ភ្លៀង​កក់​ខែ លាយ​​​ខ្យល់​កន្ត្រាក់ ឆក់​យក​ជីវិត​មនុស្ស​ និង​បង្ក​​​​ការ​ខូច​ខាត​​ច្រើន​កន្លែង

  • 2017-04-24 01:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​ធម្មជាតិ​ ភ្លៀង​កក់​ខែ​លាយ​ឡំ​និង​ខ្យល់​​កន្ត្រាក់​​បោក​បក់ បាន​បង្ក​​​​ការ​ខូច​ខាត​សាលា និង​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​​។

​តាម​​​ការ​ផ្សព្វ​ផ្សាយ​ របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​ អគារ​សិក្សា​១​ខ្នង​ នៃ​វិទ្យាល័យ​តេជោ ហ៊ុន សែន​សួង ខេត្ត​ត្បូង​ឃ្មុំ​ ត្រូវ​ខ្យល់​វាយ​របើក​ដំបូល​ កាល​ពី​ថ្ងៃ​​ទី​ ២៣ មេសា​ ឆ្នាំ​២០១៧​កន្លង​ទៅ។

ដោយ​ឡែក​ គ្រោះ​ធម្មជាតិ​​​ដដែល​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ បាន​​សម្លាប់​មនុស្ស​​១​នាក់ និង​​៣​នាក់​រង​របួស​ ហើយ​ផ្ទះ​១៤​ខ្នង​ ដួល​រលំ​​រាប​ដល់​ដី។​ បន្ថែម​ពី​នោះ អគារ​វិទ្យាល័យ​ ១​ខ្នង​ និង​ផ្ទះ ៨០​ខ្នង​​ របើក​ដំបូល​ ដោយ​សារ​ភ្លៀង​កក់​ខែ និង​ខ្យល់​កន្ត្រាក់​នោះ​ផង​ដែរ​ នា​ថ្ងៃ​២៣​ មេសា​ ២០១៧ ក្នុង​ភូមិ​សាស្ត្រ​​ស្រុក​ជាំ​ក្សាន្ត។

ដោយ​ឡែក​ ខេត្ត​កំពង់​ចាម​ ភ្លៀង​កក់​ខែ និង​ខ្យល់​កន្ត្រាក់​ បាន​កើត​​នៅ​ភូមិ​សាស្ត្រ​​ស្រុក​ចម្ការ​លើ នា​រសៀល​ថ្ងៃ ២២​ មេសា ២០១៧។ គ្រោះ​ធម្មជាតិ​នេះ បាន​បង្ក​​ឲ្យ​​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ចំនួន​៧​ខ្នង នៅ​ក្នុង​ឃុំ​ស្តី និង​ ២​ខ្នង​ផ្សេង​ទៀត នៅ​ក្នុង​ឃុំ​ស្វាយ​ទាប រង​ការ​ខូច​ខាត៕ ​​​

អត្ថបទ៖ មាន រតនា

រូបភាព៖ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​