កម្មវិធី​បណ្ដាញ​សង្គម​ទាំង ២៣ ដែល​សព្វ​ថ្ងៃ​មនុស្ស​កំពុង​ប្រើប្រាស់​!​

  • 2017-04-23 02:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​មនុស្ស​ជា​ច្រើន និយម​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ដោយ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​នានា​។ កម្មវិធី​មួយ​ចំនួន បាន​បង្កើត​ឡើង​​ទទួល​បាន​ភាព​ល្បី​ល្បាញ​តាំង​ពី​ដំបូង ខ្លះ​ទៀត​ត្រូវ​ផ្អាក​ចោល​នៅ​ពាក់​កណ្ដាល​ទី ហើយ​ខ្លះ​ទៀត​ទើប​តែ​បង្កើត​ថ្មី ដែល​ត្រៀម​ឆក់​យក​បេះដូង​អ្នក​ប្រើប្រាស់​ជុំវិញ​សកល​លោក​។​

ដោយ​ឡែក​ក្នុង​ថ្ងៃ​នេះ Sabay ក៏​សូម​ចែក​រំលែក​នូវ​កំពូល​​បណ្ដាញ​សង្គម​ទាំង ២៣ ដែល​សព្វ​ថ្ងៃ​មនុស្ស​កំពុង​ប្រើប្រាស់​។​

១.​បណ្ដាញ​សង្គម​ Facebook

នរណា​ៗ​ក៏​ប្រើប្រាស់ Facebook ដែល​នេះ​ហើយ​ជា​កត្តា​ធ្វើ​ឱ្យ​បណ្តាញ​សង្គម​ខាង​លើ​ បម្រើ​ការ​ប្រើប្រាស់​របស់​មនុស្ស​ប្រមាណ ១,៥៩ ពាន់​លាន​នាក់ ជា​រៀង​រាល់​ខែ គិត​ត្រឹម​ខែ​ធ្នូ​ឆ្នាំ ២០១៥ ហើយ​មាន​មនុស្ស​ប្រមាណ ១ ពាន់​លាន​នាក់ បាន​ចុច​ប្រើប្រាស់​ប្រចាំ​ថ្ងៃ (នេះ​បើ​យោង​តាម​របាយការណ៍​ពី Facebook ផ្ទាល់​។​) ក្រៅ​ពី​នោះ ក៏​មាន​កម្មវិធី Messenger ដែល​ឈរ​នៅ​លំដាប់​ទី ២ បន្ទាប់​ពី WhatsApp ជាប់​ឈ្មោះ​ជា​កម្មវិធី​ផ្ញើ​សារ​លំដាប់​កំពូល​ក្នុង​លោក​ផង​ដែរ ទន្ទឹម​ពេល​ដែល Facebook បរាជ័យ​ក្នុង​ការ​បោះ​ទុន​ទិញ​យក​បណ្ដាញ​សង្គម Snapchat កាល​ពី​ឆ្នាំ ២០១៣ ។

២. បណ្ដាញ​សង្គម​​ Twitter

Twitter ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កម្មវិធី​បណ្ដាញ​សង្គម​មួយ ដែល​កំណត់​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​បង្ហោះ​ជា​លក្ខណៈ​សារ​ជា​អក្សរ​ត្រឹម​តែ ១៤០ តួ​ប៉ុណ្ណោះ ដោយ​វា​ក៏​ជា​ចំណង់​ចំណូល​ចិត្ត​មួយ​របស់​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​។​ មុខងារ​ពិសេសៗ​ជា​ច្រើន​ នា​ពេល​បច្ចុប្បន្ន​របស់ Twitter ក៏​មិន​ខុស​ពី កម្មវិធី Facebook ប៉ុន្មាន​នោះ​ដែរ​។​

៣. បណ្ដាញ​សង្គម​​ LinkedIn ​​​​​

LinkedIn ជា​បណ្ដាញ​សង្គម​មួយ ដែល​បណ្ដុំ​ទៅ​ដោយ​អ្នក​មាន​វិជ្ជាជីវៈ​ខ្ពស់ ក៏​ដូច​ជា​ទី​តាំង​សម្រាប់​ការ​តភ្ជាប់​ទៅ​នឹង​របរ​ចិញ្ចឹម​ជីវិត​របស់​មនុស្ស​គ្រប់​គ្នា​។ ទាក់​ទង​នឹង Profiles របស់​គណនី​អ្នក​ប្រើប្រាស់ សុទ្ធ​សឹង​តែ​បង្ហាញ​ពី​ បទ​ពិសោធន៍​ការងារ, ចំណេះ​ដឹង​, ការ​ងារ​ស្ម័គ្រ​ចិត្ត, វិញ្ញាបនបត្រ​ និង​ពាន​រង្វាន់​ផ្សេងៗ ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ស្វែង​រក​ការងារ​របស់​ពួក​គេ​ម្នាក់​។​ បន្ថែម​ពី​នោះ​អ្នក​ប្រើប្រាស់​ក៏​អាច​ធ្វើ​ការ​ចែក​រំលែក​នូវ​យោបល់​ពី​មុខ​ជំនួញ​ឫ​អ្វី​ផ្សេង​ទៀត​ តាម​រយៈ​ការ​បង្ហោះ​ផ្សាយ​ជា​លក្ខណៈ​អត្ថបទ​ស្រដៀង​ទៅ​នឹង Facebook ផង​ដែរ​។

៤. បណ្ដាញ​សង្គម Google+

ក្រោយ​ទទួល​ភាព​បរាជ័យ​ជា​ច្រើន​ដង​ ជាមួយ​ Google Buzz និង Google Wave រហូត​ដល់​​ចុង​ឆ្នាំ ២០១៥ ក្រុមហ៊ុន​យក្ស​ Google ក៏​បាន​បង្កើត​ជា​ថ្មី​នូវ​បណ្ដាញ​សង្គម Google+ ដែល​បញ្ចូល​នូវ​មុខងារ​ពិសេសៗ ជា​ច្រើន គួប​ផ្សំ​នឹង​ការ​ប្រមែ​ប្រមូល​នូវ​មធ្យោបាយ​ផ្ដល់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ងាយ​ស្រួល ដល់​អ្នក​ប្រើប្រាស់​ទូ​ទៅ​។

៥.បណ្ដាញ​សង្គម​ YouTube

កន្លែង​ដែល​មនុស្ស​រាល់​គ្នា ទស្សនា​និង​ធ្វើ​ការ​ចែក​រំលែក​វីដេអូ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ YouTube ។ អាច​និយាយ​ថា វា​ជា​ម៉ាស៊ីន​ស្រាវជ្រាវ​លំដាប់​ទី ២ បន្ទាប់​ពី Google ។​ បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ YouTube ក៏​បាន​បង្កើត​នូវ​សេវាកម្ម​ថ្មី​មួយ​ ដែល​ហៅ​បាន​ថា YouTube Red ដែល​វា​ជា​កញ្ចប់​សេវាកម្ម​បិទ​ចោល​រាល់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ ជៀស​វាង​ការ​រំខាន​ក្នុង​ការ​ទស្សនា​វីដេអូ​ផ្សេងៗ​។​

៦. បណ្ដាញ​សង្គម Instagram

បណ្ដាញ​សង្គម​ដែល​ក្រុមហ៊ុន Facebook ទិញ​យក​ក្នុង​ទំហំ​សាច់​ប្រាក់​ប្រមាណ ១ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១២ គឺ Instagram ដោយ​វា​បាន​ប្រែ​ក្លាយ​ជា​បណ្ដាញ​សង្គម​មួយ ដែល​សំបូរ​ទៅ​ដោយ​ការ​ចែក​រំលែក​កម្រង​រូបភាព​ផ្សេងៗ គួប​ផ្សំ​នឹង​វីដេអូ​ខ្លីៗ ជា​ច្រើន​។ យ៉ាងណាមិញ​មក​ទល់​ពេល​នេះ Instagram ក៏​បាន​បង្កើត​កញ្ចប់​សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ផលិតផល​ផង​ដែរ។​

៧. បណ្ដាញ​សង្គម Pinterest

បច្ចុប្បន្ន​មាន​មនុស្ស​ប្រមាណ ១០ លាន​នាក់ បាន​កំពុង​ប្រើប្រាស់​ជា​រៀងរាល់​ខែ នៅ​លើ​បណ្ដាញ​សង្គម Pinterest ដោយ​វា​បាន​ប្រមូល​ចែក​ចាយ​នូវ​កម្រង​រូបភាព​ស្អាតៗ ជា​ច្រើន ប៉ុន្តែ​ចំពោះ​រូបភាព​មួយ​ចំនួន ក៏​តម្រូវ​ឱ្យ​មាន​ការ​ចំណាយ​លុយ​ទិញ ពី​អ្នក​ប្រើប្រាស់​ផង​ដែរ ព្រោះ​មាន​ការ​លក់​ចេញ​ពី​អ្នក​ចែក​ចាយ​រូបភាព​មួយ​ចំនួន​។

