យ​គ្រប់​មុខ​វិជ្ជា​។ ​ចំពោះ​វិន័យ​សាលា នៅ​ពេល​ដែល​លោកគ្រូ​ អ្នក​គ្រូ​ ដាក់​កិច្ចការ​អ្វី​មួយ​ឱ្យ ធ្វើ​ត្រូវ​តែ​ធ្វើ​។ ​មូលហេតុ​ចម្បង​ដែល​ធ្វើ​បរាជ័យ​ក្នុង​ការ​សិក្សា​ អាច​បណ្ដាល​មក​ពី​​ចំណុច​នេះ ពេល​ដែល​គ្រូ​ដាក់​កិច្ចការ​អ្វី​មួយ​ឱ្យ​ធ្វើ​បែរ​ជា​ទុក​ចោល​។

៣. ​ការ​ចូលរួម​ធ្វើ​ការ​ជា​ក្រុម

យាង សិដ្ឋ​សម​ប្រាថ្នា ជា​ប្រធាន​ក្លឹប​យុវជន​មួយ​កន្លែង​ផង​នោះ ប្រាប់​ថា ដើម្បី​ក្លាយ​ជា​សិស្ស​ម្នាក់​គួរ​តែ​ចូលរួម​ការងារ​ជា​ក្រុម​ឱ្យ​បាន​ច្រើន។ ការ​ចូលរួម​ការងារ​ជា​ក្រុម ពិតជា​សំខាន់​ណាស់ ព្រោះ​អាច​ទទួល​បាន​គំនិត​ល្អ​ៗ ពី​មិត្ត​រួម​ក្រុម បង្កើន​ភាព​ក្លាហាន ការ​បញ្ចេញ​យោបល់​ល្អ ការ​ចែក​រំលែក​ចំណេះ​ដឹង​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក​។ ​ដូច្នេះ​បើ​ដឹង​ខ្លួន​ឯង​ថា ជា​សិស្ស​មិន​ពូកែ​គួរ​សង្វាត​ការងារ​ទាំង​នេះ​ឱ្យ​ច្រើន​បន្តិច កុំ​បណ្ដែត​បណ្ដោយ​ទៅ​តាម​ពេល​វេលា​។​​

​​ ៤. ​ការ​ចូលរួម​ការងារ​ក្នុង​សង្គម

មក​ដល់​ចំណុច​នេះ ប្រាថ្នា​ លើក​ឡើង​ថា ការងារ​សង្គម​ពិត​ជា​មាន​តម្លៃ និង​សារសំខាន់​បំផុត​ចំពោះ​និស្សិត​ដែល​កំពុង​សិក្សា។ ​ការងារ​សង្គម​ជួយ​ឱ្យ​និស្សិត​បង្កើន​សមត្ថភាព​ ការ​ចាប់​ឱកាស ការ​អភិវឌ្ឍ​ខ្លួន និង​ជា​ពិសេស​ការងារ​សង្គម​ទាំង​នោះ​ហើយ​ គឺ​អាច​យក​មក​អនុវត្ត​នៅ​ក្នុង​ការ​សិក្សា អាច​ឱ្យ​និស្សិត​ដឹង​ថា ខ្លួន​ឯង​កំពុង​ធ្វើ​អ្វី ដើរ​ដល់​ផ្លូវ​ណា ហើយ​ក៏​ជា​ផ្លូវ​មួយ​អាច​ឱ្យ​យើង​សម្លឹង​ឃើញ​ពី​អនាគត​របស់​ខ្លួន​ឯង​ផង​ដែរ​។ ​​

៥. ​លើក​ទឹកចិត្ត​ខ្លួន​ឯង

នេះ​ជា​ចំណុច​ចុង​ក្រោយ​បំផុត​ក្នុង​ការ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា គ្មាន​អ្នក​ណា​អាច​បណ្ដុះ​ទឹក​ចិត្ត​ឱ្យ​ប្រឹងប្រែង​តស៊ូ​ ក្រៅ​ពី​ខ្លួន​ឯង​នោះ​ទេ។ ដូច្នេះ​ហើយ​ត្រូវ​លើក​ទឹក​ចិត្ត​ឱ្យ​ខ្លួន​ឯង កុំ​គិត​ថា មិន​អាច​ធ្វើ​បាន​ លើ​លោក​នេះ​អ្វី​ក៏​មនុស្ស​អាច​ធ្វើ​បាន​ដែរ​ឱ្យ​តែ​មាន​ការ​តាំង​ចិត្ត​ ព្យាយាម​មិន​បោះ​បង់ ថ្ងៃ​ណា​មួយ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​។ ​ប្រាថ្នា​ បន្ថែម​៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី