រឿង​ភាគ​ទាំង​១០​ស្រដៀង​នឹងរឿង "13 Reasons Why" ដែល​អ្នក​មិន​គួរ​រំលង

  • 2017-04-21 07:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“13 Reasons Why” គឺ​ជា​រឿង​ភាព​ថ្មី​ដែល​ទើប​នឹង​ដាក់​ឲ្យ​មើល​តាម​​អនឡាន​ (Streaming) ពី​បណ្ដាញ Netflix កាល​ពី​ថ្ងៃ​ទី ៣១​ ខែ​មិនា​ឆ្នាំ​នេះ។ មិន​ទាន់​បាន​មួយ​ខែ​ផង ស្រាប់​តែ​រឿង​ភាគ​នេះ​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​ ជា​ពិសេស​ពី​សំណាក់​យុវវ័យ។​

ចំពោះ​ប្រិយមិត្ត​ដែល​មើល​រឿង​នេះ​ចប់​ប្រាកដ​ជា​មាន​ចម្ងល់​យ៉ាង​ច្រើន​ ដែល​ធ្វើ​ឲ្យ​នៅ​មិន​សុខ​នឹង​ចង់​បាន​ចម្លើយ​ខ្លាំង។ ក្នុង​កំឡុង​ពេល​ដែល​អ្នក​កំពុង​តែ​រង​ចាំ​ រឿង​នេះ​រដូវ​កាល​ទី ២ អីចឹង​គួរ​តែ​បង្វែរ​អារម្មណ៍​មក​មើល​ បណ្ដា​រឿង​ភាគ​ទាំង​នេះ​ម្ដង​ ដែល​មាន​លក្ខណៈ​ស្រដៀង​ “13 Reasons Why” នឹង​ល្អ​មើល​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ។ តោះ! អីចឹង​មក​មើល​មើល៍ មាន​រឿង​ភាគ​អ្វី​ខ្លះ?

១. Riverdale

“Riverdale” គឺ​រឿង​ភាគ​​មួយ​ដែល​និយាយ​អំពី​តួ​អង្គ​យក​ពី​ក្នុង​សៀវភៅ​ត្លុក (Comics) ដែល​មាន​ចំណង​ជើង​ថា "Archie”​។ រឿង​នេះ​គឺ​បរិយាយ​ពី​ហេតុ​ការណ៍​ដែល​ពាក់​ពាន់​នឹង​ឃាតកម្ម​របស់ "Jason Blossom” អ្នក​លេង​បាល់អោប​ដែល​គេ​ចូលចិត្ត នឹង​ជា​កូនប្រុស​ក្នុង​គ្រួ​សារ​ដ៏​មាន​បំផុត​នៅ​តំបន់ Rivedale។ ចំណុច​សំខាន់​គឺ​ ក្នុង​ស៊េរី​រឿង​នេះ​គឺ​និយាយ​អំពី​ សិស្ស​វិទ្យាល័យ​ និង​ ការ​ខិត​ខំ​ធ្វើ​ឲ្យ​ចុះ​ចំណោម​គេ​ ការ​ធ្វើ​បាប​គ្នា​ ព្រម​ទាំង​ភាព​បាក់​ទឹក​ចិត្ត​ផង​ដែរ ដែល​វា​ស្រដៀង​នឹង “13 Reasons Why"។

២. Glee

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​ "13 Reasons Why” អ្នក​ប្រាកដ​ជា​ចូលចិត្ត​ "Glee”។ រឿង​ភាគ​នេះ​គឺ​មាន​លក្ខណៈ​រីករាយ​បន្តិច​បើ​ធៀប​ទៅ​នឹង​ "13 Reasons Why” ដោយ​សារ​មួយ​ភាគ​ធំ​គឺ​និយាយ​ពី​ចម្រៀង នឹង​ការ​សម្ដែង​ច្រៀង​រាំ​។ រឿង​នេះ​ក៏​និយាយ​ពី​សិស្ស​វិទ្យាល័យ ការ​ធ្វើ​បាប​គ្នា​ ស្មារតី​សាមគ្គីភាព​ បញ្ហា​ផ្សេងៗ​របស់​សិស្ស​វិទ្យាល័យ​ផង​ដែរ។