៨. បណ្ដាញ​សង្គម​ Tumblr

Tumblr ក៏​ជា​បណ្ដាញ​សង្គម​មួយ ដែល​មាន​ភាព​ស្រដៀង​ទៅ​នឹង​ Pinterest ដែរ ប៉ុន្តែ​ភាគ​ច្រើន​គេ​សង្កេត​ឃើញ​អ្នក​ប្រើប្រាស់ ច្រើន​ជា​មនុស្ស​វ័យ​ជំទង់​និង​មនុស្ស​ពេញវ័យ​។​ អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ កែ​ប្រែ​នូវ​ផ្ទៃ​ Blog របស់​ពួក​គេ បង្កើត​ការ​ផុស​ផ្សេងៗ ក្នុង​គោល​បំណង​ទាក់​ទាញ ការ​ចូលចិត្ត​ពី​សំណាក់​អ្នក​ប្រើប្រាស់​ឯ​ទៀត​ ក្នុង​បណ្ដាញ​សង្គម​តែ​មួយ​។

៩. បណ្ដាញ​សង្គម Snapchat

Snapchat ជា​បណ្ដាញ​សង្គម​ដែល​ទទួល​បាន​ការ​គាំទ្រ​គួរ​សម​នា​ពេល​បច្ចុប្បន្ន​ ដោយ​លក្ខណៈ​ពិសេស​មួយ​របស់​វា គឺ​ត្រូវ​បាន​គេ​ដឹង​ថា​ ក្រោយ​ពេល​ដែល​យើង​ផ្ញើ​ជា​រូបភាព​ឫ​វីដេអូ​ខ្លីៗ​ទៅ​កាន់​មិត្តភ័ក្ដិ​ដែល​ប្រើប្រាស់ បណ្ដាញ​សង្គម​នោះ ក្រោយ​ពេល​ដែល​ពួក​គេ​មើល​ឃើញ​ហើយ​ភ្លាម ប៉ុន្មាន​នា​ទី​ក្រោយ ឯកសារ​ទាំង​នោះ នឹង​ត្រូវ​បាន​លុប​ចោល​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។​ បន្ថែម​ពី​នោះ​វា​ក៏​មាន​មុខងារ Stories ដែល​យើង​ធ្លាប់​តែ​បាន​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម Facebook ទើប​ចាប់​ផ្តើម​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន។​

១០. បណ្ដាញ​សង្គម Reddit

Reddit ជា​បណ្ដាញ​សង្គម​មួយ ដែល​មាន​ការ​រចនា​ផ្ទៃ​គេហទំព័រ​មិន​ជា​ស្អាត​ប្លែក​ភ្នែក​ដូច​ទៅ​នឹង​បណ្ដាញ​សង្គម​ដទៃ​ឡើយ ប៉ុន្តែ​វា​ពោរពេញ​ទៅ​ដោយ​អត្ថប្រយោជន៍​ខ្ពស់​ជា​ទី​បំផុត មនុស្ស​ភាគ​ច្រើន ចូល​ចិត្ត​ធ្វើការ​ចែក​រំលែក​នូវ លីង, រូបភាព​និង​វីដេអូ​ ទៅ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​មួយ ហើយ​មាន​ការ​ចូល​រួម​វែកញែក​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ដទៃ​ទៀត​។​

១១.បណ្ដាញ​សង្គម​ Flickr

Flickr ជា​បណ្ដាញ​សង្គម​មួយ ដែល​នៅ​ក្រោម​ទ្រនុង​គ្រប់គ្រង​របស់ Yahoo ។​ កាល​ពី​ដំបូង​ឡើយ មុន​ Pinterest និង Instagram វាយ​លុក​ចូល Flickr ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត​ ពី​សំណាក់​អ្នក​ប្រើប្រាស់​ ដែល​និយម​បង្ហោះ​រូបភាព បង្កើត​ជា​លក្ខណៈ​ Album និង​បង្អួត​គ្នា​ពី​រូបភាព​ជំនាញ​ផ្សេងៗ ទៅ​កាន់​មិត្តភ័ក្ដិ ។ អ្នក​ប្រើប្រាស់​អាច​បង្ហោះ​រូបភាព​ក្រោម​ទំហំ 1,000GB ដោយ​ឥត​គិត​ថ្លៃ​។​

