គូស្នេហ៍ថតមាត់សមុទ្រ​ ត្រូវទឹករលក​កួចទម្លាក់ស្លាប់ទាំងពីរ

  • 2017-04-23 09:54:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​ត្រូវ​បាន​គេ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​រហូត​មាន​អ្នក​មើល​ជាង ២លានដង ដោយ​រៀប​រាប់​ពី​គូស្នេហ៍​វ័យ​ក្មេង​មួយ​គូ​ឈរ​ថត​លើ​ដុំ​ថ្ម​មាត់​សមុទ្រ​ត្រូវ​ទឹក​រលក​កួច​ទម្លាក់​បណ្ដាល​ឲ្យ​ស្លាប់​​បាត់​បង់​ជីវិត​ទាំង​ពីរ​នាក់។

បុរស​ជា​ជន​រងគ្រោះ​ត្រូវ​គេ​ដឹង​ថា​មាន​អាយុ ២៤​ឆ្នាំ ​ចំណែក​នារី អាយុ ១៩​ ឆ្នាំ​ បាន​បបួល​គ្នា​ថត​កម្សាន្ត​នៅ​មាត់​សមុទ្រ​នៃ​ឆ្នេរ Rio Das Ostras Blue Coast ប្រទេស​ប្រេស៊ីល កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

មុន​កើត​ហេតុ ពួក​គេ​ឈរ​នៅ​គែម​ដុំ​ថ្ម​​មាត់​ទឹក ស្រាប់​តែ​​មាន​រលក​ធំ​ៗ​បក់​ផ្ទប់​​ភ្លាម​ៗ​ទាញ​អ្នក​ទាំង​ធ្លាក់​ទឹក រួច​រលក​រុញ​ច្រាន​ជន​រងគ្រោះ​ផ្ទប់​នឹង​ដុំ​ថ្ម​គួរ​ឲ្យ​វេទនា ខណៈ​អ្នក​ទី​ ៣​ ឈរ​​ថត​បាន​ត្រឹម​តែ​ស្រែក​ឲ្យ​គេ​ជួយ។

នារី​រងគ្រោះ​ត្រូវ​បាន​គេ​ស្រង់​ឡើង​គោក រួច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​តែ​បាន​ដាច់​ខ្យល់​ស្លាប់ ចំណែក​​​បុរស​ជា​ជនរងគ្រោះ​មិន​ត្រូវ​បាន​គេ​រក​ឃើញ​ឡើយ រហូត​រយៈពេល ៤ថ្ងៃ​ក្រោយ​ទើប​សព​អណ្ដែត​ឡើង៕ សូម​ទស្សនា​វីដេអូខាង​ក្រោម៖

អត្ថបទ៖ ឡេង ភារុណ

ប្រភព៖ documentingreality