៣.​​ Awkward

“Awkward” គឺ​ជា​រឿង​ភាគ​ដែល និយាយ​អំពី​ហេតុ​ការណ៍​ដែល​គួរ​ឲ្យ​ខ្មាស​គេ​របស់​តួ​អង្គ "Jenna Hamilton” បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​បន្តិច​បន្តួច តែ​ត្រូវ​គេ​យល់​ច្រឡំ​ថា​នាង​ចង់​អត្តឃាត​ទៅ​វិញ។ ដូច​គ្នា​ទៅ​នឹង​តួ​អង្គ "Hannah” នៅ​ក្នុង​រឿង​ “13 Reasons Why” អីចឹង​ដែរ​ដែល​ធ្វើ​អត្ត​ឃាត​ព្រោះ​តែ​ពិបាក​ទ្រាំ​នឹង​​ជីវិត​នៅ​វិទ្យាល័យ​របស់​នាង។​

៤. Friday Night Lights

“Friday Night Lights” នឹង​ធ្វើ​ឲ្យ​អ្នក​នឹក​ឃើញ​ដល់ "13 Reasons Why” ដោយ​សារ​តែ​រឿង​ភាគ​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​លេង​កីឡា​នៅ​ថ្នាក់​វិទ្យាល័យ​។ មិន​តែ​ប៉ុណ្ណោះ​រឿង​នេះ​ក៏​និយាយ​ពី​ការ​រើសអើង​ពូជសាសន៍​ បញ្ហា​គ្រួសារ​ និង​គ្រឿង​ញៀន​ផង​ដែរ។

៥. Parenthood

ជា​រឿង​ភាគ​ដែល​ និយាយ​ពី​គ្រួសារ​ដ៏​ច្របូក​ច្របល់​មួយ។ ចំណុច​ដែល​ពិសេស​បំផុត​គឺ​ វា​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​មនុស្ស​៣​ជំនាន់ គឺ​វ័យ​ចំណាស់​(យាយតា) ឪពុក​ម្ដាយ​ នឹង​កូន។។​ ប្រសិន​ជា​អ្នក​ចូល​ចិត្ត "Alex” នៅ​ក្នុង​រឿង​ “13 Reasons Why​” អ្នក​នឹង​ចូលចិត្ត​ព្រោះ​គាត់​ក៏​សម្ដែង​ក្នុង​រឿង​នេះ​ដែរ​ជា​តួអង្គ​ឈ្មោះ​ "Drew”។

៦. The Fosters

“The Foosters” និយាយ​អំពី​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​មួយ​គូរ "Stef និង​ Lena” ដែល​មាន​គ្រួ​សារ​ជាមួយ​គ្នា។ កូន​របស់​ពួក​គេ​គឺ​រាប់​បញ្ចូល​ទាំង​ កូន​ពី​ជីវសាស្ត្រ​របស់​ "Stef” កូន​ចិញ្ចឹម​ភ្លោះ​២​នាក់​ និង​កូន​ដែល​យក​ពី​មណ្ឌល​ក្មេង​កំព្រា២នាក់។ គ្រួ​សារ​ដ៏​ប្លែក​មួយ​នេះ​ នឹង​ត្រូវ​ដោះ​ស្រាយ​ជាមួយ​បញ្ហា​ដូច​ជា​ បញ្ហា​ផ្លូវ​ភេទ​ ការ​រើស​អើង​​ និង​ការ​យល់​តែ​ពី​ខ្លួន​ឯង​ជា​ដើម។ ដូច្នេះ​បើ​អ្នក​ចូល​ចិត្ត​រឿង​ដែល​និយាយ​ពី​បញ្ហា​ក្មេង​ជំទង់​ដូច​ "13 Reasons Why” រឿង​ភាគ​មិន​គួរ​រំលង​ទេ។

៧. Switched at Birth

“Switch at Birth” គឺ​ជា​ស៊េរី​សម្រាប់​ក្មេង​ជំទង់​ "Teen Series” ដែល​អ្នក​មិន​គួរ​រំលង​។ រឿង​នេះ​និយាយ​អំពី​ដំណើរ​ផ្សង​ព្រេង​របស់​ "Bay” និង "Daphne” ដែល​ត្រូវ​បាន​គេ​ប្តូរ​តាំង​តែ​ពី​នៅ​ជា​ទារក។ នៅ​ពេល​ដែល​ដឹង​ថា​ ឪពុក​ម្ដាយ​របស់​ខ្លួន​គឺ​មិន​មែន​ជា​ ឪពុក​ម្ដាយ​បង្កើត​ពិត​ប្រាកដ​ ពួក​គេ​ត្រូវ​ឆ្លង​កាត់ ការ​ពិបាក​ចិត្ត​ជាច្រើន​ នឹង​ការ​តស៊ូ​ដើម្បី​ទទួល​ស្គាល់​ការ​ពិត។

​​៨. The Secret Life of the American Teenager

រឿង​ភាគ​នេះ​និយាយ​អំពី​តួ​ឯក​ស្រី "Amy” ដែល​សម្ដែង​ដោយ "Shailene Woodley” ជា​ក្មេង​ជំទង់​ម្នាក់​ ដែល​ធ្វេស​ប្រហែស​មាន​ផ្ទៃ​ពោះ ហើយ​ត្រូវ​ឆ្លង​កាត់​ការ​មាក់ងាយ​ពី​មិត្តភ័ក្ដិ​ និង​គ្រួ​សារ​របស់​នាង។ ស្រដៀង​នឹង​រឿង​ "13 Reasons Why” ដែរ​នាង​ត្រូវ​ឆ្លង​កាត់​ការ​រស់​នៅ​ ក្នុង​កំឡុង​ពេល​រៀន​នៅ​វិទ្យាល័យ។​

៩. Jane the Virgin

“Jane the Virgin” នឹង​ធ្វើ​ឲ្យ​អ្នក​ព្រឺ​សម្បុរ​ សើច​ នឹង​យំ និយាយ​ទៅ​គឺ​មាន​គ្រប់​រស​ជាតិ។ រឿង​ភាគ​នេះ​គឺ​វា​មិនសូវ​ធ្ងន់​ធ្ងរ​ដូច "13 Reasons Why” ពេក​ទេ ប៉ុន្តែ​អ្នក​នឹង​ស្រលាញ់​តួអង្គ​​​​​ "Jane” ខណៈ ​ពេល​ដែល​នាង​នឹង​មាន​ផ្ទៃ​ពោះ​ដែល​បាន​មក​ពី​ការ​ចាក់​បញ្ចូល​មេ​ជីវិត។​ រឿង​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ ការ​ទទួលស្គាល់​ខ្លួន​ឯង ការ​រស់នៅ​ចម្រុះ​ជាតិ​សាស្ត្រ និង​ បញ្ហា​សង្គម​នានា​ជា​លក្ខណៈ​កំប្លែងៗ។

១០. How to Get Away with Murder

រឿង​ភាគ​នេះ​និយាយ​អំពី​សិស្ស​រៀន​ច្បាប់​មួយ​ក្រុម​ដែរ ត្រូវ​បាន​ជ្រើស​រើស​ដោយ​ សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា "Annalise Keating”។ ប្រសិន​ជា​ប្រិយ​មិត្ត​ចូលចិត្ត​រឿង​រ៉ាវ​លក្ខណៈ​អាថ៌​កំបាំង​ដូច​ជា​រឿង​រ៉ាវ​របស់ "Hannah” អ្នក​ប្រាកដ​ជា​ចូល​ចិត្ត​រឿង​នេះ​ខ្លាំង។ ពួក​សិស្ស​ទាំងនេះ​នឹង​ឆ្លង​កាត់​នូវ​ បញ្ហា​ជា​ច្រើន​​ដូច​ជា​បញ្ហា​សង្គម​ ការ​ស្រលាញ់​ភេទ​ដូច​គ្នា និង​បញ្ហា​គ្រួសារ​ផង​ដែរ៕

ប្រភព៖ Teen   ប្រែ​សម្រួល៖ ធារ៉ូ