១២. បណ្ដាញ​សង្គម​ Swarm ដោយ​ Foursquare

Swarm ជា​បណ្ដាញ​សង្គម​មួយ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Foursquare ដោយ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​ចែក​រំលែក​នៅ​ទីតាំង​ដែល​អ្នក​កំពុង​ឈរ ផ្ញើ​សារ​ប្រាប់​ពី​គម្រោង​ផ្សេងៗ​ ដែល​អ្នក​ត្រូវ​ណាត់​ជួប​ជាមួយ​មិត្តភ័ក្ដិ​។

១៣. បណ្ដាញ​សង្គម Kik \

Kik ជា​បណ្ដាញ​សង្គម​ផ្ញើ​សារ​ឥត​គិត​ថ្លៃ ដែល​ពេញ​និយម​បំផុត សម្រាប់​យុវវ័យ​នា​ពេល​បច្ចុប្បន្ន ដោយ​អ្នក​អាច​ធ្វើ​ការ​ផ្ញើ​ជា​កម្រង​រូប GIFs, រូបភាព​និង​វីដេអូ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​។ Kik ក៏​អាច​ធ្វើ​ការ​ស្កេន​កូដ​គណនី​អ្នក​ប្រើប្រាស់​ឯ​ទៀត ពី​ការ​ជំនួស​ដោយ​ស្វែង​រក​ឈ្មោះ ស្រដៀង​ទៅ​នឹង​ Snapcode របស់​ Snapchat ផង​ដែរ។​

១៤. បណ្ដាញ​សង្គម Yik Yak

Yik Yak ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា​បណ្ដាញ​សង្គម​ដ៏​អាថ៌កំបាំង​មួយ ដោយ​ពុំ​មាន​ការ​ Add Friend អ្វី​ដូច​ទៅ​នឹង​បណ្ដាញ​សង្គម​ឯ​ទៀត​ឡើយ ដោយ​វា​មាន​ការ​ផ្ញើ​សារ​ជា​លក្ខណៈ​អនាមិក (Anonymous) ប៉ុន្តែ​ជួន​កាល​ វា​ក៏​អាច​បង្ក​បញ្ហា​មួយ​ចំនួន​ផង​ដែរ​ ដល់​អ្នក​ប្រើប្រាស់​។​

១៥. បណ្ដាញ​សង្គម Shots

Shots ជា​បណ្តុំ​នៃ​ការ​ចែក​រំលែក​រូបភាព​និង​វីដេអូ ដែល​យុវវ័យ​និយម​ប្រើ​បំផុត​ដែរ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ បណ្តាញ​សង្គម​មួយ​នេះ ភាគ​ច្រើន​ពោរពេញ​ទៅ​ដោយ​កម្រង​រូបភាព Selfie ហើយ​ការ​ថត​វីដេអូ​ VHS-Styleប៉ុន្តែ​វា​មិន​បាន​បញ្ចូល​មុខងារ Like និង​ Comment នោះ​ទេ​។

១៦. បណ្ដាញ​សង្គម​ Periscope

Periscope ជា​បណ្ដាញ​សង្គម​ប្រមូល​ផ្ដុំ​ការ​ Live វីដេអូ​ពី​ទូរស័ព្ទ​របស់​អ្នក​​។ អ្នក​ផ្សព្វផ្សាយ​វីដេអូ​អាច​ធ្វើ​ការ​ផ្ញើ​ជា​លក្ខណៈ​សម្ងាត់​ទៅ​កាន់​នរណា​ម្នាក់​ក៏​បាន​។ ប្រិយមិត្ត​អ្នក​ប្រើប្រាស់​អាច​សាកល្បង​ធ្វើ​ការ​បើក​ទៅ​ក្នុង​បណ្ដាញ​សង្គម​នេះ ហើយ​ទស្សនា​វីដេអូ​ Live ជា​ច្រើន​ជុំវិញ​សកល​លោក​។

១៧. បណ្ដាញ​សង្គម​ Medium

Medium អាច​សាក​សម​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​អាន និង​អ្នក​និពន្ធ​។ វា​ស្រដៀង​ទៅ​នឹង Tumblr ប៉ុន្តែ​មុខងារ​​ចែក​ចាយ​ទៅ​កាន់​អ្នក​ដទៃ គឺ​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​នោះ​ទេ​។​ អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​បង្ហោះ​នូវ​ព័ត៌មាន​របស់​ពួកគេ​តាម​រយៈ​រូបភាព​វីដេអូ​ជា​ដើម​។

