ទៅឥណ្ឌា ២ ខែ ស្ត្រីធាត់បំផុតលើលោក សម្រកទម្ងន់បានពាក់កណ្ដាល

  • 2017-04-23 04:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ធាត់​ជាង​គេ​បំផុត​ក្នុង​លោក​ សម្រក​ទម្ងន់​បាន​ជាង​ពាក់​កណ្ដាល​ហើយ​ ក្រោយ​ពី​ធ្វើ​ដំណើរ​នៅ​កាន់​ប្រទេស​ឥណ្ឌា​បាន​រយៈ​ពេល ២ ខែ។

អ្នក​ស្រី Eman Ahmed Abd El Aty ​ជា​ជន​ជាតិ​អេហ្ស៊ីប​មាន​ទម្ងន់ ៤៩៩​ គីឡូក្រាម​ ពេល​មក​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​លើក​ដំបូង​ក្នុង​ខែ​កុម្ភៈ។ ទោះ​ជា​បែប​នេះ​ក្ដី គាត់​បាន​សម្រក​អស់ ២៥៤​ គីឡូក្រាម បន្ទាប់​ពី​គ្រូពេទ្យ​ឥណ្ឌា​​បាន​វះកាត់​សម្រក​ទម្ងន់​នៅ​ខែ​មិនា។

ស្ត្រី​វ័យ ៣៧​ ឆ្នាំ​​ ខាង​លើ​បាន​ជិះ​យន្ត​ហោះ​​ដឹក​ទំនិញ​ពី​ប្រទេស​អេហ្ស៊ីប ទៅ​កាន់​ប្រទេស​ឥណ្ឌា​ ដោយ​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​ក្នុង និង​ក្រៅ​ប្រទេស​ជា​ច្រើន​នាក់ ដើម្បី​ស្វែង​រក​ការ​ព្យាបាល​សម្រក​ទម្ងន់ ព្រោះ​គាត់​មិន​អាច​ដើរ​ចេញ​ពី​ផ្ទះ​ជាង​ ២​ទសវត្ស​មក​ហើយ។

បើ​តាម​ប្រភព​ពី​ក្រុម​វេជ្ជបណ្ឌិត​ទីក្រុង​ម៉ុមបៃ ការ​សម្រក​ទម្ងន់​នេះ គឺ​​គេ​បាន​វះកាត់​បង្រួញ​ទំហំ​ក្រពះ​ដោយ​​កាត់​ផ្នែក​ក្រពះ​ខ្លះ​ចោល។ តាម​រយៈ​វីដេអូ​ថ្មី​ចុង​ក្រោយ​ផ្ដល់​ដោយ​មន្ទីរ​ពេទ្យ Saifee Hospital អ្នក​ជំងឺ Abd El Aty ត្រូវ​គេ​ឃើញ​អង្គុយ​សើច​ពេល​កំពុង​ស្ដាប់​តន្ត្រី។

វេជ្ជបណ្ឌិត​ម្នាក់​និយាយ​ថា "​អ្នក​ស្រី​មាន​ទឹក​មុខ​រីករាយ​ជាង​មុន និង​ស្គម​ជាង​មុន។ ពេល​នេះ​គាត់​អាច​អង្គុយ​ត្រូវ​នឹង​កៅអី​រុញ​បាន និង​អង្គុយ​បាន​យូរ​ថែម​ទៀត។ ​មុន​ពេល​វះកាត់ គ្រូពេទ្យ​​បាន​ឲ្យ​សារធាតុ​រាវ​ពិសេស​ម្យ៉ាង​បរិភោគ ដើម្បី​ឲ្យ​ការ​វះកាត់​មាន​ប្រសិទ្ធភាព។

ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​បញ្ជាក់​ថា អ្នក​ស្រី​មាន​ជំងឺ​ធាត់​ដូច​ដំរី Elephantiasis បណ្ដាល​ឲ្យ​អវយវៈ​ត្រូវ​ហើម​ទាំង​អស់​ស្ទើរ​តែ​មិន​អាច​ធ្វើ​ចលនា​រួច។ គាត់​បាន​កើត​ជំងឺ​ជា​ច្រើន​​ជាប់​ខ្លួន​ដូច​ជា​​ មិន​អាច​និយាយ​ច្បាស់ ទឹក​នោម​ផ្អែម លើស​ឈាម និង​គេង​មិន​សូវ​លក់​ជា​ដើម ដោយ​សារ​​ធាត់​ពេក។ ក្រុម​គ្រូពេទ្យ​សង្ឃឹម​ថា អ្នក​ស្រី​នឹង​បន្ត​ស្រក​ទម្ងន់​បន្ថែម​​ទៀត​នា​ពេល​ខាង​មុខ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម