​​ក្នុង​មួយ​ឆ្នាំ​​ កម្ពុជា​ត្រូវ​ការ​បន្លែ​ប្រមាណ​​៥​១​ម៉ឺន​តោន​ពី​ប្រទេស​ជិត​ខាង​ ​ដើម្បី​ផ្គត់​ផ្គង់​បន្ថែម​ក្នុង​ប្រទេស​​​​​

  • 2017-04-21 09:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​ត្រូវ​ការ​បន្លែ​ប្រមាណ​ជា ៥១ម៉ឺន​តោន ពី​ប្រទេស​ជិត​ខាង ដើម្បី​ផ្គត់ផ្គង់​​បន្ថែម​ដល់​ទី​ផ្សារ​ក្នុង​ប្រទេស​មួយ​នេះ។ តួលេខ​នេះ​បង្ហាញ​​​តាម​រយៈ​សិក្ខា​សាលា​មួយ​ដែល​ស្ដី​​អំពី​ "​ការ​លើក​កម្ពស់​សុវត្ថិភាព​​បន្លែ​ សម្រាប់​ទី​ផ្សារ​នៅ​ប្រទេស​កម្ពុជា"​ កាល​ពី​ព្រឹកមិញ នៅសណ្ឋាគារ​ ហ៊ីម៉ាវ៉ារី។

​​ផ្អែក​តាម​ការ​សិក្សា​​ស្រាវជ្រាវ​មួយ​ នា​ពេល​​ថ្មី​ៗ​​នេះ​ ​អង្គការ​​ស្បៀង​អាហារ​ និង កសិកម្ម​នៃ​អង្គការ​​សហប្រជាជាតិ​បាន​រក​ឃើញ​​ថា​​បរិមាណ​បន្លែ​​សរុប​ ដែល​ផ្គត់​ផ្គង់​​​​ប្រចាំ​ឆ្នាំ​​​ នៅ​​ប្រទេស​កម្ពុជា​មាន​​ចំនួន​ ០,៩ លាន​តោន​។​ ក្នុង​នោះ​​​​ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​មាន​​​ត្រឹម​តែ​ ៤៤ %​ ប៉ុណ្ណោះ​ ​រីឯ​ ៥៦%​ ទៀត​គឺ​ជា​​បន្លែ​ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​។​ ​ហើយ​បើ​គិត​ក្នុង​១​ថ្ងៃ​ៗ ​​​គឺ​មាន​បន្លែ​ប្រមាណ​ ២០០​-៣០០​ តោន​ពី​ប្រទេស​ជិត​ខាង​បាន​ហូរ​ចូល​​មក​​កាន់​ទី​ក្រុង​ភ្នំពេញ​​រួច​ទៅ​ហើយ​។​

​​កាល​ពី​ដើម​ឆ្នាំ​ ២០១៧​ រដ្ឋ​មន្ត្រី​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​បាន​លើក​ឡើង​​​ថា​ ក្នុង​មួយ​ឆ្នាំ​ៗ​ កម្ពុជា​បាន​ចំណាយ​ប្រាក់​ជាង​ ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​​​​ទៅ​លើ​បន្លែ​ពី​​ប្រទេស​ជិត​ខាង ដែល​គិត​ជា​បរិមាណ​មាន​ជាង​៥១​ ម៉ឺន​តោន​។​ ​ចំណែក​បន្លែ​ដែល​ផលិត​បាន​ក្នុង​ស្រុក​មាន​​​​​ជាង​​៤២​ ម៉ឺន​តោន​ប៉ុណ្ណោះ​​​​។​​ ​ចំនួន​ដ៏​ច្រើន​នេះ​ត្រូវ​បាន​អង្គការ​ ICCO បាន​​​ទម្លាយ​ថា​ ៩៥%​ នៃ​អ្នក​ប្រើ​ប្រាស់​​មាន​ការ​ព្រួយ​បារម្ភ​​ខ្លាំង​ទៅ​លើ​កម្រិត​នៃ​សារធាតុ​គីមី​ហាម​ឃាត់​​ក្នុង​បន្លែ​ទាំង​នោះ​ មិន​ថា​ជា​បន្លែ​ក្នុង​​ស្រុក​ រឺ បន្លែនាំ​ចូល​ពី​ប្រទេស​ជិត​ខាង​​នោះ​ទេ។​​​

ឯក​ឧត្ដម​​ បណ្ឌិត​ ហ៊ាន​ វណ្ណ​ហ៊​​

​ចំណែក​ ​ឯក​ឧត្ដម​​ បណ្ឌិត​ ហ៊ាន​ វណ្ណ​ហ៊​​ ជា​អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​បាន​ថ្លែង​ថា​ ក្រសួង​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​​ប្រជា​កសិករ​​អោយ​ងាក​មក​ដាំ​បន្លែ​តាម​​បែប​ធម្មជាតិ(Organic)​ និង ​​បន្លែ​អនុវត្ត​​កសិកម្ម​ល្អ​ (Good Agricultural Practice)​វិញ​។​ ព្រោះ​ថា​ ការ​ដាំ​ដុះ​ប្រភេទ​នេះ​ គឺ​អាច​​អោយ​កសិករ​ទទួល​បាន​ទិន្នផល​ខ្ពស់​ ប្រាក់​ចំណូល​គាប់​ប្រសើរ​ និង អាច​កាត់​បន្ថយ​ការ​ហូរ​ចូល​នៃ​​បន្លែ​​ពី​ប្រទេស​ជិត​ខាង​បាន​មួយ​ចំនួន​ផង​ដែរ​។​ ​ជាពិសេស​គឺ​​​ជួយ​ថែ​រក្សា​សុខភាព​ប្រជាជន​ខ្មែរ​​ទាំង​មូល​ ​តាម​រយៈ​​ផលិត​ផល​​​បន្លែ​​របស់​ពួក​គាត់​ផង​ដែរ​។​ ​បន្ថែម​លើ​នេះ​ទៀត​ ឯក​ឧត្ដម​បាន​បង្ហាញ​គម្រោង​មួយ​ថា​ ​ពេល​នេះ​ខាង​​អគ្គ​នាយកដ្ឋាន​នៃ​ក្រសួង​​កសិកម្ម​បាន​រៀប​ចំ​ក្នុង​ការ​​​​ផលិត​ពូជ​ដំណាំ​ល្អ​ៗ ​​និង ​ដំឡើង​មន្ទីរ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​​​ធ្វើតេស្ត​រក​សារធាតុ​គីមី​ហាម​ឃាត់​ និង កម្រិត​របស់​វា​នៅ​ក្នុង​បន្លែ​ផង​ដែរ​ ​ដើម្បី​ធានា​អោយ​បាន​នូវ​សុខុមាល​ភាព​ជូន​ប្រជាពលរដ្ឋ​​ខ្មែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ សិក្ខា​សាលា​នេះ​​ប្រារព្ធ​ឡើង​​ក្នុង​គោល​បំណង​​៣​ជា​សំខាន់​៖

-​ទី​១​ គឺ​​លើក​ឡើង​ពី​ស្ថាន​ភាព​ទូទៅ​នៃ​ទី​ផ្សារ​ សក្តានិពល​ និង សុវត្ថិភាព​បន្លែ​។​

-ទី២​ គឺ​ បង្ហាញ​ពី​យុទ្ធសាស្ត្រ​ ​និង គោលនយោបាយ​​លើ​ការ​អនុវត្ត​កសិកម្ម​ GAP ​។​

-ទី​៣​ គឺ​ កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ ដើម្បី​ជំរុញ​វិស័យ​បន្លែ​សុវត្ថិភាព​។​​​ កម្មវិធី​នេះ​​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ ​អគ្គ​នាយកដ្ឋាន​​កសិកម្ម​​ អង្គការ​ ICCO អង្គការ​ Life with Dignity និង​ អង្គការ​ Finn Church Aid (FCA)​។ ដោយបានទទួល​ការ​ឧបត្ថម្ភ​ពីអង្គការ​ ICCO អង្គការ​ Women Bank និង អង្គការ​​ FCA​ ទៀតផង។​​​​​​​​

អត្ថបទ៖ ចន្ថា

អត្ថបទពេញនិយម