១៨. បណ្ដាញ​សង្គម SoundCloud

SoundCloud ជា​បណ្ដាញ​សង្គម​លំដាប់ លេខ ១ ខាង​ចែកចាយ​សម្លេង អ្នក​ប្រើប្រាស់​ភាគ​ច្រើន ចូលចិត្ត​ចែក​រំលែក​នូវ​ចម្រៀង​ដែល​ពួក​គេ​បាន​បង្កើត​ដោយ​ផ្ទាល់​ខ្លួន ឫ​សម្លេង​ផ្សាយ​ផ្សេងៗ​ដែល​ពួក​គេ​បាន​ថត​ទុក​។​

១៩. បណ្ដាញ​សង្គម Tinder

Tinder ជា​បណ្ដាញ​សង្គម ដែល​ចាប់​គូ​ឱ្យ​មនុស្ស​រស់​នៅ​ក្នុង​តំបន់​តែ​មួយ អាច​ធ្វើ​ការ​ណាត់​ជួប​គ្នា​បាន​យ៉ាង​ងាយ ប៉ុន្តែ​វា​ក៏​មាន​មុខងារ​ពិសេស​ផ្សេង​ទៀត ដែល​អាច​អនុញ្ញាត​ឱ្យ​មនុស្ស​រស់​នៅ​ក្នុង​ទី​តាំង​ផ្សេង​ពី​គ្នា ធ្វើ​ការ​ភ្ជាប់​ទំនាក់ទំនង​កាន់​តែ​វិសេស​វិសាល​ជាមួយ​គ្នា​ផង​ដែរ​។​

២០. បណ្ដាញ​សង្គម WhatsApp ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ប្រើប្រាស់ WhatsApp អាច​នឹង​ស្គាល់​ច្បាស់​​ពី​មុខងារ​ពិសេសៗ​របស់​វា រួម​មាន ការ​ផ្ញើ​សារ​ជា​សម្លេង​ រូបភាព​ ឯកសារ​ផ្សេងៗ តែ​វា​មាន​សុវត្ថិភាព​និង​សម្ងាត់ ជាង​ប្រព័ន្ធ​ដទៃ ហើយ​ WhatsApp គឺ​តម្រូវ​ឱ្យ​អ្នក​ចុះ​ឈ្មោះ​ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​តែ​ម្តង​។

២១. បណ្ដាញ​សង្គម Slack

Slack ល្អ​បំផុត​សម្រាប់​ការងារ​ជា​ក្រុម ឫ​នៅ​ក្នុង​ស្ថាប័ន​ណា​មួយ សម្រាប់​ការ​ចែក​រំលែក​ឯកសារ​ការងារ​ផ្សេងៗ​ទៅ​កាន់​សមាជិក​រួម​តែ​មួយ បន្ថែម​ពី​នោះ​វា​ក៏​មាន​ការ​ត​ភ្ជាប់​ជាមួយ​សេវា​ពិសេស​សោត​យ៉ាង​ដូច​ជា Dropbox និង Trello ជា​ដើម​។

២២. បណ្ដាញ​សង្គម​ Musical.ly

Musical.ly ជា​បណ្ដាញ​សង្គម សម្រាប់​ចែក​ចាយ​វីដេអូ​ខ្លីៗ ស្រដៀង​ទៅ​នឹង Instagram ដែរ ហើយ​វា​មាន​មុខងារ​កែ​ច្នៃ​វីដេអូ​ មុន​នឹង​បង្ហោះ​ចេញ​ផ្សាយ​។ អ្នក​ប្រើប្រាស់​ក៏​អាច​ធ្វើ​ការ​បង្កើត​វីដេអូ​រួម​គ្នា ជា​លក្ខណៈ​មនុស្ស ២ នាក់​ប្រើប្រាស់​សម្លេង​ចម្រៀង​ ក្នុង​វីដេអូ​តែ​មួយ​​ ដែល​នេះ​ក៏​ជា​មុខងារ​ពិសេស​របស់ Musical.ly ។​

២៣. បណ្ដាញ​សង្គម Peach

Peach ទើប​តែ​ដាក់​ឱ្យ​ប្រើប្រាស់​នា​ដើម​ឆ្នាំ ២០១៦ នេះ ទាក់​ទិន​នឹង​ការ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​កម្រិត​ណា​នោះ គឺ​យើង​មិន​អាច​សន្មត​បាន​នោះ​ទេ ដោយ​ទោះ​បី​ជា Peach មាន​មុខងារ​មួយ​ចំនួន​ពិសេសៗ ក៏​ពិត​មែន ប៉ុន្តែ​វា​បាន​ដើរ​ក្រោយ​គេ​មួយ​ជំហាន​បាត់​ទៅ​ហើយ​។​

អត្ថបទ៖ ប៊ុណ្ណារ៉ា