កង្វះ​បង្គន់​អនាម័យ បង្ក​បញ្ហា​ច្រើន​នឹក​ស្មាន​មិន​ដល់

  • 2017-04-21 10:03:58
  • ចំនួនមតិ

ចន្លោះមិនឃើញ

នៅ​កម្ពុជា​ ជា​ពិសេស​​​ទី​ជន​បទ តាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ ពុំ​​ទាន់​​​គិត​គូរ​សង់​បង្គន់​អនាម័យ​ប្រើ​ប្រាស់​​នោះ​ទេ ពោល​គឺ​ ការ​បន្ទោបង់​​ប្រព្រឹត្ត​ទៅ​​នៅ​ទី​វាល ឬ​​​ការ​ជីក​ដី​​កប់​នៅទីឆ្ងាយពីផ្ទះ។

រូបថត ៖ អង្គការ​យូនីសេហ្វ

បើ​យោង​តាម​​របាយការណ៍​ របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ក្នុង​ឆ្នាំ​២០១៥ ពលរដ្ឋ​កម្ពុជា​​ចំនួន ៥២.៩% ប៉ុណ្ណោះ​​មាន​បង្គន់​អនាម័យ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ​។ ចំនួន​នេះ បង្ហាញ​ថា​កម្ពុជា​​មាន​តួ​លេខ​ប្រើ​ប្រាស់​បង្គន់​អនាម័យ​ទាប​ជាង​គេ​ ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ាន។

កង្វះ​​​​បង្គន់​អនាម័យ​ជា​​ មូល​ហេតុ​ចម្បង​ ធ្វើ​ឲ្យ​មាន​​​ការ​បំពុល​ដី ខ្យល់​ និង​ទឹក តាម​រយៈ​​ការ​បន្ទោបង់​នៅ​តាម​ព្រៃ ឬ​ទី​វាល។ មិន​ត្រឹម​តែ​បំពុល​ដល់​បរិស្ថាន ហើយ​​​​​​វា​​ក៏​បង្ក​ជា​​ផល​លំបាក​ជា​ច្រើន​ដល់​សុខភាព​មនុស្ស​ផង​ដែរ​​តួ​យ៉ាង​ ការ​ចម្លង​មេរោគ​យ៉ាង​ឆាប់​រហ័ស ដែល​បង្ក​ឲ្យ​​​ រាគ​រូស មាន​ជំងឺ​​ឆ្លង​ផ្សេង​ៗ​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​ រៀន​សូត្រ និង​ការ​រក​ស៊ី និង​ខាត​លុយ​កាក់​ចំណាយ​​លើ​ការ​ព្យាបាល​ផង​ដែរ។

បន្ថែម​ពី​នោះ​ ការ​ពុំ​មាន​បង្គន់​អនាម័យ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ ក៏​បង្ក​ឲ្យ ប្រជាពលរដ្ឋ​មាន​អារម្មណ៍​ខ្មាស​អៀន និង​​អាច​ជួប​បញ្ហា​​​ផ្សេង​ទៀត ពេល​ទៅ​បន្ទោរ​បង់​ក្នុង​ព្រៃ​ ឬ​ទី​ឆ្ងាយ​ពី​ផ្ទះ ដូច​ជា​​​សត្វ​កាច​សាហាវ​​ខាំ ឬ​ការ​បំពាន​លើ​រាង​កាយ​ជា​ដើម​។

ដូច​នេះ ការ​​​​​​​សង់​បង្គន់​អនាម័យ​​​តាម​ផ្ទះ តាម​វត្ត​អារាម និង​សាលា​រៀន ជា​​រឿង​សំខាន់​មួយ​ដែល ប្រជាពលរដ្ឋ​គួរ​យក​ចិត្ត​ទុក​ដាក់។ ទោះ​បី​​ជា​ត្រូវ​ការ​ចំណាយ​ថវិកា​ខ្លះ ប៉ុន្តែ​វា​ជួយ​​ដល់​ អនាម័យ សុខភាព​ បង្ការ​ពី​ហានិភ័យ​​ផ្សេង​ៗ​បាន​យូរ​អង្វែង​៕ ​​​

វីដេអូ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ

វីដេអូ៖ អង្គការ WaterSHED

​​


អត្ថបទ៖ មាន រតនា