​គ្រូ​អាស៊ី​អឺរ៉ុប​ មិន​ពេញ​ចិត្ត​ចំពោះ​ដំណឹង​របស់​ FFC មួយ​ ​ទោះ​ឈ្នះ​ប៉ូលិស​យប់​មិញ

  • 2017-04-23 03:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុខ វាសនា គ្រូ​បង្វឹក​ក្រុម​​អាស៊ីអឺរ៉ុប បាន​សំដែង​ការ​​មិន​ពេញចិត្ត​ចំពោះ​​ដំណឹងយឺត​ពេល​​របស់សហព័ន្ធ​បាល់ទាត់​កម្ពុជា (FFC) ​​ដោយ​កូន​ក្រុមរបស់​លោក​ចំនួន​ពីរ​រូប​មិន​​អាច​​លេង​បាន​​ក្នុង​ជំនួប​តទល់​ជា​មួយ​​ក្លឹប​ប៉ូលិស​​ ​ដោយសារ​ជាប់​កាត​​លឿង​ពីរ​​ដង​។

លោក សុខ​ វាសនា

​​អតីត​គ្រូ​ថ្នាល​យុវជន​​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​មិន​បាន​ពេញ​ចិត្ត​​ឡើយ ទោះ​ក្រុម​របស់​​ខ្លួន​យក​ឈ្នះ​ប៉ូលិស​ ២-១ ​ក្នុង​ជំនួប​សប្ដាហ៍​ទី​៨ នៃ​​ក្របខណ្ឌ​លីគ​​កំពូល​កម្ពុជា​កាល​ពី​យប់​មិញ​នេះ​នៅ​​កីឡដ្ឋាន​ស្តាត​ចាស់។ ក្រោយ​ប្រកួត​ចប់​​ភ្លាម​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​សហព័ន្ធ​ផ្ដល់​ដំណឹង​មក​​កាន់​ក្លឹប​កាល​ពី​ព្រឹក​​ម្សិល​មិញ​ពោល​គឺ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​​​ប្រហែល​ជាង១០ម៉ោង​ប៉ុណ្ណោះ ដែល​ការ​ផ្ដល់​ដំណឹង​យឺត​​បែប​នេះ​ធ្វើ​ឲ្យ​លោក​មាន​ការ​លំបាក​រក​កីឡាករ​ផ្សេង​មក​ជំនួស​។

កីឡាករ ជុំ សំបូរ និង​ យ៉ម វណ្ណា របស់​អាស៊ី​អឺរ៉ុប​មិន​បាន​ចូលលេង​ទេ​ក្នុង​ពេល​ជំនួប​ប្រកួត​យប់​មិញ ដោយ​សារ​កាត​លឿង​ចំនួន​ពីរ​ដង​។ លោក​បញ្ជាក់​ថា ដំណឹង​​គួរ​តែ​ផ្ដល់​ឲ្យ​បាន​មុន​ការ​ប្រកួត ​​៣ ឬ​ ៤ ​ថ្ងៃ​ ដើម្បី​ឲ្យ​ក្លឹប​របស់​លោក​បាន​ត្រៀម​កីឡាករ​ផ្សេង​ជំនួស​បាន​ល្អ។

​​​​ក្រោយ​ឈ្នះ​ប៉ូលិស​យប់​​មិញ​ក្រុម​បាល់ទាត់​ អាស៊ីអឺរ៉ុប ​មាន ​៦ ​ពិន្ទុ​ សម្រាប់ ៨ ប្រកួត ស្ថិត​នៅ​លេខ​ ១០ ​​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា។ សប្តាហ៍​ក្រោយ អាស៊ី​អឺរ៉ុប​​នឹង​ត្រូវ​ជួប​​គីរីវង់​សុខ​សែន​ជ័យសម្រាប់​ជំនួបសប្ដាហ៍​ទី​ ៩​ ​​នា​​​ម៉ោង ៣​:០០​នាទី ដែល​នឹង​ធ្វើ​ឡើង​​នៅ​ទីលាន​ក្លិប​គិរីវង់​នៅ​ទីរួម​ខេត្ត​តាកែវ​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​